Home ព័ត៌មានសំខាន់ៗ ២​នាក់​ស្លាប់...

២​នាក់​ស្លាប់​នៅ​ពេល​ប៉ូលិស​មី​យ៉ាន់​ម៉ា​បាញ់​លើ​អ្នក​ប្រឆាំង​តវ៉ា​

​ប្រែ​សម្រួលៈ​វាសនា​/​យ៉ាងហ្គោន​៖​មនុស្ស​២​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ទីក្រុង​ធំ​បំផុត​ទី​២​របស់​មី​យ៉ាន់​ម៉ា នៅពេល​កងកម្លាំង​សន្តិសុខ​បាញ់​គ្រាប់​ពិត​លើ​អ្នក​ប្រឆាំង​តវ៉ា នេះ​បើ​តាម​បុគ្គលិក​សង្គ្រោះ​​បន្ទាន់​និង​ក្រុម​គ្រូពេទ្យ​បាន​បញ្ជាក់​កាលពី​ថ្ងៃ​សៅរ៍​។​

​នៅ​ក្រុង​ម៉ាន់​ដា​ឡេ​កាលពី​ថ្ងៃ​២០​កុម្ភៈ ការ​ឆ្មក់​ចូល​បង្ក្រាប​នៅ​កន្លែង​ជួសជុល​នាវា​មួយ​បាន​ប្រែជា​ហិង្សា​បន្ទាប់ពី​អ្នក​ប្រឆាំង​តវ៉ា​បាន​ព្យាយាម​រារាំង​ការចាប់ខ្លួន​បុគ្គលិក​នៅ​ទីនោះ​។​ពួក​កម្មករ​បាន​​ចោល​ដុំថ្ម នាំ​អោយ​កម្លាំង​សន្តិសុខ​បាញ់​ដោយ​នាំ​អោយ​ពួក​បាតុករ​រត់​គេច​ទាំង​ភិតភ័យ​។​

​ហ្លាំង មីន អ៊ូ ប្រធាន​ក្រុម​ស្ម័គ្រចិត្ត​សង្គ្រោះបន្ទាន់​នៅ​ម៉ាន់​ដា​ឡេ បាន​និយា​ថា​« មនុស្ស​២​នាក់​ត្រូវបាន​សម្លាប់​»​។​

​ការស្លាប់​នេះ​ក៏​ត្រូវ​បាន​បញ្ជាក់​ដោយ​បុគ្គលិក​សង្គ្រោះបន្ទាន់​ម្នាក់​ទៀត​នៅ​កន្លែងកើតហេតុ​ផងដែរ​។​

​យោង​តាម​បុគ្គលិក​ពេទ្យ​និង​លោក​ហ្លាំង មីន អ៊ូ មនុស្ស​៣០​នាក់​ទៀត​ក៏​បាន​រងរបួស​ផងដែរ ដោយ​ប្រមាណ​ពាក់កណ្តាល​រងរបួស​ដោ​យ​ត្រូវ​គ្រាប់កាំភ្លើង​ពិត​។​

​ការប្រើ​គ្រាប់កាំភ្លើង​ពិត​ក៏​ត្រូវបាន​រាយការណ៍​ដោយ​ពួក​វេជ្ជបណ្ឌិត​និង​អ្នកធ្វើការ​នៅ​កន្លែងកើតហេតុ​។​

​សារព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​ថា មនុស្ស​ជាង​ដប់​នាក់​ត្រូវបាន​ចាប់ខ្លួន​ក្រោយ​ការប៉ះទង្គិច​។​

​ការប៉ះទង្គិច​នៅ​ម៉ាន់​ដា​ឡេ កើត​ឡើង​នៅ​ពេល​ប្រទេស​កំពុង​កាន់ទុក្ខ​ការស្លាប់​របស់​អ្នកប្រឆាំង​តវ៉ា​អាយុ​២០​ឆ្នាំ​ម្នាក់ ដែល​ត្រូវ​បាញ់​ចំក្បាល​កាលពី​សប្តាហ៍​មុន​នៅ​រដ្ឋធានី​ណៃ​ពីដោរ​។​

​កាលពី​ថ្ងៃ​សៅរ៍ មនុស្ស​រាប់ពាន់​នាក់​បាន​ជួបជុំ​នៅ​ផ្លូវបំបែក​នៃ​ក្រុង​យ៉ាងហ្គោន តែ​ហ្វូង​មនុស្ស​តវ៉ា​នេះ​ទំនងជា​តូច​ជាង​ការជួបជុំ​មុនៗ​។​

​ប្រតិកម្ម​នឹង​ការបាញ់​នៅ​ក្រុង​ម៉ាន់​ដា​ឡេ តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប​លោក​ចូសេប ប័រ​រ៉ែល បាន​សរសេរ​បង្ហោះ​ថា លោក​សូម​ថ្កោលទោស​អំពើហិង្សា​នេះ​និង​«​ខ្ញុំ​អំពាវនាវ​អោយ​យោធា​និង​កង​​កម្លាំង​សន្តិសុខ​នៅ​មី​យ៉ាន់​ម៉ា​ឈប់​ប្រើ​អំពើហិង្សា​ប្រឆាំង​ជន​ស៊ីវិល​»​។​

​សិង្ហ​បុរី ដែល​ជា​អ្នកវិនិយោគ​ធំ​នៅ​មី​យ៉ាន់​ម៉ា បាន​និយាយថា «​វា​គួរ​អោយ​ស្រងាកចិត្ត​។​ការប្រើ​សព្វាវុធ​សម្លាប់​មនុស្ស​លើ​ជន​ស៊ីវិល​គ្មាន​អាវុធ ជា​ករណី​មិន​អាច​លើកលែង​ទោស​បាន​។​បើ​សភាពការណ៍​​ប្រែជា​ដុនដាប់​ទៅ នឹង​មាន​ផលវិបាក​អាក្រក់​សំរាប់​មី​យ៉ាន់​ម៉ា និង​តំបន់​»៕

​ប្រភព​ព័ត៌មាន​ចេញពី​មន្ទីរពេទ្យ​អះអាងថា មនុស្ស​៣០​នា​ក់រងរបួស​ក្នុង​ការប៉ះទង្គិច​កាលពី​ថ្ងៃ​សៅរ៍​

​មនុស្ស​រាប់ពាន់​នាក់​ចេញ​មក​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​ជាថ្មីទៀត​កាលពី​ថ្ងៃ​សៅរ៍​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular