អភិបាលរាជធានី ជំរុញឲ្យអាជ្ញាធរខណ្ឌ ទាំង ១៤ បំពាក់ប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ Stop Covid នៅតាមគ្រឹះស្ថានសាធារណៈ និងឯកជន ភោជនីយដ្ឋាន សណ្ឋាគារ

ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ លោកអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌ ទាំង១៤ និងផ្សារទាំង ២៥ នៅរាជធានី ធ្វើការបំពាក់ប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ Stop Covid ដើម្បីបង្ការទប់ស្កាត់ នូវការរីករាលដាល នៃជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះ បាននិងកំពុងរីករាលដាល ដល់សហគមន៍ ជាថ្មីម្ដងទៀតនោះ។ ការបំពាក់នូវបច្ចេកវិទ្យាថ្មីនេះ គឺអាចគ្រប់គ្រងទិន្នន័យ បានយ៉ាងល្អប្រសើរ ចំពោះការរាតត្បាត នៃជំងឺកូវីដ-១៩។

ការជំរុញបែបនេះ របស់លោក ឃួង ស្រេង បានធ្វើឡើង នារសៀលថ្ងៃអាទិត្យ ទី២១ កុម្ភៈ នេះ នៅក្នុងកិច្ចប្រជុំជាបន្ទាន់មួយ ជាមួយនឹងក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងរដ្ឋបាលរាជធានីភ្នំពេញ ក្រោមវត្តមានលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌ ទាំង១៤ ជាមួយនឹងផ្សារទាំង ២៥ ទូទាំងរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ភ្នំពេញ ជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា ជាតំបន់ប្រមូលផ្ដុំ សេដ្ឋកិច្ច ពាណិជ្ជកម្ម បើទោះបីប្រជាពលរដ្ឋប្រើប្រាស់ស្មាតហ្វូន មិនបាន ១០០% ក៏ដោយ ប៉ុន្តែកិច្ចការងារនេះ យើងត្រូវតែអនុវត្តន៍ ដើម្បីបង្ការ ទប់ស្កាត់ នូវជំងឺកូវីដ-១៩ ។ ដូច្នេះអាជ្ញាធរខណ្ឌ ទាំង ១៤ ត្រូវធ្វើការណែនាំ ក៏ដូចជាផ្សព្វផ្សាយ ទៅតាមបណ្ដាភោជនីយដ្ឋាន ក្លិបកម្សាន្ត និងទីប្រជុំជនមួយចំនួន ដើម្បីបំពាក់នូវបច្ចេកវិទ្យា ថ្មីនេះ។

លោកបានបញ្ជាក់ថា៖ បច្ចេកវិទ្យាថ្មីនេះ ពិតជាមានសារសំខាន់ដែលធ្វើអោយយើង ងាយស្រួលតាមដាន និងស្វែងរកអ្នក ដែលពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ បានលឿន ជាងការប្រើប្រាស់មនុស្ស ដើម្បីស្វែងរក ។ យើងអាចយកមនុស្ស ដែលពាក់ព័ន្ធទៅធ្វើចត្តាឡីស័ក ក៏ដូចជា ទៅព្យាបាលបានលឿន និងទាន់ពេលវេលា។ ដូច្នេះ ការងារនេះ យើងត្រូវតែរួមគ្នាធ្វើឲ្យទទួលបានជោគជ័យ ដោយសហការ ជាមួយនឹងមន្ត្រីជំនាញនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ជាមួយគ្នានោះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍បញ្ជាក់ថា៖ បច្ចេកវិទ្យាថ្មី QR Code ទប់ស្កាត់កូវីដ Stop Covid នេះ ពិតជាមានតម្លៃ និងផ្ដល់ភាពងាយស្រួល ដល់ការងារ ក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ -១៩ ដោយសារថា បើអ្នកពាក់ព័ន្ធជាមួយនឹងកូវីដ -១៩ បច្ចេកវិទ្យាថ្មីនេះ នឹងបង្ហាញទៅលើប្រព័ន្ធស្មាតហ្វូន ថាបុគ្គលនេះ ធម្មតា បុគ្គលនេះ ជាបុគ្គល មានហានិភ័យខ្ពស់ និងបុគ្គលនេះ ជាបុគ្គល គួរឲ្យសង្ស័យ ។

លោក រដ្ឋមន្ត្រី បានបន្តថា៖ ត្រឹមតែ ២០ កុម្ភ: និងមកដល់ ពេលនេះ គឺមានគ្រឹះស្ថានសាធារណៈ និងឯកជន ភោជនីយ ដ្ឋាន សណ្ឋាគារ និងរោងចក្រ ជាដើម ចំនួន ២.៥០០ ហើយ ដែលបានចុះឈ្មោះ បង្កើត QR Code សម្រាប់ប្រើប្រាស់។

លោករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា៖ ចំពោះកិច្ចការងារ ក្នុងការបំពាក់បច្ចេកវិទ្យា ថ្មីនេះ ក្រុមការងាររបស់ក្រសួង នឹងជួយទៅលើការងារនេះ ទៅដល់បណ្ដាខណ្ឌទាំង ១៤ នៅក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណា ឱ្យនៅតាមបណ្ដាភោជនីយដ្ឋាន កន្លែងសប្បាយសុភាព និងក្លិបកម្សាន្ត ក៏ដូចជាផ្សារនានា បានបំពាក់បច្ចេកវិទ្យា ថ្មីនេះ ឱ្យបានគ្រប់ទីកន្លែង៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular