ដោយៈ បូកគោ / កំពត: គូស្វាមីភរិយា បានស្លាប់ជាបន្តបន្ទាប់ ដោយសាររថយន្តបុក ពេលកំពុងជិះម៉ូតូឌុបគ្នា នៅលើកំណាត់ផ្លូវជាតិលេខ៣១ កាលពីព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិព្រៃផ្តៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ។
លោក ទូច ចន្ធី អធិការរងនគរបាល ស្រុកអង្គរជ័យ បានប្រាប់ឱ្យដឹងថាៈ ជនរងគ្រោះ ជាប្តីឈ្មោះ ស្វាយ ចំរើន អាយុ ៣២ឆ្នាំ។ ចំណែកប្រពន្ធ ឈ្មោះ ង៉ែត កប អាយុ ២៨ឆ្នាំ។ ទាំងពីរនាក់ មានលំនៅ នៅភូមិភ្នំត្នោត ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។
ដោយស្រង់ប្រភព ពីកន្លែងកើតហេតុ លោកអធិការរង បានរៀបរាប់ថាៈ មុនគ្រោះថ្នាក់កើតឡើង គេឃើញជនរងគ្រោះ ជិះម៉ូតូឌុបគ្នា លើផ្លូវជាតិលេខ៣១ ក្នុងទិសដៅពីខាងជើង ទៅខាងត្បូង។ លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត មួយគ្រឿង បើកមកពីមុខ ដោយល្បឿនយ៉ាងលឿន ហើយបុកម៉ូតូ ពេញទំហឹង បណ្តាលឱ្យម៉ូតូដួល និងអ្នកជិះ ខ្ទាតរដូករណែល លើដងផ្លូវ។
លោក ទូច ចន្ធី បានបញ្ជាក់ថាៈ ក្នុងស្ថានភាពបែបនោះ រថយន្ត មិនបានឈប់ទេ ដោយបន្ថែមល្បឿន បើកគេចបាត់ភ្លាមៗ។ លុះអ្នកជិតខាង ចូលទៅជួយ ស្រាប់តែឃើញអ្នកទាំងពីរ បានស្លាប់ ជាបន្តបន្ទាប់ នៅនឹងកន្លែងកើតហេតុតែម្តង៕/V