សមាគម TYDA ចុះ​អប់រំ​ផ្សព្វផ្សាយ​អំពី​វិធានការ នៃ​ការ​ចម្លងជំងឺ​កូ​វីដ​-១៩ និង​អប់រំ​សុខភាព​មាត់​ធ្មេញ​ដល់​សិស្ស​អនុវិទ្យាល័យ​ទួល​ស្នោរ

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន​សម្តេច​តេ​ជោ​(TYDA) បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​អំពី​វិធានការ​នៃ​ការ​ចម្លងជំងឺ កូ​វីដ​-១៩ និង​អប់រំ​សុខភាព​មាត់​ធ្មេញ ដល់​សិស្សានុសិស្ស​សរុប​ចំនួន​២៨៦​នាក់ និង​លោកគ្រូ​អ្នកគ្រូ​ចំនួន​២៥​នាក់ ស្ថិតក្នុង​អនុវិទ្យាល័យ ទួល​ស្នោរ ភូមិ​ស្នោរ​កើត សង្កាត់​ស្នោរ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។

​តាមរយៈ​បេសកកម្ម​ថ្មី​គឺ TYDA ចុះ​តាម​សាលារៀន ដែលជា​កម្មវិធី​អប់រំ​សុខភាព ដោយ​ផ្ដោតលើ​សុខភាព​មាត់​ធ្មេញ អនាម័យ​សុវត្ថិភាព​អាហារ​ក្នុង​សាលា និង​វិធានការ​នៃ​ការ​ចម្លងជំងឺ កូ​វីដ​-១៩ ដោយ​អនុវត្ត​៣​ការពារ គឺ​ពាក់​ម៉ាស លាងដៃ​អោយ​ញឹកញាប់ គម្លាត​សុវត្ថិភាព​សង្គម និង​៣​កុំ​គឺ កុំ​ចូលទៅ​កន្លែង​បិទ​គ្មាន​ខ្យល់​ចេញចូល កុំ​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក កុំទៅ​កន្លែង​មនុស្ស​ច្រើន​កោះករ​កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា អ្នកមាន​ជំងឺ​ផ្តាសាយ​ឬ​សង្ស័យថា​មាន​ជំងឺ​កូ​វីដ​-១៩​។

​គណៈ​គ្រប់គ្រង​សាលា លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស បាន​គោរព​ថ្លែង អំណរគុណ​ដ៏​ជ្រាលជ្រៅ ចំពោះ​លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ និង​ក្រុមការងារ​គ្រូពេទ្យ​សមាគម TYDA ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ ការសិក្សា​រស់នៅ និង​សុខភាព​របស់​សិស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ នៅទីនេះ​។

​នាឱកាស​នោះ ក្រុមការងារ​បានផ្តល់​ជូនអំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​សាលា​បឋម សិក្សា និង​អនុវិទ្យាល័យ​ទួល​ស្នោរ ទទួលបាន ឈុត​ថ្នាំ​ច្រាស​ដុសធ្មេញ​ចំនួន ១,៣៣៨ ប្រអប់ សៀវភៅ ២៤០​ក្បាល និង​ប៊ិច​ចំនួន ២៤០ ដើម និង​សិស្សានុសិស្ស​ម្នាក់ៗ​ទទួលបាន​សៀវភៅ​១​ក្បាល ប៊ិច​១ ដើម និង​ឈុត​ច្រាស​ថ្នាំដុសធ្មេញ​២ ។

​សូមបញ្ជាក់ថា នេះ​គឺជា​បេសកកម្ម​ថ្មី​មួយទៀត របស់​សមាគម​TYDA ចុះ​តាម​សាលារៀន ដើម្បី​អប់រំ​សុខភាព​ទូទៅ ជំងឺ​មាត់​ធ្មេញ និង​ពិនិត្យ​ព្យាបាល​ជំងឺ​មាត់​ធ្មេញ​ជូន​ដល់​ក្មួយៗ សិស្សានុសិស្ស​។ ជាក់ស្ដែង​នៅថ្ងៃនេះ បាន​អប់រំ​ផ្សព្វផ្សាយ​អំពី​វិធានការ​នៃ​ការចម្លង​ជំងឺ កូ​វីដ​-១៩ នឹង​អប់រំ​សុខភាព​មាត់​ធ្មេញ ជូន​ដល់​សិស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ​សរុប​ចំនួន​៣០១​នាក់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular