គ្រូពេទ្យ បុគ្គលិក-មន្ដ្រីសុខាភិបាល ទាំងអស់ និងកងកម្លាំងនគរបាលជាតិ នៅតាមបណ្ដា រាជធានី-ខេត្ត ចំនួន១០ អាចទទួលការចាក់ វ៉ាក់សាំងកូវីដ បានពីថ្ងៃស្អែក

ដោយៈសុផល / ភ្នំពេញ៖ គ្រូពេទ្យ បុគ្គលិក-មន្ដ្រីសុខាភិបាលទាំងអស់ និងកងកម្លាំងនគរបាលជាតិ នៅតាមបណ្ដារាជធានី-ខេត្ត ចំនួន ១០ អាចមកទទួល ការចាក់វ៉ាក់សាំង ស៊ីណូហ្វាមរបស់ចិន ដើម្បីប្រឆាំងជំងឺកូវីដ-១៩ ពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នេះតទៅ ចាប់ពីម៉ោង ៨ ព្រឹក រហូតដល់ម៉ោង ៥ ល្ងាច។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល នាថ្ងៃទី២១ ខែកុម្ភៈនេះ ទីតាំងទាំង១០ ដែលនឹងផ្តល់ការចាក់វ៉ាក់សាំងនេះមាន៖

១៖ រាជធានីភ្នំពេញ៖ មន្ទីរពេទ្យរាជធានីភ្នំពេញ, មន្ទីរពេទ្យបង្អែកព្រែកព្នៅ, មន្ទីរពេទ្យបង្អែកច្បារអំពៅ, មន្ទីរពេទ្យបង្អែកដង្កោ, មន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា-ចិន សែនសុខ, មន្ទីរពេទ្យបង្អែកចតុមុខ, មន្ទីរពេទ្យបង្អែកសម្ដេចឪ-សម្ដេចម៉ែ និងមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង។

២៖ ខេត្តបាត់ដំបង៖ មន្ទីរពេទ្យខេត្តបាត់ដំបង, មន្ទីរពេទ្យបង្អែកមោងឫស្សី, មន្ទីរពេទ្យបង្អែកសង្កែ, មន្ទីរពេទ្យបង្អែកសំពៅលូន និងមន្ទីរពេទ្យបង្អែកថ្មគោល។

៣៖ ខេត្តបន្ទាយមានជ័យ៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី, មន្ទីរពេទ្យបង្អែកថ្មពួក, មន្ទីរពេទ្យបង្អែកប៉ោយប៉ែត, មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ។

៤៖ ខេត្តឧត្តរមានជ័យ៖ មន្ទីរពេទ្យខេត្តឧត្តរមានជ័យ និងមន្ទីរពេទ្យបង្អែកអន្លង់វែង។

៥៖ ខេត្តប៉ៃលិន៖ មន្ទីរពេទ្យខេត្ដប៉ៃលិន។

៦៖ ខេត្តកោះកុង៖ មន្ទីរពេទ្យខេត្តកោះកុង និងមន្ទីរពេទ្យបង្អែកស្រែអំបិល។

៧៖ ខេត្តព្រះសីហនុ៖ មន្ទីរពេទ្យខេត្តព្រះសីហនុ។

៨៖ ខេត្តស្វាយរៀង៖ មន្ទីរពេទ្យខេត្តស្វាយរៀង, មន្ទីរពេទ្យបង្អែករមាសហែក, មន្ទីរពេទ្យបង្អែកជីភូ, មន្ទីរពេទ្យបង្អែកស្វាយទាប និងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល។

៩៖ ខេត្តពោធិ៍សាត់៖ មន្ទីរពេទ្យខេត្តពោធិ៍សាត់, មន្ទីរពេទ្យបង្អែកបាកាន, មន្ទីរពេទ្យបង្អែកក្រគរ និងមន្ទីរពេទ្យបង្អែកក្រវ៉ាញ។

១០៖ ខេត្តកែប៖ មន្ទីរពេទ្យខេត្តកែប។

របាយការណ៍របស់ ក្រសួងសុខាភិបាល បានបង្ហាញថា គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមរបស់ចិន ជូនជនស៊ីវិលបានចំនួន ៤.៦០៩ នាក់ហើយ ក្នុងនោះស្ត្រីមានចំនួន ១.៦០៣ នាក់។ ក្រសួងសុខាភិបាល បានចាប់ផ្តើមចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ស៊ីណូហ្វាម របស់ចិន ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។

ជាមួយគ្នានេះដែរ ក្រសួងបានរម្លឹកដល់ អ្នកដែលបានចាក់វ៉ាក់សាំងលើកទី១ (ដូសទី១) រួចហើយ សូមអញ្ជើញមកទទួលការចាក់វ៉ាក់សាំង ដដែលនេះ ជាលើកទី២ (ដូសទី២) ក្នុងរយៈពេលពី ១៤ ថ្ងៃ ទៅ ២៨ ថ្ងៃ (មិនឱ្យលើស ២៨ ថ្ងៃ) រាប់បន្ទាប់ពីថ្ងៃ ចាក់លើកទី១ កុំបីអាក់ខានឡើយ៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular