Home ព័ត៌មានសំខាន់ៗ ​សាលារៀន​ចំនួ...

​សាលារៀន​ចំនួន​ប្រាំពីរ​ត្រូវបាន​ផ្អាក​ដោយសារ​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០​កុម្ភៈ​

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈមន្ត្រី​នាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា​បានឱ្យដឹងថា​គិត​មកដល់​ថ្ងៃទី​២២ ខែកុម្ភៈ​ឆ្នាំ​២០២១​នេះ​មាន សាលារៀន​ចំនួន​ប្រាំពីរ​ហើយ​ដែល​ត្រូវបាន​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ប្រកាស​ឲ្យ​ផ្អាក​ជា​បណ្តោះអាសន្ន​បន្ទាប់ពី​សាលារៀន​ទាំងនោះ ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០​កុម្ភៈ​២០២១។​

​ ​លោករ​ស់សុ​វាចា​មន្ត្រី​នាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​នា​រសៀល​ថ្ងៃទី​២២​ខែកុម្ភៈ​នេះ​ថា​សាលារៀន​ដែល​ត្រូវបាន​ក្រសួង​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​ក្នុងនេះ​រួមមាន​ក្នុង​រាជធានី​ភ្នំពេញ​និង​ខេត្តកណ្តាល​។​សម្រាប់​សាលារៀន​ដែល​បិទ​នេះដែរ​មាន​សាលារៀន​ឯកជន​ចំនួន​ពីរ និង​សាលារៀន​រដ្ឋ​ចំនួន​ប្រាំ​។​

​ គួរបញ្ជាក់​ថា​នៅ​ថ្ងៃទី​២២​ខែកុម្ភៈ​នេះ​ក្រសួង​អប់រំ​បានសម្រេច​បិទ​សាលារៀន ចំនួន​៥​ផ្សេងទៀត ដោយមាន​ដូចជា​អនុវិទ្យាល័យ​ឬ​ស្សី​ជ្រោយ សាលាបឋមសិក្សា ហ៊ុន សែន ឬ​ស្សី​ជ្រោយ ស្រុក​ស្អាង អនុវិទ្យាល័យ​ឬ​ស្សី​ស្រុក ស្រុក​កៀនស្វាយ ខេត្តកណ្តាល​, សាលាបឋមសិក្សា​កូ​លាប​ទី​១ និង​សាលារៀន​អន្តរទ្វីប​អាមេរិកាំង សាខា​ចាក់អង្រែ រាជធានី​ភ្នំពេញ​។

​ដោយឡែក​កាលពី​យប់​ថ្ងៃទី ទី​២១ ខែកុម្ភៈ​ឆ្នាំ​២០២១​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រា​កស បិទ​សាលារៀន​ចំនួន​២ ក្នុងនោះ​ជា​វិទ្យាល័យ​សម្តេច​ហ៊ុនសែន​ភ្នំពេញ​ថ្មី និង​សាលា​អន្តរជាតិ​អេស អាយ អេស សាខា​ឡាក់​គី​ស្តារ ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​សុខាភិបាល​ប្រមូល​សំណាក​សម្រាប់​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០​កុម្ភៈ​។​

ជាមួយ​ការបិទ​សាលារៀន​ជា​បណ្តោះអាសន្ន​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល់​ជំងឺ​កូ​វីដ​១៩​នេះដែរ​ក្រសួង​អប់រំ​ការសម្រេច​ផ្អាក ដំណើរការ​សាលារៀន​ទាំងអស់នេះ​ដោយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​បញ្ជាក់ថា​ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សាលារៀន និង​រីក​រាលដាល​ក្នុង​សហគមន៍​ក្រោយ​បាន​ពាក់ព័ន្ធ​នឹង​ព្រឹ​ត្ត​ការណ៍​សហគមន៍​២០​កុម្ភៈ​រួចមក​។

​ទន្ទឹមនេះ​ក្រសួង​អប់រំ​បាន​កំណត់ឱ្យ បុគ្គលិក​អប់រំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ទាំងអស់ រួមទាំង​កម្មករ និង​អ្នកលក់ដូរ នៃ​គ្រឹះស្ថានសិក្សា​ទាំង​២ ខាងលើ ដែល​ពាក់ព័ន្ធ​នឹង​ព្រឹ​ត្ត​ការណ៍​សហគមន៍​២០​កុម្ភៈ ត្រូវ​មកកាន់​សាលា នៅ​ថ្ងៃទី​២២ ខែកុម្ភៈ វេលា​ម៉ោង ៩ ព្រឹក ដើម្បីឱ្យ​មន្ត្រី​សុខាភិបាល​ធ្វើ​ការយក​សំណាក សូម​សាលា​រៀបចំ​ទីតាំង​សម្រាប់ ប្រមូល​សំណាក និង​មាន​មន្ត្រី​បង្គោល​មួយ​សម្រាប់​ទំនាក់ទំនង​ជាមួយ​មន្ត្រី​សុខាភិបាល ។​

​ក្រសួង​អប់រំ​បាន​អំពាវនាវ​ឱ្យ​បុគ្គលិក​អប់រំ មាតាបិតា អ្នកអាណាព្យាបាល និង​សិស្សានុសិស្ស​ពាក់ព័ន្ធ​នឹង​គ្រឹះស្ថានសិក្សា​ខាងលើ សូម​បន្ត​តាមដាន​សុខភាព​ផ្ទាល់ខ្លួន និង​ក្នុងករណី​មានការ​សង្ស័យ សូម​ទំនាក់ទំនង​ទៅ​សេវា​សុខាភិបាល​។​
​ក្រៅពីនេះ​ក្រសួង​អប់រំ​បានឱ្យ​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ គណៈ​គ្រប់ គ្រង​គ្រឹះស្ថានសិក្សា បុគ្គលិក​អប់រំ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស​គ្រប់រូប ចូលរួម​សហការ​អនុវត្ត ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​

​ដោយឡែក​នៅ​ថ្ងៃទី​២២​ខែកុម្ភៈ​ដដែល​នេះ​ក្រសួង​អប់រំ​ក៏បាន​ចេញ​សេចក្ដីជូនដំណឹង​រឹតបន្តឹង​ការអនុវត្ត​វិធានការ​សុវត្ថិភាព​សុខភាព​សិក្សា នៅតាម​សាលា​រដ្ឋ និង​ឯកជន​ទូទាំងប្រទេស​ផងដែរ​។​
ក្នុង​សេចក្តីជូនដំណឹង​នេះ​ក្រសួង​បាន​ពន្យល់ថា ដោយសារ​ស្ថានភាព​នៃ​ការចម្លង​ក្នុង​សហគមន៍ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ មាន​លក្ខណៈ​ធំ​ជាង និង សាំញ៉ាំ​ជាង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ក្រសួង សូម​ស្នើ​គ្រឹះស្ថានសិក្សា​សាធារណៈ និង ឯកជន​ទាំងអស់ រឹតបណ្ដឹង​ការអនុវត្ត​វិធានការ​សុវត្ថិភាព​សុខភាព​សិក្សា និង​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិធានការ «៣​ការពារ និង​៣​កុំ​’» តាម​អនុសាសន៍​ណែនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។​ដោយ​ត្រូវ​អនុវត្តន៍​រួមមាន​៖
១) អនុវត្ត​ឱ្យបាន​យ៉ាង​ម៉ឺង​មាត់​នូវ គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ (SOP) សម្រាប់​ដំណើរការ​គ្រឹះស្ថានសិក្សា ឡើងវិញ​ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​-១៩ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ចុះ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២០
២) បុគ្គលិក​អប់រំ និង​សិស្សានុសិស្ស ត្រូវ​ចៀសវាង​ទៅកាន់​ទីកន្លែង ដែលមាន​ហានិភ័យ​ខ្ពស់​ឆ្លង​កូ​វីដ​-១៩
៣) ផ្អាក​ការជួបជុំ និង​សកម្មភាព​កីឡា ដែលមាន​អ្នកចូលរួម​លើសពី ២០ នាក់​
៤) គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា ត្រូវ​រាយការណ៍​ជាបន្ទាន់ ទៅកាន់​អាជ្ញា​ធរមាន​សមត្ថកិច្ច អំពី​វត្ត​មាននៃ​ការជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​បុគ្គល ដែល​បាន​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​
៥)​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា ត្រូវ​បូកសរុប​របាយការណ៍ ស្ដីពី​ចំនួន​បុគ្គលិក​អប់រំ ដែល​សង្ស័យថា មាន​ទំនាក់ទំនង​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​
៦) បុគ្គលិក​អប់រំ ដែលមាន​ការប៉ះពាល់ ត្រូវ​រាយការណ៍​ជាបន្ទាន់ ទៅ​អាជ្ញាធរ​អប់រំ​តាម​ឋានានុក្រម និង​អនុវត្ត​វិធាន​ច​ត្តា​ឡី​ស័ក ឱ្យបាន​ត្រឹមត្រូវ​បំផុត​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular