ប្រែសម្រួលៈវាសនា/ម៉ាន់ដាឡេ៖ប៉ូលិសមីយ៉ាន់ម៉ាបានចាប់ខ្លួនតារាសម្តែងល្បីឈ្មោះមួយរូប ដោយសារតែគាត់គាំទ្រក្រុមប្រឆាំងនឹងរដ្ឋប្រហារយោធា នេះបើតាមការបញ្ជាក់អះអាងពីភរិយារបស់លោកកាលពីថ្ងៃអាទិត្យនៅពេលប៉ុន្មានម៉ោងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា មនុស្ស២នាក់បានស្លាប់ដោយការបង្ក្រាបរបស់ប៉ូលិស និងទាហានបាញ់បំបែកហ្វូងបាតុកម្មនៅក្រុងម៉ាន់ដាឡេ។
អំពើហិង្សានៅក្រុងម៉ាន់ដាឡេ ដែលជាទីក្រុងធំបំផុតទី២នៅមីយ៉ាន់ម៉ាកាលពីថ្ងៃសៅរ៍ ជាការបង្ហូរឈាមធំបំផុតចាប់តាំងពីយោធាធ្វើរដ្ឋប្រហារកាលពីថ្ងៃ០១កុម្ភៈ ដែលបង្កអោយមានបាតុកម្មមហាជននៅទីក្រុងនានាទូទាំងប្រទេស ដើម្បីទាមទារការបញ្ចប់ការគ្រប់គ្រងយោធានិងដោះលែងអ្នកត្រូវបានចាប់ខ្លួន។
បាតុកម្មនិងយុទ្ធនាការមិនគោរពច្បាប់សង្គមដូចជាកូដកម្មការងាររបស់អ្នករដ្ឋការស៊ីវិលមិនបានថមថយទេ ដោយពួកប្រឆាំងរដ្ឋប្រហារមិនសូវជឿការសន្យារបស់ក្រុមយោធាថានឹងរៀបចំការបោះឆ្នោតមួយហើយប្រគល់អំណាចអោយអ្នកឈ្នះ។
សិល្បករ លូ មីន ស្ថិតចំណោមតារា៦រូបដែលយោធាមីយ៉ាន់ម៉ាតាមរកចាប់ខ្លួន នៅក្រោមច្បាប់ប្រឆាំងការញុះញង់អោយបុគ្គលិករដ្ឋការស៊ីវិលចូលរួមការប្រឆាំងតវ៉ា។ការចោទប្រកាន់នេះអាចមានទោសជាប់គុក២ឆ្នាំ។
លូ មីន បានចូលរួមក្នុងបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារជាច្រើននៅក្នុងយ៉ាងហ្គោន។
ភរិយារបស់លោក បាននិយាយក្នុងវីដេអូបង្ហោះក្នុងទំព័រហ្វេសប៊ុកថា ប៉ូលិសបានមកកាន់ផ្ទះរបស់គេនៅយ៉ាងហ្គោននិងបាននាំប្តីរបស់នាងយកទៅ។«ពួកគេបានរុញទ្វារនិងនាំគាត់យកទៅ ដោយមិនប្រាប់ថាយកទៅណាទេ។ខ្ញុំមិនអាចរារាំងពួកគេបានទេ និងពួកគេក៏មិនប្រាប់ខ្ញុំដែរ»។
ក្រុមសកម្មជនមួយឈ្មោះថាសមាគមជំនួយសំរាប់អ្នកទោសនយោបាយ បាននិយាយកាលពីថ្ងៃសៅរ៍ថា មនុស្ស៥៦៩នាក់ត្រូវបានចាប់ខ្លួនចាប់តាំងពីរដ្ឋប្រហារមក៕
សិល្បករ លូ មីន ជាអ្នកគាំទ្រក្រុមប្រឆាំងរដ្ឋប្រហារ។លោកស្ថិតចំណោមតារា៦រូបដែលយោធាមីយ៉ាន់ម៉ាតាមរកចាប់ខ្លួន