Home ព័ត៌មានអន្តរជាតិ ឥណ្ឌា​និង​ចិន...

ឥណ្ឌា​និង​ចិន​ដកទ័ព​រួចរាល់​ពី​ផ្នែក​ខ្លះ​នៃ​ព្រំដែន​ជម្លោះ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖​ឥណ្ឌា​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២១​កុម្ភៈ​ថា​កងទ័ព​របស់​ខ្លួន​រួម​ជាមួយ​សម​ភាគី​ចិន​បានសំរេច​សព្វ​គ្រប់​ការ​ដកទ័ព​ពី​ផ្នែក​ដែល​មាន​ជម្លោះ​មួយ​នៃ​ព្រំដែន​ភ្នំ​​ហិម៉ា​ឡៃ​របស់​ពួកគេ បន្ទាប់​ពី​ភាព​តានតឹង​បាន​កើនឡើង​ជា​ច្រើន​ខែ​។​

​ប្រទេស​ជិតខាង​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​ទាំងពី​រ​ធ្លាប់បាន​ធ្វើ​សង្គ្រាម​នៅ​តាម​ព្រំដែន​ក្នុង​ឆ្នាំ ១៩៦២​ហើយ​បាន​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ជា​យូរ​មក​ហើយ​ថា​បាន​ព្យាយាម​ឆ្លងកាត់​​ព្រំដែន​របស់​ខ្លួន​ដែល​មិនមាន​ការឯកភាព​គ្នា​ត្រឹមត្រូវ​នៅក្នុង​តំបន់​ឡា​ដាក់​របស់​ឥណ្ឌា ដែល​នៅ​ទល់មុខ​តំបន់​ទី​បេត៍​។​

​ការប៉ះទង្គិច​ចុងក្រោយបង្អស់​បាន​ប្រែជា​ការ​បង្ហូរឈាម​កាល​ពី​ពាក់កណ្តាល​ខែ​មិថុនា​ឆ្នាំ​មុន នៅពេល​ដែល​ទាហាន​ឥណ្ឌា ២០​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​សមរភូមិ​ព្រំដែន​នៅ​ជ្រលង​ដង​ទន្លេ​ហ្គា​វ៉ាន់​​ដ៏​សំខាន់​នៅក្នុង​តំបន់​ឡា​ដាក់​។ ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​សុក្រ​បាន​និយាយ​ថា​ទាហាន​របស់ខ្លួន​បួន​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការប៉ះទង្គិច​នេះ ដែល​ជា​ការបញ្ជាក់​លើ​ក​ដំបូង​អំពី​ការស្លាប់​ទាហាន​ចិន​។​

​បន្ទាប់​ពី​កិច្ចពិភាក្សា​យោធា​ថ្នាក់ខ្ពស់​ចំនួន​ប្រាំបួន​ជុំ​ដែល​បាន​ធ្វើឡើង​ចាប់តាំងពី​ការ​ប៉ះទង្គិច​គ្នា​កាលពី​ខែ​មិថុនា រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌា​លោក រ៉ា​ច​ណាត ស៊ី​ង បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា ភាគី​ទាំងពីរ​បាន​យល់ព្រម​ដកទ័ព​ជួរមុខ​ចេញពី​តំបន់​បឹង​ផាង​ហ្គុ​ង​។​

​ក្រសួង​ការពារជាតិ​ឥណ្ឌា​បាន​ឱ្យដឹង​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​ជាមួយ​ទីក្រុង​ប៉េកាំង​ថា​ក្នុង​អំឡុងពេល​នៃ​កិច្ចចរចា​ជុំ​ទី ១០ កាលពី​ថ្ងៃ​សៅរ៍ “​ភាគី​ទាំងពីរ​បាន​វាយតម្លៃ​ជា​វិជ្ជមាន​ចំពោះ​ការបំពេញ​ការដក​កង​ទ័ព​ជួរមុខ​ដោយរ​លូន​ចេញពី​តំបន់​បឹង​ផាង​ហ្គុ​ង​”​។​

​សេចក្តីថ្លែងការណ៍​បាន​បន្តថា វា​ជា “​ជំហាន​ឆ្ពោះទៅមុខ​ដ៏​សំខាន់​” ដែល​ផ្តល់​នូវ​ចំណុច​ចាប់ផ្តើម​ដ៏​ល្អ​សម្រាប់​ការដោះស្រាយ​ជម្លោះ​ផ្សេងទៀត​នៅក្នុង​តំបន់​ភាគ​ខាងលិច​នៃ​ព្រំដែន​ដែល​មាន​ជម្លោះ​។​

​សេចក្តីថ្លែងការណ៍​បាន​បន្ថែមថា “​ភាគី​ទាំងពីរ​បាន​ឯកភាពគ្នា​…​បន្ត​ការប្រាស្រ័យ​ទាក់ទង​និង​ការសន្ទនា​គ្នា ធ្វើឱ្យ​មាន​ស្ថិរភាព​និង​គ្រប់គ្រង​ស្ថានការណ៍​ជាក់ស្តែង​និង​ជំរុញ​ឱ្យមាន​ដំណោះស្រាយ​ដែល​អាច​ទទួលយកបាន​ទៅវិញទៅមក​នៃ​បញ្ហា​ដែល​នៅ​សេសសល់​”​។​

​ឥណ្ឌា​និង​ចិន​មាន​ព្រំដែន​ចម្ងាយ ៣.៥០០ គីឡូម៉ែត្រ ដែល​ក្នុងនោះ​មាន​ជម្លោះ​នៅ​ចំណុច​ផ្សេងៗ​ទៀត​នៃ​តំបន់​ឡា​ដាក់​រួម​មាន​ច្រករបៀង​យុទ្ធសាស្ត្រ​អា​ក់សាយ​ឈីន ដែល​ភ្ជាប់​ទីបេ​តិ៍​ទៅ​ភាគ​ខាងលិច​ប្រទេស​ចិន​ជាប់​នឹង​ជ្រលង​ភ្នំ​ហ្គា​វ៉ាន់ និង នៅ​ច្រក​ឆ្លងកាត់ “​ណា​គូ​ឡា​” នៅ​ទិស​ខាងកើត ដែល​ភ្ជាប់​រដ្ឋ​ស៊ី​ក​ឃីម​ជាមួយ​តំបន់​ទី​បេត៍​៕

​ទាហាន​ចិន​និង​ឥណ្ឌា​ដកចេញ​ពី​តំបន់​បឹង​ផាង​ហ្គុ​ង​ដោយ​រលូន​កាលពី​ថ្ងៃអាទិត្យ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular