ដោយៈ health.com.kh ការគេងដោយមិនលាងជម្រះគ្រឿងសម្អាងចេញពីមុខសម្រាប់ រយៈពេលពេញមួយយប់អាចបង្កគ្រោះថ្នាក់ជាច្រើនចំពោះស្បែកមុខ។ ថាតើបញ្ហាអ្វីខ្លះ អាចនឹងកើតឡើងប្រសិនបើអ្នកគេងទាំងគ្រឿងសម្អាងលើមុខ?
១. វានាំឱ្យស្ទះរន្ធញើស
ផលិតផលគ្រឿងសម្អាង ឬតុបតែងមុខភាគច្រើន ជាពិសេសប្រភេទដែលមានផ្ទុកសារធាតុ silicones ឬសារធាតុ acrylics អាចបង្កការស្ទះរន្ធញើស។ គ្រឿងផ្សំទាំងនេះជ្រាបចូលក្នុង រន្ធញើសហើយចាប់យកបាក់តេរីនិងជាតិខ្លាញ់ចូលក្នុងរន្ធញើស។ ជាលទ្ធផលរន្ធញើស នឹងស្ទះដោយសារការរួមផ្សំគ្នារវាងជាតិខ្លាញ់ ញើស និងបាក់តេរីព្រមទាំងកោសិកាស្បែក ងាប់ៗ។ បញ្ហានេះអាចកើតឡើងសូម្បីតែនៅពេលអ្នកប្រើប្រាស់គ្រឿងសម្អាងលើមុខ កំឡុងពេលថ្ងៃ ប៉ុន្តែមិនលាងជម្រះចេញពីមួយយប់។
២. វាបង្ករោគមុន
នៅពេលអ្នកមិនលាងជម្រះគ្រឿងសម្អាងលើមុខនៅមុនពេលចូលគេងស្បែកនឹងមិនអាច ទទួលបានអុកស៊ីសែនគ្រប់គ្រាន់ឡើយ។ ម្យ៉ាងវិញទៀគ្រឿងសម្អាងភាគច្រើនមាន ផ្ទុកសារធាតុគីមីដែលអាចបង្កការរលាក ដូច្នេះនៅពេលស្ថិតលើស្បែកយូរវានឹង នាំឱ្យកើតមុន។
៣. វានាំស្បែកចាស់ជាងវ័យ
ពណ៌សិប្បនិម្មត្តិនិងគ្រឿងផ្សំសារធាតុផ្សេងទៀតក្នុងគ្រឿងសម្អាងអាចពន្លឿនដំណើរការនៃភាពចាស់តាមវ័យគួរឱ្យបារម្ភ។ ស្បែករបស់យើងដើរតួនាទីជារបាំងការពារទៅនឹង បរិយាកាសខាងក្រៅ ហើយប្រសិនបើមិនលាងសម្អាតស្បែកមុខចេញសោះនៅពេល យប់នោះសមត្ថភាពក្នុងការការពាររបស់ស្បែកនឹងចុះខ្សោយបង្កជាបញ្ហាផ្សេងៗ។ បន្ថែមពីនេះគ្រឿងសម្អាងអាចនាំឱ្យរ៉ាឌីកាល់សេរីដែលយើងប៉ះផ្ទាល់កំឡុងពេលថ្ងៃស្ទះជាប់នឹងស្បែក។
៤. វាបង្ករោគឆ្លងក្នុងភ្នែកនិងបំផ្លាញរោមភ្នែករបស់អ្នក
ផលិតផលគ្រឿងតុបតែងមុខនឹងគ្រឿងសម្អាងភាគច្រើនមានផ្ទុកសារធាតុ formaldehyde និងសារធាតុពុលផ្សេងៗទៀត។ ការគេងទាំងសារធាតុពុលជាប់លើស្បែកអាចបង្កការ រលាកនិងសូម្បីតែធ្វើឱ្យរោមភ្នែកជ្រុះខ្លាំង។ ប្រសិនបើអ្នកមិនលាងជម្រះគ្រឿងសម្អាង ដូចជាម៉ាស្ការ៉ាឱ្យបានទៀងទាត់ទេនោះជាលទ្ធផលវានឹងបង្កការរលាកក្នុងភ្នែកនិងហានិភ័យ នៃជំងឺភ្នែកក្រហម។
៥. បបូរមាត់ប្រែជាស្ងួតប្រេះ
នៅពេលអ្នកលាបក្រែមកំឡុងពេលថ្ងៃជាធម្មតាវាមិនសូវជាប់ល្អទេដោយសារការញ៊ាំអាហារ និងទទួលទានភេសជ្ជៈផ្សេងៗ។ ប៉ុន្តែនៅពេលគេងក្រែមលាបមាត់អាចមានពេលគ្រប់ គ្រាន់ ដើម្បីស្រូបយកសំណើមចេញពីបបូរមាត់។ ប្រសិនបើអ្នកលាងជម្រះឬជូតក្រែមលាប មាត់ចេញពីបបូរមាត់នៅមុនពេលចូលគេងទេនោះហានិភ័យនៃបញ្ហាស្ងួតប្រេះបបូរមាត់ នឹងកើនឡើង។
៦. សក់ឡើងប្រេង ហើតស្បែកឡើងខ្លាញ់
នៅពេលអ្នកចូលគេងទាំងគ្រឿងសម្អាងជាប់លើមុខ វាអាចបង្កស្នាមប្រឡាក់ស្រោមខ្នើយ ឬពូកបានយ៉ាងងាយហើយអាចជាប់សក់និងស្បែក។ ម្យ៉ាងវិញទៀតសក់អាចជាប់ក្រែម លាបមាត់កំឡុងពេលយប់ ហើយប្រែជាឡើងប្រេងនិងជំពាក់។ការលាងជម្រះចេញឱ្យបាន ត្រឹមត្រូវមុនពេលចូលគេង គឺចាំបាច់និងសំខាន់ណាស់សម្រាប់អ្នកមានស្បែកខ្លាញ់ ខណៈដែលវាអាចបង្កឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង៕/PC