ដោយ: ប.ជ័យ / បន្ទាយមានជ័យ: សមត្ថកិច្ចនគរបាល បាននឹងកំពុងដុតដៃដុតជើង បន្តស្រាវជ្រាវ រកចាប់ខ្លួនស្ត្រីអតីតទណ្ឌិតម្នាក់ ដែលមកជួលបន្ទប់ស្នាក់នៅ ហើយបានប្រើល្បិចបោកប្រាស់ ងាយៗថា ខ្លួនមានពេជ្រលក់ តម្លៃធូរថ្លៃណាស់ ។ ប៉ុន្តែបើមិនទាន់ទិញ ខ្លួនទុកបញ្ចាំ ១គ្រាប់ ឱ្យម្ចាស់ផ្ទះជួល ដោយគ្រាន់តែខ្ចីលុយ ម្ចាស់ផ្ទះជួល ២០០ ដុល្លារអាមេរិក ។ តែបើបាន ១០០ ដុល្លារ ឬ ៤០០.០០០ រៀល ក៏យកដែរ រួចក៏ជិះម៉ូតូឌុបគេចខ្លួនទៅ ។
មន្ត្រីនគរបាលក្រុងសិរីសោភ័ណ បានប្រាប់ឲ្យដឹងថ្ងៃទី២១ ខែ កុម្ភៈថា៖ កន្លងមក មានមនុស្សប្រុសម្នាក់ បានឌុបស្រីម្នាក់ពាក់ អាវខោ ពណ៌ក្រហម បានមកសួរនាំ ជួលបន្ទប់របស់ឈ្មោះ ផ្លុង រ៉ានី ភេទស្រី អាយុ ៥១ឆ្នាំ ជាគ្រូបង្រៀន ជាម្ចាស់បន្ទប់ជួល នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
ស្ត្រីនោះ ប្រើល្បិចបោកប្រាស់ ថានឹងមកជួលបន្ទប់ស្នាក់នៅ នៅថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២១ ។ ប៉ុន្តែពេលនេះ ស្ត្រីនោះថាខ្លួនមានពេជ្រ១គ្រាប់ ត្រូវលក់ តែសុំខ្ចីលុយម្ចាស់ផ្ទះសិន ដោយខ្លួនទុកគ្រាប់ពេជ្រនោះអោយ ដោយយកតែ ២០០ ដុល្លារ។ តែម្ចាស់ផ្ទះជួលបន្ទប់ស្នាក់នៅ មានតែ ៤០ មឺុនរៀលឬ ១០០ ដុល្លារ ក៏យកសិនដែរ ហើយជិះម៉ូតូឌុបទៅបាត់។
អ្នកស្រី ផ្លុង រ៉ានី ជាម្ចាស់ផ្ទះជួល បានរំលឹកថា: រឿងហេតុការណ៍បោកប្រាស់នោះ បានកើតឡើង នៅវេលាម៉ោងជាង ១២ និង៣០ នាទី នៅថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២១ នៅផ្ទះជួលនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ប៉ុន្តែ បានលាក់ទុកមិនទម្លាយ ព្រោះត្រូវរង់ចាំស្ត្រីនោះ ថាជួលផ្ទះ ហើយដាក់គ្រាប់ពេជ្រ ១គ្រាប់ បញ្ចាំនោះ មកជួលនៅថ្ងៃទី១៩ ខែកុម្ភៈ ។
លុះមិនឃើញ មកតាមកំណត់ អ្នកស្រី ក៏ទៅពិនិត្យមើលគ្រាប់ពេជ្រ ទើបដឹងថា វាដូចជាអំបែងកែវ ហើយដឹងថា ស្ត្រីបញ្ចាំគ្រាប់ពេជ្រនោះ បោកប្រាស់ទេ រួចអ្នកស្រី ក៏មកប្តឹងសមត្ថកិច្ច កាលពីថ្ងៃទី២០ ខែកុម្ភៈ ។
សមត្ថកិច្ច បានបន្តថា៖ ស្ត្រីឆបោកនោះ ធ្លាប់មានលំនៅ នៅម្តុំថ្នល់រថភ្លើង ជាប់របងវត្តសមាធិផល ហៅវត្តលោកយួន ភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។ ស្ត្រីនោះ និងប្តី បានធ្លាប់ជាប់គុក ក្នុងបទល្មើសចែកចាយគ្រឿងញៀន ។ ប៉ុន្តែស្ត្រី ជាប្រពន្ធ បានអនុវត្តទោសរួចមុន ហើយត្រូវដោះលែង ។
ក្រោយពេលដោះលែង ស្ត្រីនោះ ក៏បានមកប្រព្រឹត្តការឆបោកដូចខាងលើ ។
សមត្ថកិច្ច បានបន្តទៀតថា៖ មុខសញ្ញាស្ត្រីនោះ ត្រូវបានកំណត់ ហើយសមត្ថកិច្ច បានសហការនឹងសមត្ថកិច្ចគ្រប់ស្រុក ក្រុង ខេត្ត ដើម្បីនឹងតាមចាប់ខ្លួនស្ត្រីឆបោកនោះ ៕/V