Home ព័ត៌មានសំខាន់ៗ សហគមន៍ការពារន...

សហគមន៍ការពារនេសាទប្រតិកម្មទៅនឹងការដោះលែងជនសង្ស័យបទល្មើសឆក់ត្រីពីរនាក់ឲ្យនៅក្រៅឃុំក្រោយបង្ក្រាបបានត្រឹមតែ ២ថ្ងៃ

ដោយ:សុខុម/ស្ទឹងត្រែង:កាលពីព្រឹកថ្ងៃទី ២១ខែកុម្ភៈនេះសហគមន៍បានប្រមូលផ្ដុំគ្នានៅលើវាលខ្សាច់ក្បាលកោះសំពាយឃុំកោះសំពាយស្រុកសៀមបូកដោយលើកឡើងថាក្រោយពីចាប់ជនសង្ស័យបញ្ជូនទៅឲ្យសមត្ថកិច្ចពាក់ព័ន្ធនឹងតុលាការបានត្រឹម២ថ្ងៃប៉ុណ្ណោះបែរជាដោះលែងឲ្យមានសេរីភាពវិញ។បន្ទាប់ដោះលែងជនប្រព្រឹត្តបទល្មើសនេះធ្វើឲ្យសហគមន៍ការពារនេសាទអស់ជំងឺទៅលើសមត្ថកិច្ចនិងតុលាការ។

លោកវែនចាន់រស្មីគឺ លេខាសហគមន៍ភូមិកោះជ្រឹមឃុំអូរម្រះស្រុកសៀមបូកបានលើកឡើងថាបទល្មើសឆក់ត្រីនៅតាមដងទន្លេក្នុងភូមិសាស្ត្រដែលលោកគ្រប់គ្រងមិនមានការថយចុះទេ។ផ្ទុយទៅវិញកាន់តែកើនឡើងគួរឱ្យព្រួយបារម្ភណាស់។បណ្ដាញសហគមន៍របស់លោកមានតែសិទ្ធិគ្រប់គ្រងមិនមានសិទ្ធិពេញលេញដូចកងកម្លាំងសមត្ថកិច្ចឡើយ។ហេតុដូច្នេះហើយបានជាអ្នកប្រព្រឹត្តបទល្មើសមិនខ្លាចរអាជាមួយនឹងសហគមន៍ទេ។

លោកវែនចាន់រស្មីបានបន្តថាក្រោយពីសហគមន៍បង្ក្រាបបានគឺប្រគល់ជនប្រព្រឹត្តបទល្មើសខុសច្បាប់ជូនទៅឲ្យជំនាញជលផលស្ទឹងត្រែង។ការងាររបស់សហគមន៍នេសាទរាល់ថ្ងៃនេះប្រឈមមុខជាច្រើនជាមួយនឹងអ្នករស់នៅមូលដ្ឋានដែលជនប្រព្រឹត្តបទល្មើសរស់នៅ។សហគមន៍ធ្វើការងារមិនមានសិទ្ធិពេញលេញមានតែទឹកចិត្តប្រឈមមុខឧបសគ្គគ្រប់បែបយ៉ាងទោះបីហាលភ្លៀងខ្យល់ក៏នៅតែបំពេញការងារទាំងយប់ទាំងថ្ងៃឃ្លាំមើលនិងបង្ក្រាបជនល្មើសទាំងនោះ។ពេលខ្លះបំពេញការងារត្រូវចំណាយថវិកាផ្ទាល់ខ្លួនពេលទៅដល់ផ្ទះវិញប៉ះពាល់ដល់សង្គមគ្រួសារបង្កជាជម្លោះក៏មានដែរដោយសារតែរវល់ការងារចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ហើយមិនមានប្រាក់ចំណូលខ្ពស់ដល់អ្នកផ្ទះ។ពួកគាត់បានបំពេញការងារជួយជាតិដូច្នេះហើយស្នើសុំឲ្យជាតិជួយដល់ពួកគាត់ផង។

មានការលើកឡើងថាមន្ត្រីរាជការខ្លះមានមុខតំណែងច្រើនកន្លែងប៉ុន្តែធ្វើការងារមិនសកម្មដូចសហគមន៍នេសាទទេ។សូមអំពាវនាវដល់អង្គការក្រៅរដ្ឋាភិបាលនិងប្រមុខរាជរដ្ឋាភិបាលជួយដោះស្រាយបញ្ហាថវិកានិងផ្ដល់សិទ្ធិពេញលេញដល់សហគមន៍នេសាទដែលសកម្មផង។

ជាក់ស្ដែងកាលពីកន្លងទៅថ្មីៗនេះសហគមន៍បានបង្ក្រាបបទល្មើសឆក់ត្រីឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ដកហូតបានភស្តុតាងគ្រប់គ្រាន់រួមទាំងពាក់ព័ន្ធគ្រឿងញៀនអាវុធកែច្នៃដាវសាម៉ូរ៉ៃជាដើមកសាងសំណុំរឿងបញ្ជូនទៅជលផលខេត្ត។ជលផលក៏បានបញ្ជូនសំណុំរឿងទៅឲ្យនគរបាលប្រឆាំងគ្រឿងញៀននិងបន្តទៅតុលាការ។តែចុងក្រោយបន្ទាប់ពីបង្ក្រាបបានពីរថ្ងៃបែរជាតុលាការដោះលែងជនសង្ស័យទាំង២នាក់នោះទៅវិញធ្វើឲ្យសហគមន៍ដែលខិតខំបង្ក្រាបអស់ជំនឿមិនចង់បំពេញការងារតទៅទៀត។

សហគមន៍បានលើកឡើងថាពួកគាត់ចង់ឲ្យមានការអនុវត្តច្បាប់ទៅលើជនល្មើសដែលប្រព្រឹត្តខុសច្បាប់ត្រូវតែទទួលទោសមិនត្រូវឲ្យមានការដោះលែងភ្លាមៗតាមហេតុផលណាមួយឡើយ។ជនដែលប្រព្រឹត្តបទល្មើសក្រោយពីចាប់ហើយបែរជាធ្វើសកម្មភាពបន្តទៀតឃើញតែមុខដដែលៗមិនតែប៉ុណ្ណោះថែមទាំងឌឺដងដាក់សហគមន៍ទៀតផង។

អ្នកស្រី ឡាម សុភាពបណ្ដាញសហគមន៍ភូមិកាំងដីសដែលជាស្ត្រីម្នាក់បានចូលរួមនៅក្នុងសហគមន៍នេសាទផងនោះបាននិយាយថាអ្នកស្រីមើលឃើញពីសកម្មភាពបទល្មើសនៅក្នុងទឹកដីរបស់ខ្លួនកាន់តែកើនឡើងធ្វើឲ្យពួកគាត់មានការព្រួយបារម្ភ។ក្នុងនាមគាត់ជាស្ត្រីម្នាក់គាត់សុខចិត្តលះបង់ការងារមួយចំនួននៅក្នុងគ្រួសារមកចូលរួមការពារមច្ឆាជាតិដើម្បីទុកដល់កូនចៅជំនាន់ក្រោយ៕


(រូបភាពនេះជនប្រព្រឹត្តបទល្មើសក្រោយពីសហគមន៍បង្ក្រាបបានបញ្ជូនទៅឱ្យតុលាការបាន២ថ្ងៃដោះលែង)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular