Home ព័ត៌មានជាតិ សន្តិសុខ ប៉ូលិស​ប្រឆាំ...

ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​ខេត្ត បញ្ជូន​អ្នកបើកបរ​រថយន្ត ១៦​នាក់ ដែល​ធ្វើតេស្ត​រកឃើញ​មាន​សារធាតុ​ញៀន ទៅ​តុលាការ​

ដោយៈ គ្រញូង / បាត់ដំបងៈ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កុយ ហៀ​ង ស្នងការរង​ទទួល​ការងារ ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ប្រាប់​អ្នកយកព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​ថាៈ ចំពោះ​អ្នកបើកបរ​រថយន្ត ពេលយប់ ថ្ងៃទី​១៩ កុម្ភៈ ដែល​សមត្ថកិច្ច ចាប់ធ្វើ​តេស្ដ​ទឹកនោម រកឃើញ​មាន​សារធាតុ​ញៀន ចំនួន ១៦ នាក់ ក្នុងចំណោម​អ្នកបើកបរ រាប់រយ​នាក់ ត្រូវ​កម្លាំង​ការិយាល័យ ប្រឆាំង​គ្រឿងញៀន កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការខេត្ត​។​

​លោក​ស្នងការរង បាន​ឲ្យ​ដឹង​បន្តថាៈ នេះ​ជា​លើក​ទី​២ ហើយ​ដែល​មន្ត្រី​ជំនាញ បាន​បញ្ជូន​ក្រុម​តៃកុង​ឡាន​ទាំងនេះ ទៅ​តុលាការ​។ កាលពី​លើក​ទី​១ នៅ​យប់​ទី​១៧ ខែកុម្ភៈ កន្លងទៅនេះ កម្លាំង​សមត្ថកិច្ច ចម្រុះ​ដឹកនាំ​ដោយ​លោក ណុប ដា​រ៉ា អភិបាលរង​ខេត្ត និង​រូបលោក ចុះ​ប្រតិបត្តិការ​ត្រូតពិនិត្យ លើ​អ្នកបើកបរ យានយន្ត នៅពេល​យប់ នៅលើ​ដងផ្លូវ​ជាតិ​លេខ​៥៧ នៅ​ចំណុច​ភូមិ​អូរ​ដំបង ឃុំ​អូរ​ដំបង ២ ស្រុក​សង្កែ ដើម្បី​ធ្វើតេស្ដ​ទឹកនោម រក​សារធាតុ​ញៀន ដោយ​ធ្វើការ​ត្រូតពិនិត្យ លើ​យានយន្ត គ្រប់​ប្រភេទ បាន​ចំនួន ១៩៩ គ្រឿង និង​បានធ្វើ​តេស្ដ​ទឹកនោម លើ​អ្នកបើកបរ និង​អ្នកដំណើរ​ដទៃទៀត ចំនួន ២៤៨ នាក់ ហើយ​បាន​រកឃើញ អ្នកបើកបរ យានយន្ត ចំនួន ១៦ នាក់ មាន​ផ្ទុក​នូវ​សារធាតុ​ញៀន​។​

​ជាមួយនឹង​ការរកឃើញ​បទល្មើស របស់​អ្នកបើកបរ​យានយន្ត មាន​សារធាតុ​ញៀន​នេះ សមត្ថកិច្ច ក៏បាន​ឃាត់​រថយន្ត ចំនួន ១១ គ្រឿង និង​ម៉ូតូ ចំនួន ៣ គ្រឿង ដើម្បី​យកទៅ​រក្សាទុក បណ្ដោះអាសន្ន ផងដែរ​។ ប្រជាពលរដ្ឋ បាន​ស្វា​គម​ន៏ ពេញទំហឹង ចំពោះ​កិច្ចប្រតិបត្តិការ ស្វែងរក​សារធាតុ​ញៀន ចំពោះ​អ្នកបើកបរ យានយន្ត នៅពេល​យប់​នេះ​។​

​លោក​ស្នងការរង បានបញ្ជាក់​ថាៈ ដោយសារ​តុលាការ មិនទាន់​បញ្ចប់​ការសាកសួរ ទើបបាន​ត្រូវបញ្ជូន​ជា​លើក​ទី​២ នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១ បន្តទៀត​។

លោក​កុយ ហៀ​ង បានបញ្ជាក់​ថាៈ ក្រុម​អ្នកបើកបរ ក្រោម​ឥទ្ធិពល​គ្រឿងញៀន​ទាំងនេះ មាន​មួយចំនួន ជា​អ្នកបើកបរ រថយន្ត​ក្រុមហ៊ុន ដឹក​អ្នកដំណើរ ពេលយប់ ហើយ​ពួកគេ អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ ប្រសិនបើ​តុលាការ រកឃើញថា មាន​កំហុស​បំពាន​ច្បាប់​ធ្ងន់ធ្ងរ​។​

​លោក​វរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក បាន​ឲ្យ​ដឹងថាៈ អ្នកបើកបរ ក្រោម​ឥទ្ធិពល​គ្រឿងញៀន ទាំង ១៦ នាក់​នោះ រួមមានៈ ១- ឈ្មោះ ឈុំ ធា​រាជ អាយុ​៣២​ឆ្នាំ , ២- ឈ្មោះ ធន លី​ហុង អាយុ ២៥ ឆ្នាំ , ៣- ឈ្មោះ ស ចាន់​ដេ​ត អាយុ​៣៦​ឆ្នាំ​, ៤-​ឈ្មោះ ឡុង ដា​រ៉ា អាយុ​២៩​ឆ្នាំ​, ៥-​ឈ្មោះ ស៊ីម ពិសិដ្ឋ អាយុ​២៣​ឆ្នាំ​, ៦-​ឈ្មោះ មៀន សារុន អាយុ​២៥​ឆ្នាំ​, ៧-​ឈ្មោះ សៀន វាសនា អាយុ​២៨​ឆ្នាំ​, ៨-​ឈ្មោះ ឌុល ឌឿ​ន អាយុ​៣២​ឆ្នាំ​, ៩-​ឈ្មោះ សេង សុ​បុត្រា អាយុ​២៣​ឆ្នាំ​, ១០-​ឈ្មោះ សឿន គឹមអេង អាយុ​១៩​ឆ្នាំ​, ១១-​ឈ្មោះ មន ភារ​ម្យ អាយុ​៣០​ឆ្នាំ​, ១២-​ឈ្មោះ អ៊ុយ ច​ន អាយុ​២២​ឆ្នាំ​, ១៣-​ឈ្មោះ ឆន សួ អាយុ​៣១​ឆ្នាំ ១៤- ឈ្មោះ មឿ​ន ប៊ុន​ធូ អាយុ​៣១​ឆ្នាំ​, ១៥- ឈ្មោះ ម៉ា ទីន អាយុ​២៨​ឆ្នាំ និង​១៦- ឈ្មោះ រី​ម ទត អាយុ ២៨ ឆ្នាំ ៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular