ដោយៈ សរិទ្ធ-សម្បត្តិ / ភ្នំពេញៈ យុវជនមួយក្រុម បានយកកាំបិតកាប់ និងអារ.ក យុវជនម្នាក់ ដល់ដាច់ ក ស្លាប់ នៅនឹងកន្លែង និង ២ នាក់ទៀត បានរងរបួសធ្ងន់ នៅក្នុង វង់ផឹកស៊ី ហើយសមត្ថកិច្ច ក៏បានតាមឃាត់ខ្លួនជនដៃដល់ បាន ៣ នាក់ភ្លាមៗ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩និង៥០ នាទី យប់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២១ ស្ថិតនៅក្នុងភូមិខ្ទរ សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នពេញ។
សមត្ថកិច្ច បានឲ្យដឹងថាៈ យុវជនរងគ្រោះ ទាំង ៣ នាក់នោះ មានៈ ១-ឈ្មោះ ទុ អាយុជាង ២០ ឆ្នាំ មុខរបរ ធ្វើសំណង់ មានស្រុកកណើត នៅខេត្តព្រៃវែង (ស្លាប់) ។ ២-ឈ្មោះ ចិត្រ ចាន់ឌីន អាយុ ២៥ ឆ្នាំ មានស្រុកកំណើត នៅភូមិខ្ទរ សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (រងរបួសធ្ងន់)។ ៣- នៅមិនទាន់ ស្គាល់ឈ្មោះ ស្នាក់នៅជិតកន្លែងកើតហេតុ ខាងលើ។
ប្រភព បានបន្តថាៈ មុនពេលកើតហេតុ គាត់បានឃើញជនរងគ្រោះ មួយក្រុម កំពុងតែ ផឹកស៊ី ជួបជុំគ្នាជាមួយបងប្អូន នៅក្នុងផ្ទះ លុះមកដល់ម៉ោង កើតហេតុនេះ ស្រាប់តែ លេចមុខ ជនដៃដល់ ជិះម៉ូតូ ២ គ្រឿង មានសង់ប៊ិច និងហុងដា ឌ្រីម ២០១៨ មានគ្នា ៦ នាក់ ប្រដាប់ដោយកាំបិត និង ដាវ ចុះមកកាប់ប្រហារ ទៅលើជនរងគ្រោះ យ៉ាងសាហាវព្រៃផ្សៃ បណ្តាលឲ្យយុវជនម្នាក់ ដាច់ ក ស្លាប់ម្នាក់ នៅនឹងកន្លែង និងរបួសធ្ងន់ ២ នាក់ កំពុងតែ សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត។ បន្ទាប់ពីធ្វើសកម្មភាពរួច ក្រុមជនដៃដល់ ក៏នាំគ្នារត់ឡើងម៉ូតូ ជិះចូលក្នុងការដ្ឋានមួយកន្លែង សម្ងំលាក់ខ្លួននៅក្នុងនោះ។ សមត្ថកិច្ច ខណ្ឌជ្រោយចង្វារ សហការជាមួយ កងរាជអាវុតហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងតាមចាប់ជនដៃដល់ បានភ្លាមៗ ចំនួន ៣ នាក់។ សមត្ថកិច្ច កំពុងតែស្រាវជ្រាវ រកបក្ខពួកជនដៃដល់ ដែលរត់គេចខ្លួន យកមកផ្តន្ទាទោស តាមផ្លូវច្បាប់ ៕/V-PC