ឆេះស្ថានីយ៍ប្រេងឥន្ធនៈ មួយកន្លែង នៅក្រុងសួង ខណ:កំពុងបូមរំលែកប្រេង ដាក់ពិដុងចែកចាយ

ដោយ: គង់ហេង/ ត្បូងឃ្មុំ: អគ្គិភ័យ បានឆាបឆេះ ដេប៉ូលក់ប្រេងឥន្ធន: នៅពេលអ្នកលក់ កំពុងបូមប្រេងសាំង រំលែកដាក់ក្នុងពិដុង លក់ចែកចាយបន្ត នៅខាងសាលាក្រុងសួង និងសម្ភារ:ប្រើប្រាស់ មួយចំនួនធំ បានរងការខូចខាតស្ទើរទាំងស្រុង នាព្រឹកថ្ងៃទី ២១ កុម្ភ:។ ប៉ុន្តែហេតុការណ៍ដ៏រន្ធត់នេះមិនបណ្តាលឱ្យប៉ះពាល់ ដល់អាយុជីវិតមនុស្សទេ ដោយមានអន្តរាគមន៍ ពីរថយន្តពន្លត់អគ្គិភ័យ ប្រើប្រាស់ទឹក ចំនួន ២៥ រថយន្ត។

លោកវរសេនីយ៍ឯក ឆន សុធន អធិការក្រុងសួង បានប្រាប់ថា ម្ចាស់ដេប៉ូប្រេងឥន្ធន:រងគ្រោះ ឈ្មោះ លោក តែ តុងហ៊ុយ អាយុ ៥៦ ឆ្នាំ មានលំនៅ នៅភូមិជើងឡង សង្កាត់សួង ក្រុងសួង។ ដេប៉ូនេះ បានឆេះខូចខាត: កុងទ័រចាក់បាញ់ប្រេង ចំនួន ពីរ សម្រាប់ រថយន្តចំនួន ពីរ គ្រឿង ( ម៉ាកឡិចស៊ីស ៣៣០ មួយគ្រឿង និងរថយន្តហ៊ីយាន់ដាយ ចំណុះ ២,៥០ តោន មួយគ្រឿង) ប្រេងម៉ាស៊ីន ចំនួន ២០ កេះ ម៉ូតូចំនួន បី គ្រឿង រ៉ឺម៉កមួយគ្រឿង ដំបូលទំហំ ១៥ ម៉ែត្រគុណនឹង ១៨ ម៉ែត្រ ទូរទឹកកក មួយគ្រឿង និងតុមួយសម្រាប់។

លោកអធិការក្រុងសួង បានបន្តថា នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យ ឆេះហាងសាំង ខាងលើ មានការដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគា ស្នងការនគរបាល ខេត្តត្បូងឃ្មុំ និងលោក ជា ណារ៉ុន អភិបាលក្រុងសួង បានប្រើប្រាស់ទឹក ចំនួន ២៥ រថយន្ត ដើម្បីបញ្ឈប់ការឆាបឆេះបន្ត និងឆេះរាលដាលទៅផ្ទះអ្នកជិតខាង៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular