ដោយ:ប.ជ័យ / បន្ទាយមានជ័យ:រថយន្តនិងម៉ូតូសណ្តោងលួចដឹកជ្រូកចំនួន ១៩ក្បាល ចេញពីថៃតាមច្រករបៀងនៃព្រំដែនកម្ពុជា ថៃ សមត្ថកិច្ចស្ទាក់បង្ក្រាប ។
លោកតាន់ផាន់ណារ៉ាប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ និងក្រុមការងារអន្តរាគមន៍ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ និងកម្លាំងយោធាទំនាក់ទំនងព្រំដែនច្រកបឹងត្រកួន ស្រុកថ្មពួក បានចុះស្ទាក់ចាប់បាន។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា៖ ករណីទី១នៅវេលាម៉ោងជាង១រំលងអធ្រាត្រ ថ្ងៃទី១៩ ខែកុម្ភៈ មានរថយន្តម៉ាកTOYOTA CAMARY ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ2B-1715លួកដឹកជ្រូករស់ចំនួន៨ក្បាល ដែលចេញពីប្រទេសថៃតាមច្រកអូរកំបុតឃុំគោករមៀត ស្រុកថ្មពួក ដើម្បីយកមកចែកចាយនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យដែលនៅក្បែរព្រំដែន ប៉ុន្តែគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ក្រុមការងារបានឃាត់នៅភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួក ។
ចំណែកករណីទី២នៅវេលាម៉ោងជាង៣ ទាបភ្លឺ ថ្ងៃទី១៩ ខែកុម្ភៈ
ឃាត់បានម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ពណ៌ខ្មៅលាយបៃតង់ ដឹកសត្វជ្រូករស់ចំនួន១១ក្បាល។រ៉ឺម៉កម៉ូតូ បានដឹកជ្រូករស់មកពីប្រទេសថៃតាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ យកមកចែកចាយនៅ ខេត្តបាត់ដំបង ដែលគ្មានលិខិតអនុញ្ញាតដែរ ។ក្រុមការងារបានឃាត់នៅភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។
នៅថ្ងៃទី២០ខែកុម្ភៈ រថយន្តនិងម៉ូតូសណ្តោងនិងវត្ថុតាង ជ្រូក១៩ក្បាលនោះត្រូវសមត្ថកិច្ចចំរុះយកមករក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ និងយកសំណាកវិភាគ ៕សរន