ដោយៈ បូកគោ / កំពតៈ មណ្ឌលកម្សាន្តដូងទេរ ជាផ្នែកមួយ នៃបណ្តុំទេសរចណ៍ តំបន់ទឹកឈូ ដែលអភិវឌ្ឍន៍ខ្លួន បានរីកចម្រើន យ៉ាងឆាប់រហ័ស។ ផ្តើមចេញពីការប្រើ ប្រាស់កម្លាំង ត្រឹមតែ ៥ទៅ៦នាក់ កាលពី ៤ ឆ្នាំមុន បច្ចុប្បន្ន អ្នកស្រុក ប្រមាណជាង ៥០ នាក់ មានការងារធ្វើ ដែលជាឱកាសទទួលបាន ប្រាក់ចំណូល ពីម្ចាស់សេវាកម្មទេសចរណ៍ ក្នុងបរិវេណមណ្ឌលលម្ហែ ដ៏ពេញនិយមរបស់ភ្ញៀវជិតឆ្ងាយ សម្រាប់កន្លែងមួយនេះ។
ម្ចាស់រមណីយដ្ឋានដូងទេរ លោក លី រតនា បានរៀបរាប់ថាៈ មណ្ឌលកម្សាន្តរបស់លោក បានចាប់ផ្តើមដំណើរការ កាលពី ៤ ឆ្នាំមុន។ គ្រានោះ លោកមានលទ្ធភាព យកមនុស្ស មកបម្រើការងារ ត្រឹម ៥ទៅ៦នាក់ និងមានខ្យូស រួមទាំងកន្លែងអង្គុយលេងតែ ៥ ខ្នងប៉ុណ្ណោះ។ ប៉ុន្តែមកដល់សព្វថ្ងៃ លោកបានពង្រីកអាជីវកម្ម ដោយបង្កើតបានខ្យូស និងកន្លែងអង្គុយសម្រាកលម្ហែ ជាង ៥០ ព្រមទាំងមានបន្ទប់ស្នាក់ ចំនួន ១៨ ផងដែរ។
ម្ចាស់មណ្ឌលកម្សាន្ត បានបញ្ជាក់ថាៈ សម្រាប់អ្នកបម្រើការងារវិញ ក៏បានកើនឡើង រហូតដល់ជាង ៥០ នាក់ ដោយ ១០ នាក់ ទទួលប្រាក់ចំណូល ប្រចាំខែ និងជាង ៤០ នាក់ទៀត បើកជូនប្រចាំថ្ងៃ ជាទៀងទាត់។ ដោយឡែក រាល់ពេលបុណ្យទានម្តងៗ គឺតម្រូវឱ្យលោក រកកម្លាំងបន្ថែម ដើម្បីបម្រើសេវា ជូនភ្ញៀវ បានទាន់ពេលវេលា។ ក្នុងនោះ លោកបានផ្តល់អាទិភាពចម្បង លើសិស្ស ដែលជាអ្នករស់នៅ ក្នុងស្រុក ភូមិនេះ ដើម្បីបានចំណូល ស្របពេលពួកគេ សម្រាកថ្ងៃបុណ្យ ឬថ្ងៃអាទិត្យ ជាដើម។
លោក លី រតនា បានបង្ហើបឱ្យដឹងថាៈ តទៅ លោកមានផែនការបង្កើត គម្រោងធំៗពីរ បន្ថែមទៀត គឺអាងសម្រាប់កីឡាលើទឹក និងលក់ម្ហូបអាហារខ្មែរ -អឺរ៉ុប តាមបែបធម្មជាតិ នាពេលយប់ ប៉ុន្តែកំពុងស្ថិតក្នុងការស្ទាបស្ទង់ លទ្ធភាពនៅឡើយ ព្រោះផ្ទៃដី ហាក់ដូចជា ចង្អៀតបន្តិច។ សព្វថ្ងៃ ដីមួយផ្នែក លោកអនុញ្ញាត ឱ្យអ្នកភូមិ លក់ដូររបស់របរផ្សេងៗ ទាំងមិនគិតកម្រៃឡើយ គ្រាន់តែសូមឱ្យពួកគាត់ រកស៊ីប្រកបដោយសុខដុមនីយកម្ម ជាមួយគ្នា និងជួយថែរក្សា សម្អាតអនាម័យ ដើម្បីស័ក្តិសមជាមណ្ឌលកម្សាន្តជា ការស្រេច៕/V-PC