អង្គភាព​៧១១ បាន​បញ្ជូន​ស្ត្រី​ម្នាក់ ឈឺពោះ​គ្រប់​ខែ សម្រាលកូន តែ​អត់​មាន​ថវិកា ទៅ​មន្ទីរពេទ្យ​

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ស្ត្រី​ម្នាក់​ឈឺពោះ​គ្រប់​ខែ សម្រាលកូន តែ​អត់​មាន​ថវិកា ត្រូវបាន​កម្លាំង​អង្គភាព ៧១១ ជួយសង្គ្រោះ​បញ្ជូនទៅ មន្ទីរពេទ្យបង្អែក ពោធិ៍ចិនតុង កាលពី​វេលា​ម៉ោង ៤​និង​៣០ នាទី ទៀបភ្លឺ ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថិតនៅ​ភូមិ​ផ្លាំ​ង សង្កាត់​កំបូល ខណ្ឌ​កំបូល ។​

​ស្ត្រី​រូបនេះ ឈ្មោះ ក្រឹក ស៊ីណា អាយុ ៣៥ ឆ្នាំ មាន​ប្តី​ឈ្មោះ ឈី​ន ពិសី អាយុ ៣៦ ឆ្នាំ​។ ទាំង ២ នាក់ គឺជា​កម្មករសំណង់ ស្នាក់នៅ​ការដ្ឋាន​សំណង់ ក្នុងភូមិ​-​ឃុំ​កើតហេតុ ខាងលើ និង​មាន​ស្រុកកំណើត នៅ​ភូមិគរ ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​ព្រមទាំង មានកូន​ប្រុស​ម្នាក់ អាយុ ១០ ឆ្នាំ កំពុង​រៀន នៅ​សាលា​ជិត​ការដ្ឋាន សំណង់​ទៀតផង ។​

​បុរស​ឈ្មោះ ឈី​ន ពិសី បាន​រៀបរាប់ថាៈ គាត់​បាន​ស្រឡាញ់គ្នា និង​ចាប់ដៃគ្នា​ជា​គូ​អនាគត អស់​រយៈពេល​ជាង ១០ ឆ្នាំ​មកហើយ ដោយ​បង្កើតបាន​កូនប្រុស​ម្នាក់ អាយុ ១០ ឆ្នាំ ។ ចំណែក​ជីវភាព​គ្រួសារ របស់គាត់ ក្រលំបាក មិនមាន​ផ្ទះសម្បែង​ទេ ហើយ​កាលពីមុន នៅ​ស្រុកកំណើត គាត់​និង​គ្រួសារ នៅចាំ​ដី​ឱ្យគេ លុះ​បច្ចុប្បន្ន មក​ធ្វើជា​កម្មករសំណង់ នៅ​ការដ្ឋាន ខាងលើនេះ ។​

​បុរស​នោះ បានបញ្ជាក់​ទៀតថាៈ ហេតុតែ​ជីវភាព​ខ្វះខាត ប្រពន្ធ​របស់គាត់ បានធ្វើការ ជា​កម្មករសំណង់ ជាមួយ​គាត់ ទាំង​ពរ​ពោះធំ អស់​រយៈពេល ចំនួន ៧ ខែ រហូត​ទាល់តែ ធ្វើការ​លែងកើត ទើប​សំរាក​ឈប់​ធ្វើការ ។​

​បុរស​នោះ បាន​បន្តទៀតថាៈ ខណៈពេល​ប្រពន្ធ​របស់គាត់ ឈប់​ធ្វើការ ពេល​ជិត​គ្រប់​ខែ ជីវភាព​របស់គាត់ រឹតតែ​ខ្វះខាត ណាមួយ ផ្គត់ផ្គង់​ជីវភាព​គ្រួសារ មានកូន​តូច​រៀន​ផង និង​ណាមួយ ត្រូវ​ផ្តល់ប្រាក់ ឱ្យ​ឪពុកម្ដាយ នៅ​ស្រុក​ទៀត គឺ​ពិតជា​ពិបាក​មែនទែន ។ លុះ​រហូតដល់​ប្រពន្ធ គ្រប់​ខែ​ឈឺពោះ សម្រាលកូន គាត់​ក៏​អត់​មាន​លុយ​ទៀត​មិនដឹង​គិត យ៉ាងម៉េច​ឡើយ ប៉ុន្តែ​គ្រានោះ បាន​អ្នកជិតខាង ជួយ​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​របស់ ក្រុម​អង្គភាព ៧១១ មកជួយ​ដឹកយក​ទៅ មន្ទីរពេទ្យបង្អែក​ពោធិ៍ចិនតុង​តែ​មិនទាន់​សម្រាល កូន នៅឡើយ​ទេ គឺ​កំពុងតែ​រង់ចាំ​សម្រាល​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular