Home ព័ត៌មានជាតិ រដ្ឋាភិបាល​ជប...

រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ថវិកា​ចំនួន​២​លាន​ដុល្លារ​ដល់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​ទៅលើ​សន្តិសុខ​ស្បៀង​

​ដោយៈ​សុផល​/​ភ្នំពេញ​៖ដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ជំនួយ​ជា​ថវិកា​ចំនួន​២​លាន​ដុល្លារ​អាមេរិក​ដល់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​នៃ​អង្គការសហប្រជាជាតិ​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​ទៅលើ​សន្តិសុខ​ស្បៀង​របស់​ក្រុមគ្រួសារ​និង​សហគមន៍​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ​កម្ពុជា​។​

​កិច្ចព្រមព្រៀង​ផ្តល់ជំនួយ​នេះ​ត្រូវបាន​ចុះហត្ថលេខា​នៅ​ព្រឹកថ្ងៃទី​២២​កុម្ភៈ​នេះ​រវាង​លោក MI KAMI Masahiro ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុន​ប្រចាំ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​និង​លោកស្រី Claire CONAN ជា​តំណាង​និង​ជានា​យក​ប្រចាំ​ប្រទេស​នៃ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ក្រោម​អធិបតីភាព​និង​ការចូលរួម​ជា សាក្សី​ដោយ​លោក ង៉ាន់ ចំរើន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈ​កម្មាធិកា​រ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោមជាតិ       (​គ​.​ជ​.​អ​.​ប​)​។​

​លោក Mikami Masahiro ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​ជប៉ុន​ប្រចាំ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុ​ជាមាន​ប្រសាសន៍ថា​«​កាលពី​ឆ្នាំមុន​ប្រទេស​កម្ពុជា​បានទទួល​រងនូវ​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​ជា​បន្តបន្ទាប់ ដែល​ប៉ះពាល់​ដល់​ប្រជាជន​មួយចំនួនធំ ក៏ដូចជា​បង្ក​ឲ្យ​មាន​ការ​បាត់បង់​ជីវិត​និង​ការខូចខាត​ផ្នែក​រូបវ័ន្ត​ទៅលើ​ទ្រព្យសម្បត្តិ​ជាច្រើន​។ ខ្ញុំ​មាន​ក្ដីសង្ឃឹម​ដោយស្មោះ​ថា គម្រោង​នេះ​នឹង​កាត់បន្ថយ​ផលប៉ះពាល់​ទៅលើ​សន្តិសុខ​ស្បៀង​របស់​ក្រុម​គ្រួសារ​និង​សហគមន៍​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​»​។

​នៅក្នុង​គម្រោង​នេះ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​នឹង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គ​.​ជ​.​អ​.​ប​និង​ដៃគូ​នានា​ដើម្បី​ធ្វើការ​វាយតម្លៃ​គ្រប់​ជ្រុងជ្រោយ​ទៅលើ​សន្តិសុខ​ស្បៀង​និង​អាហារូបត្ថម្ភ​នៅក្នុង​តំបន់​រងគ្រោះ​ដោយ​ទឹកជំនន់​និង​គាំទ្រ​ដល់​ការស្តារ​សហគមន៍​ឡើង​វិញ​តាមរយៈ​ការស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ខូចខាត​និង​ការពង្រឹង​សមត្ថភាព​ធ្វើ​ផែនការ​និង​ចំណេះដឹង​មូលដ្ឋាន​ស្តីពី​សន្តិសុខ​ស្បៀង​ការត្រៀម​បង្ការ​និង​ការកាត់បន្ថយ​គ្រោះ​មហ​ន្តរាយ​។​គម្រោង​នេះ​បានកំណត់​គោលដៅ​នៅក្នុង​ឃុំ​ចំនួន​១៦​នៅក្នុង​ខេត្តបាត់ដំបង ពោ​ធី៍​សាត់ កំពង់ឆ្នាំង និង​កំពង់ធំ​។​

​លោកស្រី Claire CONAN តំណាង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​បាន​លើកឡើងថា​៖«​យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ជប៉ុន​ដែល​បាន​គាំទ្រ ដល់​កិច្ចការ​កាត់បន្ថយ​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​កាលពី​ឆ្នាំមុន​។​ជំនួយ​នេះ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ក្រុមគ្រួសារ​ងាយ​រងគ្រោះ​ដែល​រស់នៅក្នុង​សហគមន៍​ដែល​ងាយ​ជន់​លិច​ដោយ​ទឹកជំនន់ដែល​ប៉ះពាល់​ទៅលើ​ជីវភាព​និង​ប្រព័ន្ធ​ស្បៀង​របស់​ពួកគាត់ ហើយ​​ជំនួយ​នេះ​នឹង​ជួយ​ការពារ​ពួកគាត់​ពី​វិបត្តិ​នាពេល​អនាគត​» ។​

