ដោយ៖តារារិទ្ធ/ភ្នំពេញ៖ខេត្តកណ្តាលដែលជាខេត្តមួយព័ទ្ធជុំវិញរាជធានិភ្នំពេញគឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងសេវាកម្មដ៏សំខាន់សរុបជារួមក្នុងមួយឆ្នាំខេត្តកណ្តាលអាច ស្រូបយកចំណូល ៣៨២ ៩១៨ ៦៨០ ដុល្លារអាមេរិក,ខណៈប្រាក់ចំណូលបានពីវិស័យផលិតសម្លៀកបំពាក់និងដេរស្បែកជើងក្នុង១ ខែទទួលបានជាង ៣១ ៩០៩ ៨៩០ ដុល្លារអាមេរិកមុនពេលកូវីដ១៩ ។ នេះបើយោងតាមការបញ្ជាក់របស់លោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ។
លោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាលបានថ្លែងឲ្យដឹងដូចនេះនៅក្នុងសន្និសីទសារព័ត៌មានស្តិពី«វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់និងទិសដៅការងារបន្ដរបស់ខេត្ត កណ្ដាល»ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈឆ្នាំ ២០២១ ។
លោក ម៉ៅ ភិរុណ បានឲ្យដឹងទៀតថា សម្រាប់រយៈពេលគិតត្រឹមឆ្នាំ ២០២០ ខេត្តកណ្តាលមានរោងចក្រសហគ្រាស ៤៥១ ក្នុងនោះវិស័យផលិតសម្លៀកបំពាក់ស្បែកជើងមានចំនួន១៤៥ រោងចក្រ ។ រោងចក្រសហគ្រាសជាង៤៥១នេះបានរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅក្នុងខេត្តកណ្តាលបានយ៉ាងល្អ។ លោកបន្តថាក្រៅពីនេះនៅមានវិស័យផលិតសម្លៀកបំពាក់នៅ មានវិស័យធនាគារនិងហិរញ្ញាវត្ថុចំនួន១៣៦ កន្លែង,វិស័យផលិតឥដ្ឋមានចំនួន៧៣ កន្លែងដែលបានផ្តល់ការងារដល់កម្មករចំនួនប្រមាណ១៣១,១១៣នាក់(ស្រីចំនួន១១១,៩១៤នាក់)។ ចំពោះវិស័យផលិតសម្លៀកបំពាក់និងដេរស្បែកជើងនៅក្នុងខេត្តកណ្តាលសរុបចំនួន១៤៤ បានស្រូបប្រាក់ចំណូលក្នុង១ខែបានចំនួនជាង៣១ ៩០៩ ៨៩០ដុល្លារអាមេរិក ។ សរុបជារួមក្នុងមួយឆ្នាំខេត្តកណ្តាលអាចស្រូបចំនូល ៣៨២ ៩១៨ ៦៨០ ដុល្លារអាមេរិក។
ក៏ប៉ុន្តែក្នុងដំណាក់កាលកូវីដ ១៩ គិតត្រឹមខែកុម្ភៈឆ្នាំ ២០២១ ខេត្តមានរោងចក្រសហគ្រាសសរុបចំនួន ៧៨ កន្លែងបានស្នើព្យូរកិច្ចសន្យាការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្មនិងមានកម្មករសុំព្យួការងារសរុបចំនួន៦៤,៩៤២នាក់ (ស្រី៣៦១៥នាក់)ស្មើនឹង៤៩.៥៣%នៃចំនួនកម្មករសរុប ៕