ដោយៈសុផល / ភ្នំពេញៈ ការិយាល័យផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតអាមេរិក នៅរាជធានីភ្នំពេញ របស់ក្រសួងការបរទេស សហរដ្ឋអាមេរិក កំពុងស្វែងរកដៃគូ អង្គការនានា ឲ្យចូលរួមដាក់គម្រោង ស្នើជំនួយជាថវិកា ក្នុងការផលិតនូវ របាយការណ៍ ការសិក្សាស្រាវជ្រាវ ឬភាពយន្តឯកសារ ដើម្បីរំលឹកនូវខួបលើកទី៣០ នៃកិច្ចព្រមព្រៀង សន្តិភាព ទីក្រុងប៉ារីស នាថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២១ ធ្វើការវិភាគ និងវាយតម្លៃ ពីវឌ្ឍនភាពរបស់ ប្រទេសកម្ពុជា គិតមកដល់ពេលនេះ ក្នុងការបំពេញបាន តាមការសន្យា ដែលមានចែង នៅក្នុងកិច្ចព្រមព្រៀង ហើយផ្តល់អនុសាសន៍ ស្តីពីជំហានបន្ទាប់ ជូនរាជរដ្ឋាភិបាលកម្ពុជា និងប្រទេស ដែលបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះ។
ជំនួយជាថវិកាសរុប សម្រាប់គម្រោងស្នើនេះ ទទួលបានក្នុងរង្វង់ ចាប់ពី ២៥.០០០ ដុល្លារ ដល់ ៣០.០០០ ដុល្លារអាមេរិក។ ស្ថានទូតអាមេរិក ប្រចាំនៅភ្នំពេញ សូមអញ្ជើញ ក្រុមអ្នកជំនាញ ផ្តល់ប្រឹក្សា ឬអង្គការស្ថាប័ននានា សរសេរគម្រោងផ្សេងៗទាក់ទងនឹង ការសិក្សាស្រាវជ្រាវ និងចេញរបាយការណ៍ គ្រប់ជ្រុងជ្រោយ ឬចងក្រងឯកសារ ដែលវិភាគលើវឌ្ឍនភាព របស់ប្រទេសកម្ពុជា គិតមកដល់ពេលនេះ ក្នុងការបំពេញបាន តាមការសន្យា ដែលមានចែង នៅក្នុងកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ឆ្នាំ ១៩៩១។
ថ្ងៃកំណត់ ត្រូវចេញផ្សាយឯកសារ គឺនៅចុងខែតុលា ដើម្បីឲ្យត្រូវនឹងខួបលើកទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាព នាថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២១។ កាលបរិច្ឆេទឈប់ទទួល ពាក្យ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ហើយជំនួយដែលអនុម័ត នឹងផ្តល់ត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២១ ។ គម្រោងដែលអនុម័ត គួរត្រូវអនុវត្តបញ្ចប់ត្រឹម ថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២១៕/V-PC