​ក្នុងអំឡុងពេល​មួយ​ទសវត្ស​កន្លងមកនេះ ប្រទេស​កម្ពុជា​បាន​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​ធ្ងន់ធ្ងរ​ចំនួន​៤​លើក​។ លើកចុងក្រោយ​បង្អស់​នៅក្នុង​ខែតុលា​ឆ្នាំមុន ទឹកជំនន់​បាន​បង្ក​ឱ្យ​ក្រុមគ្រួសារ​ចំនួន​១៤.២៩៩​គ្រួសារ​ផ្លាស់ប្ដូរ​ទីលំនៅ និង​ប៉ះពាល់​ដោយផ្ទាល់​ទៅលើ​ក្រុមគ្រួសារ​ចំនួន​១៧៦.០០០​គ្រួសារ(​ជិត៨០០.០០០ នាក់​)ក្នុង​ខេត្ត​ចំនួន​១៤​។លំនៅ​ដ្ឋា​ន ហេដ្ឋារចនាសម្ព័ន្ធ​និង​ដី​កសិកម្ម​រង​ការ​ជន់​លិច​និង​ខូចខាត​យ៉ាងដំណំ​។​ប្រទេស​កម្ពុជា​ជាប់​​ចំណាត់ថ្នាក់​ទី​១៦​ក្នុងចំណោម​ប្រទេស​ទាំង​១៨១ នៅក្នុង​ស​ន្ទ​ស្សន៍​ហានិភ័យ​ពិភព​លោក​ឆ្នាំ​២០២០ ដែល​កំណត់​ទៅលើ​ភាព​ងាយ​រងគ្រោះ​ខ្ពស់​ដោយសារ​គ្រោះ​មហន្តរាយ​ធម្មជាតិ​។​

​វិបត្តិ​ផ្នែក​អាកាសធាតុ​ដូចជា​ទឹកជំនន់​និង​គ្រោះរាំងស្ងួត​កើតមាន​ជា​ញឹកញាប់​នៅតាម​សហ​គមន៍​ហើយ​កំណើន​និង​កម្រិត​នៃ​គ្រោះមហន្តរាយ​នេះ​ទំនងជា​នឹង​កើនឡើង​នាពេល​អនាគត ដោយសារ​ឥទ្ធិពល​នៃ​ការផ្លាស់ប្តូរ​អាកាសធាតុ​និង​ការបាត់បង់​ធនធានធម្មជាតិ ដែល​ប៉ះពាល់​ដល់​សហគមន៍​ក្រីក្រ​មួយចំនួន​។

​ចាប់តាំងពី​ឆ្នាំ​១៩៩៨​មក​រដ្ឋាភិបាល​ជប៉ុន​គឺជា​ដៃគូ​ដ៏​សំខាន់​របស់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ដែល​បាន​ចូលរួម​វិភាគទាន​ចំនួន​២២​លាន​ដុល្លារ​អាមេរិក​ក្នុងអំឡុងពេល​១០​ឆ្នាំ​កន្លងមកនេះ​តាមរយៈ​ជំនួយ​ជា​សម្ភារៈ (​អង្ករ និង​ត្រី​កំប៉ុង​) និង​ជំនួយ​ជា​ទឹកប្រាក់ ក្នុងការ​គាំទ្រ​លើ​វិស័យ​សន្តិសុខ​ស្បៀង​និង​អាហារូបត្ថម្ភ​។ នៅ​ឆ្នាំ​២០១៩ ប្រទេស​ជប៉ុន​បាន​ចូលរួម​វិភាគទាន​ចំនួន​២,៧​លាន​ដុល្លារ​អាមេរិក​ដល់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ដើម្បី​លើកកម្ពស់​កសាង​ភាព​ធន់​របស់​សហគម​ន៍​នៅ​កម្ពុជា​ដើម្បី​ទប់​ទល់នឹង​វិបត្តិ​និង​កសាង​សមត្ថភាព​ស្ថាប័ន​ក្នុងការ​ត្រៀមលក្ខណៈ​ទប់​ទល់នឹង​គ្រោះអាសន្ន​។​ជំនួយ​គាំទ្រ​នេះ​បាន​បង្កើត​នូវ​សមិទ្ធិផល​ចំនួន​បី​គឺ​ទី​១)​ការសាងសង់​មជ្ឈមណ្ឌល​ជម្លៀស​ពី​ទឹកជំនន់​ចំនួន​៦ នៅក្នុង​ខេត្ត​ចំនួន​៣​ដែល​ងាយ​រងគ្រោះ​ដោយ​ទឹកជំនន់ ទី​២) ការពង្រឹង​ផែនការ​គ្រប់គ្រង​ហានិភ័យ​គ្រោះមហន្តរាយ នៅ​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ និង​ថ្នាក់​សហគមន៍ និងទី​៣) ការលើកកម្ពស់​ការចាត់​វិធានការ​ទាន់ពេល​វរ​លា​តាមរយៈ​ប្រព័ន្ធ​ប្រកាសអាសន្ន​ជាមុន​៕Ph

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleនៅ​ព្រឹក​ថ្ងៃទី​២២​ខែកុម្ភៈ​នេះ​ក្រសួង​អប់រំ​ចេញ​សេចក្តីជូនដំណឹង​ថ្មី​មួយទៀត​ស្តីពី​ការ​រឹតបន្តឹង​ការអនុវត្ត​វិធានការ​សុវត្ថិភាព​សុខភាព​សិក្សា នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ទូទាំងប្រទេស​៕
Next articleកាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ  លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការ និងអគ្គនាយមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ជាអធិបតី ទទួលកម្លាំងកងវិស្វកម្មសំណង់ មួកខៀវ ២០៤នាក់ ក្នុងនោះមានកម្លាំងនារី១០នាក់ បានធ្វើមាតុភូមិនិវត្តន៍ ពីបេសកកម្មរបស់អ.ស.ប. នៅសាធារណរដ្ឋ អាហ្វ្រិកកណ្តាល ដោយជោគជ័យ។ កម្លាំងទាំង២០៤នាក់នេះត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ៕
- Advertisment -

Most Popular