ដោយៈ រ៉ាម៉ន / ភ្នំពេញៈ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើក កិច្ចប្រជុំ ដើម្បីប្រកាសសមាសភាព ក្រុមការងារផែនការហិរញ្ញវត្ថុ លើការគ្រប់គ្រងលូ ទឹកកខ្វក់ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ និងតំណាងអង្គការចៃកា ( JICA ) ជប៉ុន ព្រមទាំងមន្ត្រីជំនាញ ពាក់ព័ន្ធមួយចំនួនទៀត។
ក្រុមការងារនេះ មានលោក ឃួង ស្រេង ជាប្រធាន, លោក កើត ឆែ , លោក កែ ពន្លក ជាអនុប្រធាន និងមានសមាជិកចំនួន ៨ រូបទៀត។ ក្រុមការងារនេះ មានតួនាទី និងភារកិច្ច ដូចតទៅ៖ រៀបចំផែនការយុទ្ធសាស្ត្រថវិកា និងផែនការថវិកា ប្រចាំឆ្នាំ សំរាប់ការងារ គ្រប់គ្រង ជួសជុល និងថែទាំគម្រោងអភិវឌ្ឍន៍ ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាធានីភ្នំពេញ។ រៀបចំសុំបញ្ចូលគម្រោងចំណាយ ប្រតិបត្តិការ ជួសជុល និង ថែទាំ ទៅក្នុងផែនការ យុទ្ធសាស្ត្រថវិកា ផែនការវិនិយោគ ៣ ឆ្នាំរំកិល និងផែនការប្រចាំឆ្នាំរបស់រដ្ឋបាលរាជធានី ភ្នំពេញ ដើម្បីធានាបាននូវស្ថិរភាព នៃការអនុវត្តគម្រោង។ រៀបចំអនុវត្តគម្រោងចំណាយ ឱ្យបាន ស្របតាមនីតិវិធី ហិរញ្ញវត្ថុ ជាធរមាន។
ក្នុងឱកាសនោះ លោកអភិបាលរាជធានីភ្នំពេញ បានអបអរសាទរការបង្កើតក្រុមការងារនេះ ពិតជាមានសារសំខាន់ណាស់ ដូច្នេះ ក្រុមការងារ ត្រូវធ្វើការ ត្រួតពិនិត្យ គុណភាព និងភាពគ្រប់ជ្រុងជ្រោយ នៃប្រត្តិបត្តិការ ក្នុងការអនុវត្តគម្រោង, បំពេញភារកិច្ចសម្រប សម្រួលការងារ ពាក់ពន្ធ័ផ្សេងៗទៀត តាមការចង្អុលបង្ហាញរបស់ រាជរដ្ឋាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធ។
ជាមួយគ្នានោះ លោកក៏បានថ្លែងអំណរគុណ ដល់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន (ហៅកាត់ ចៃកា JIca ) ដែលបានធ្វើការងារ លើបញ្ហាលូទឹកកខ្វក់ នៅរាជធានីភ្នំពេញ រយៈពេល ២ ឆ្នាំកន្លងមកហើយ ដែលនៅបន្តធ្វើកិច្ចការនេះ រយៈពេល២ឆ្នាំទៅមុខទៀត៕/V-PC