ដោយៈយោធិន/ភ្នំពេញៈសកម្មភាពចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូហ្វាម របស់ចិន ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានក្នុងកងយោធពលខេមរភូមិន្ទគិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ មកដល់រសៀលថ្ងៃទី២០ ខែកុម្ភៈម្សិលមិញសម្រេចអនុវត្តបានជាង ២ម៉ឺននាក់(ដូស) ហើយ។នេះបើតាមការបញ្ជាក់ពីនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ ដើម្បីសម្របសម្រួល ទទួល ទុកដាក់ ប្រើប្រាស់ និងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កងយោធពលខេមរភូមិន្ទ និងគ្រួសារកងទ័ពក្នុងឱកាសអញ្ជើញទទួលការចាក់វ៉ាក់សាំងនៅថ្ងៃទី២០ ខែកុម្ភៈ នៅមន្ទីរពេទ្យព្រះកេតុមាលា ។
នៅថ្ងៃទី២០ ខែកុម្ភៈនេះដែរក៏ មានវត្តមានមន្ត្រីយោធាជាន់ខ្ពស់ក្នុងស្ថាប័នក្រសួងការពារជាតិ និងបណ្តាលអង្គភាពផ្សេងៗមួយចំនួនទៀតបានអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យព្រះកេតុមាលាខាងលើនេះដែររួមមានៈនាយឧត្តមសេនីយ៍ ស៊ុម សំណាង, នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានអាជ្ញាធរមីន អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ឧត្តមសេនីយ៍ឯក ឃឹមជា សាឃឿន មេបញ្ជាការរងនាយសេនាធិការ កងទ័ពជើងគោក ព្រមទាំងនាយទាហាន និងពលទាហានមួយចំនួនផងដែរ។
សូមបញ្ជាក់ថាៈ ក្រសួងការពារជាតិ បានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៉ីណូហ្វាមរបស់ចិន លើកទី១ ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងមន្ទីរពេទ្យកេតុមាលា ហើយក៏នឹងបន្តចាក់នៅតាមអង្គភាពសំខាន់ៗរបស់ខ្លួនមួយចំនួនទៀតនាពេលខាងមុខ។
សូមបញ្ជាក់ថា ជំនួយវ៉ាក់សាំងរបស់មិត្តចិន ជំហានដំបូងចំនួន ៦០ម៉ឺនដូស ក្នុងចំណោម១លានដូស ដែលផ្តល់ជូនតាមសំណើក្រសួងការពារជាតិ ត្រូវបានដឹកមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ ។ ចំណែក៤០ម៉ឺនដូសទៀត នឹងមកដល់កម្ពុជាជាបន្តបន្ទាប់ ៕