Home ព័ត៌មានសំខាន់ៗ សម្តេចពិជ័យសេ...

សម្តេចពិជ័យសេនា : កងទ័ពបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ព្រោះកងទ័ពជាអ្នកមានហានិភ័យខ្ពស់

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបញ្ជាក់ថា សម្តេចមានមោទនភាព និងសប្បាយចិត្តយ៉ាងខ្លាំងដែលកងទ័ពបានចាក់ វ៉ាក់សាំងបង្ការកូវីដ១៩ ព្រោះកងទ័ពជាអ្នកមានហានិភ័យខ្ពស់ នៃការឆ្លងជំងឺដ៏កាចសាហាវនេះ។ សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះសុខុមាលភាពរបស់កងទ័ព ដែលជាអ្នកជួរមុខជួយដល់ប្រជាពលរដ្ឋ និងជាតិទាំងមូល ដោយ សម្តេចតេជោ បានអនុញ្ញាតឲ្យកងទ័ពក្នុងក្របខណ្ឌក្រសួងការពារជាតិទទួលបានវ៉ាក់សាំង ដែលជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ៣០ ម៉ឺនដូស។

ការបញ្ជាក់របស់សម្តេចពិជ័យសេនា ទៀ បាញ់ នៅក្នុងការអញ្ជើញជាអធិបតីក្នុងយុទ្ធនាការចាក់វាក់វ៉ាក់សាំងបង្ការកូវីដ១៩ ជូនចំពោះ នាយ នាយរង ពលទាហាន និងនគរបាល ការពារព្រំដែនគោកនិងទឹក ប្រចាំការជួរមុខ ទិសយោធភូមិភាគទី៣ នៅក្នុងខេត្តកោះកុង កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ។

សម្តេចពិជ័យសេនាបានពិនិត្យដោយផ្ទាល់នូវសកម្មភាពចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ទៅលើនាយ ពលទាហាន និងនគរបាល ការពារព្រំដែន ដែលជាអ្នកជួរមុខក្នុងការការពារ ទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ យុទ្ធនាការចាក់វ៉ាក់សាំងនេះ ធ្វើឡើងចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ខែកុម្ភៈ ដោយចាក់ទៅលើនាយ ពលទាហាន និងនគរបាល ការពារព្រំដែន នៅទិសយោធភូមិភាគទី ៣ ប្រមាណ ១២០០ នាក់។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ទៀតថា ការចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់នាយ ពលទាហាននិងនគរបាលការពារព្រំដែនជួរមុខ នៅក្នុងខេត្តកោះកុង នៅពេលនេះ គឺជាការឈ្វេង យល់បន្ថែមពីដំណើរការចាក់វ៉ាក់សាំងទៅលើកងទ័ព ដើម្បីរៀបចំឲ្យបានល្អប្រសើរនិងដំណើរការចាក់ទៅដោយរលូន ព្រមទាំងបានលឿន សម្រាប់យុទ្ធនាការចាក់នៅតាមទីកន្លែងដទៃទៀត។

សម្តេចពិជ័យសេនា បញ្ជាក់ថា នៅថ្ងៃនេះ វ៉ាក់សាំងបង្ការកូវីដ១៩ បានដឹកផ្លូវឆ្ងាយចេញពីរាជធានីភ្នំពេញជាលើកដំបូង ដោយមានការរៀបចំបានល្អតាមបទដ្ឋានសុខាភិបាល និងរក្សាបាននៅប្រសិទ្ធភាពដដែល ដែលជាជំហាននិងជាបទពិសោធន៍សម្រាប់ដឹកទៅចាក់ជូនទាហាននៅខេត្តផ្សេងៗទៀត បន្ទាប់ពីការចាក់នៅខេត្តកោះកុងនេះរួច។

សូមបញ្ជាក់ថា រដ្ឋាភិបាលចិន បានប្រកាសផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ចំនួន ១ លានដូស ជូនកម្ពុជា ក្រោយពីមានសំណើ រដ្ឋមន្រ្តីការពារជាតិកម្ពុជាសម្តេចពិជ័យសេនា ទៀ បាញ់ ទៅកាន់រដ្ឋមន្រ្តីក្រសួង ការពារជាតិចិន។ កាលពីថ្ងៃទី ៧ ខែកុម្ភៈ វ៉ាក់សាំងរបស់ចិន Sinopharm បានដឹកមកដល់កម្ពុជាដំណាក់កាលដំបូងចំនួន ៦០ ម៉ឺនដូស ហើយក្នុងចំណោ មនេះត្រូវបានបែកចែកសម្រាប់ចាក់ជូនកងទ័ពក្រសួងការពារ ជាតិចំនួន ៣០ ម៉ឺនដូស។ ការចាក់វ៉ាក់សាំងដល់កងយោធ ពលខេមរភូមិន្ទ បានចាប់ផ្តើមតាំងពីថ្ងៃទី ១០ ខែកុម្ភៈ នៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ និងចាក់ជូនកងទ័ពនៅខេត្តកោះកុងលើក ដំបូងនៅថ្ងៃទី ២០ ខែកុម្ភៈនេះ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular