Home ព័ត៌មានសំខាន់ៗ កីឡដ្ឋានតម្លៃ...

កីឡដ្ឋានតម្លៃជាង៣លានដុល្លារដំបូងគេក្នុងខេត្តកំពង់ស្ពឺនឹងលេចរូបរាងក្នុងឆ្នាំ២០២២

ដោយ:មុនីរ័ត្ន/ភ្នំពេញ : លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការ អប់រំ យុវជន កីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្ដមណ្ឌលកំពង់ស្ពឺ អមដំណើរដោយអ្នកតំណាងរាស្រ្ត សមាជិកព្រឹទ្ធសភា លោកអភិបាលខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំ មន្រ្តីរាជការ រដ្ឋបាលក្រុង-ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបុកគ្រឹះសាងសង់អគារ ទីលានកីឡា និងហេដ្ឋារចនាសម្ព័ន្ធជុំវិញនៃពហុកីឡដ្ឋានខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។

កីឡដ្ឋានបាល់ទាត់លក្ខណៈស្ដង់ដារនេះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤៤ ចម្ងាយប្រមាណ ៤គីឡូម៉ែត្រពីផ្លូវជាតិលេខ៤ នៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលសាងសង់លើផ្ទៃដីជាង ៤ហិកតា។

កីឡដ្ឋានខេត្តកំពង់ស្ពឺនេះ ជាគំនិតផ្ដួចផ្ដើមរបស់លោកហ៊ុន ម៉ានី ព្រមទាំងថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ។ គម្រោងនេះត្រូវបានទទួលការគាំទ្រយ៉ាងពេញទំហឹង ពីគម្រោងណាហ្គាវើលបេះដូងសប្បុរស និងពីសំណាក់សប្បុរសជននានាផងនោះកីឡដ្ឋាននេះមិនត្រឹមតែជាទីតាំងប្រកួតកីឡាបាល់ទាត់សម្រាប់ខេត្តកំពង់ស្ពឺនោះទេ កីឡដ្ឋាននេះក៏នឹងក្លាយជាទីតាំងបណ្ដុះបណ្ដាលថ្នាលយុវជនក្នុងខេត្តកំពង់ស្ពឺ ដែលស្រឡាញ់ នឹងមានទេពកោសល្យក្នុងវិស័យបាល់ទាត់ឲ្យក្លាយជា កីឡាករ កីឡាការិនី ដែលមានគុណភាព និងសមត្ថភាពខ្ពស់ដែលចេញពីខេត្តកំពង់ស្ពឺ។

កីឡដ្ឋានខេត្តកំពង់ស្ពឺ ជាកីឡដ្ឋានស្ដង់ដារអន្ដរជាតិដែលមានសមត្ថភាពគ្រប់គ្រាន់អាចធ្វើជាម្ចាស់ផ្ទះនៃការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិបានផងដែរ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា វិស័យកីឡាខេត្តកំពង់ស្ពឺ ជាពិសេសកីឡាបាល់ទាត់នារីដ៏ឆ្នើមបានក្លាយទៅជាជម្រើសជាតិហើយ ។ ចំពោះការកសាងកីឡដ្ឋាននេះគឺជាកន្លែងពង្រឹងសមត្ថភាពហ្វឹកហាត់យុវជន ទៅតាមប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា (មនុស្សម្នាក់កីឡាមួយប្រភេទ) ហើយកសាងនេះទោះបីយូបន្តិចតែការកសាងត្រូវមានគុណភាព និងសោភ័ណភាពជាចាំបាច់ ។

អភិបាលខេត្តបានបន្ថែមថា ចំពោះគុណភាព និងសោភ័ណភាព បូកទាំងការកសាងកីឡដ្ឋានសំណង់រឹងមាំ យ៉ាងហោចណាស់ក្រុមការងារចំណាយពេលវេលាយ៉ាងតិច១៥ខែចាប់ពីថ្ងៃបុកគ្រឹះទៅ ឬរួចរាល់កំឡុងមុនចូលឆ្នាំខ្មែរឆ្នាំ២០២២ ។ ការកសាងនេះដើម្បីសម្រេចបានឆ្នាំ២០២៣ ដែលកម្ពុជានិងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម ហើយកីឡដ្ឋានខេត្តកំពង់ស្ពឺ និងក្លាយជាកន្លែងលេងកីឡាចម្រុះដែលបម្រើឲ្យសក្តានុពលនៃកីឡាតែម្តង ។

លោក អ៊ុង រដ្ឋា តំណាងក្រុមការងារត្រួតពិនិត្យការសាងសង់កីឡដ្ឋានខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា យើងសាងសង់នេះគឺចង់បានកីឡដ្ឋានស្ដង់ដារមួយដែលអាចប្រកួតថ្នាក់តំបន់បាន ហើយការសាងសង់នេះ ជាផ្នែកមួយ នៃការអភិវឌ្ឍន៍វិស័យកីឡា ក្នុងខេត្តកំពង់ស្ពឺ ដោយផ្អែកលើគម្រោងជារួម ដែលឯកឧត្តម ហ៊ុន ម៉ានី តែងតែយកចិត្តទុកដាក់ ក្នុងន័យចូលរួមអភិវឌ្ឍវិស័យកីឡាជាតិ ឆ្ពោះទៅកាន់ការ ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដូចជាការកសាងថ្នាលកីឡាករ ពង្រឹងសមត្ថភាពគ្រូបង្ហាត់ និងផ្ដល់ឱកាសឲ្យប្អូនៗ ដែលមានទេពកោសល្យ បានចូលរួមលេងកីឡា ព្រោះឯកឧត្តមមានមហិច្ឆតាចង់ឃើញប្អូនៗកីឡាករជម្រើសជាតិនាថ្ងៃអនាគត កាន់តែច្រើនឡើងមានប្រភពចេញពីខេត្តកំពង់ស្ពឺ» ។

បើតាមផែនការនៃការសាងសង់កីឡដ្ឋានបាល់ទាត់នេះ ការសាងសង់នឹងបែងចែក ជា ២ដំណាក់កាល ដែលដំណាក់កាលទី១ គឺជាការសាងសង់ ក្លោងទ្វារធំចំនួន២ របងជុំវិញ សួនកុមារ និងទីលានរត់ កន្លែងអង្គុយVIP ៣០០០កៅអី ទីលានបាល់ ទាត់ ដែលបំពាក់ដោយភ្លើងបំភ្លឺទីលាន រួមជាមួយការរៀបចំបរិវេណជុំវិញ និងដំណាក់កាលទី២ ជាការសាងសង់ កន្លែងអ្នកទស្សនាកើនដល់ ៦០០០នាក់។ កីឡដ្ឋាខេត្តកំពង់ស្ពឺនេះនឹងប្រែក្លាយខេត្តកំពង់ស្ពឺដែលធ្លាប់តែជាខេត្តដែលបង ប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅហួសមកហួស មកជាទីតាំងសក្ដានុពលដែលលើកកម្ពស់មុខមាត់ និងកិត្យានុភាពខេត្តកំពង់ស្ពឺ ជាពិសេសវិស័យកីឡាបាល់ទាត់។

តាមការគ្រោងទុក កីឡដ្ឋានដ៏ធំស្កឹមស្កៃ ប្រកបដោយសោភ័ណភាពល្អប្រណិតនេះនឹងត្រូវសាងសង់បញ្ចប់ដំណាក់កាលទី១ ក្នុងឆ្នាំ២០២២ ៕សរន

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular