ប្រែសម្រួលៈវាសនា/គូឡាឡាំពួរ,ស៊ីដនី៖ វ៉ាក់សាំងកូវីដ១៩ក្រុមដំបូងបានមកដល់អាកាសយានដ្ឋានក្រុងគូឡាឡាំពួរ កាលពីព្រឹកថ្ងៃអាទិត្យទី២១កុម្ភៈនៅពេលវ៉ាក់សាំងមួយក្រុមទៀតបានចេញដំណើរមកពីសិង្ហបុរីហើយនឹងមកដល់រដ្ឋចូហ័រនៅពេលរសៀល។
វ៉ាក់សាំងកូវីដ១៩ក្រុមដំបូងបានមកដល់អាកាសយានដ្ឋានក្រុងគូឡាឡាំពួរ កាលពីព្រឹកថ្ងៃអាទិត្យទី២១កុម្ភៈ
វ៉ាក់សាំងជាង៣សែនដូសនេះ បានឈប់សំចត់ជាច្រើនកន្លែងចាប់តាំងពីវាចេញពីរោងចក្រនៅបែលហ្ស៊ិច រួមមានអាឡឺម៉ង់និងសិង្ហបុរី មុនមកដល់ម៉ាឡេស៊ី។
រដ្ឋមន្ត្រីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាម៉ាឡេស៊ី បានប្រាប់អ្នកយកព័ត៌មានថា ការចាក់វ៉ាក់សាំងដំបូងនឹងចាប់ផ្តើមនៅថ្ងៃពុធសប្តាហ៍ក្រោយ ដោយនាយករដ្ឋមន្ត្រីចាក់មុនគេ។បុគ្គលិកជួរមុខប្រមាណ៥០០.០០០នាក់ ភាគច្រើនជាបុគ្គលិកវេជ្ជសាស្ត្រ នឹងត្រូវផ្តល់អាទិភាពចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩មុនគេផងដែរ។
នៅអូស្ត្រាលីឯណោះវិញ នាយករដ្ឋមន្ត្រី ស្កត់ ម័ររីសុន បានចាក់វ៉ាក់សាំងកូវីដ១៩ដូសដំបូងកាលពីថ្ងៃអាទិត្យ ដោយហៅវាថាជាការចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងរបស់ជាតិនិងជាការបោះជំហានធំមួយឆ្ពោះទៅរកប្រក្រតីភាព។
ប្រជាជនអូស្ត្រាលីដល់ទៅ៤លាននាក់ត្រូវរំពឹងថានឹងទទួលវ៉ាក់សាំងកូវីដ១៩តាមការស្ម័គ្រចិត្តនៅយ៉ាងយូតត្រឹមខែមីនា។លោកម័ររីសុន និងប្រធានសុខាភិបាលវេជ្ជបណ្ឌិត ផូល ឃេល្លី ស្ថិតចំណោមប្រជាជនអូស្ត្រាលីមួយក្រុមតូចដែលបានទទួលវ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុនហ្វាយហ្សឺ/ប៊ីយ៉ូអ៊ិនតិចជុំដំបូងកាលពីថ្ងៃ២១កុម្ភៈ៕
នាយករដ្ឋមន្ត្រីអូស្ត្រាលី ចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩នៅក្រុងស៊ីដនីកាលពីថ្ងៃ២១កុម្ភៈ