Home ព័ត៌មានជាតិ សង្គម បញ្ចុះ​ខណ្ឌសី...

បញ្ចុះ​ខណ្ឌសីមា នៅ​វត្ត​ស្តេច​ព្រះ​ពន្លាជ័យ ហៅ​វត្តភ្នំ​ពិស្ស​

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ ព្រះវិហារ​នៅ​វត្ត​ស្តេច​ព្រះ​ពន្លាជ័យ ហៅ​វត្តភ្នំ​ពិស្ស ស្ថិតក្នុង​ភូមិ​ពិស ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​បាន​ប្រារព្ធ​ពិធី​បញ្ចុះ​ខណ្ឌសីមា​កាលពី​ថ្ងៃទី​២១​ខែកុម្ភៈ ក្រោម​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក វន វណ្ណៈ និង លោក ហម រ៉​ន អគ្គនាយក​ក្រុមហ៊ុន​បុរី វី​អាយ​ភី លោក សរ សុ​ពុ​ត្រា អភិបាលរង​ខេត្តកំពង់ស្ពឺ​ព្រមទាំង​ថ្នាក់ដឹកនាំ​ខេត្ត និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

​វត្ត​ស្តេច​ព្រះ​ពន្លាជ័យ​ភ្នំ​ពិ​ស្ស៍ (​មហានិកាយ​) មាន​ចម្ងាយ​៧០​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តកំពង់ស្ពឺ​។ វត្ត​នេះ​មានឈ្មោះ​ដើម​ថា វត្ត​ចាស់​លោក​ធុ​ត្ត​ង្គ​ភ្នំ​ពិ​ស្ស៍​បាន​កសាង​កាលពី​ឆ្នាំ​២០០០​ដោយ​ព្រះសង្ឃ​ធុតង្គ​នៅទីនេះ​ក្រោម​ការឧបត្ថម្ភ​ដោយ​ពុទ្ធបរិស័ទ​ជើងវត្ត តែ​សមិទ្ធផល​នៅក្នុង​វត្ត​នេះ គឺ​មានតែ​សាលាឆាន់​ប៉ុណ្ណោះ ទើប​សប្បុរសជន​នានា​រួម​កសាង​ជា​វិហារ ដោយ​លោក វន វណ្ណៈ អគ្គនាយក​ក្រុមហ៊ុន​បុរី វី​អាយ​ភី​ក៏​ជា​សប្បុរសជន​សំខាន់​មួយ នៅក្នុង​គម្រោង​សាងសង់​ព្រះវិហារ​នេះ និង​សមិទ្ធផល មួយចំនួន​។

​វត្ត​ចាស់​លោក​ធុតង្គ​ភ្នំ​ពិ​ស្ស៍​នេះ កាលដើមឡើយ​មាន​ស្តេច​ទ្រង់​បោះ​ពន្លា​នៅលើ​ភ្នំ​នេះ ទើប​វត្ត​នេះ ត្រូវបាន​ប្រសិទ្ធ​នាម​ថា វត្ត​ស្តេច​ព្រះ​ពន្លាជ័យ​តែម្តង​។ មុន​ឆ្នាំ ១៩៧៤ ទីតាំង​នេះ គឺជា​កន្លែង​ដំណាក់​ស្ដេច​។ ចាប់ពី​ឆ្នាំ ១៩៧៥ ដល់​ឆ្នាំ ១៩៧៩ ខ្មែរក្រហម​បាន​បំផ្លាញ់​អស់ហើយ​យក​វត្ត​ធ្វើជា​ទីតាំង​រោង​សិប្បកម្ម និង​តម្បាញ​។ ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ ក្រោម​ការដឹកនាំ​របស់​រណ​សិ​រ្យ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ព្រះពុទ្ធសាសនា​ត្រូវបាន​បង្កើត​ឲ្យ​មាន​ឡើងវិញ​។ ពី​ឆ្នាំ ២០០២ ព្រះ​តេជគុណ​ព្រះនាម ព្រំ អ៊ុន ជា​ចៅអធិការ​កសាងបាន សាលាឆាន់​មួយ ឧបត្ថម្ភ​ដោយ​ពុទ្ធបរិស័ទ​ជើងវត្ត​។ ក្រោយមក​ព្រះ​តេជគុណ​ព្រះនាម បញ្ញា​ធ​រោ អង្គ​តា​ក្រវ៉ា​ញ កសាងបាន​បន្ត​កសាង​សមិទ្ធផល​ផ្សេងៗ​។

​លោក វន វណ្ណៈ បាន​ថ្លែង​ក្នុង​ពិធី​នេះ​ថា ក្នុងនាម​ជា​សប្បុរសជន​មួយរូប លោក​មាន​ទឹកចិត្ត​សប្បាយរីករាយ​យ៉ាងខ្លាំង ដែល​បានរួម​ចំណែក​ក្នុង​ការកសាង​សមិទ្ធផល​នៅក្នុង​ទី​អារាម​នេះ​។ លោ​កថា​នេះ​ជា​លទ្ធផល​ដែល​បាន​ពី​សុខសន្តិភាព ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​។ ជាមួយនឹង​ការ​បានរួម​ចំណែក ក្នុង​ការកសាង​សមិទ្ធិ​នានា ដើម្បី​លើកស្ទួយ​ក្នុង​វិស័យ​ព្រះ​សាសនា​នេះ លោក​ថា នឹង​បន្ត​ជួយ​ដល់​វិស័យនេះ​បន្តបន្ទាប់​ទៀត ដើម្បី​ជា​ប្រយោជន៍​ដល់​ព្រះពុទ្ធសាសនា​។

​នៅក្នុង​ពិធី​នេះ​លោក​ក៏បាន​បរិច្ចាគ​ថវិកា​មួយចំនួន​ថែមទៀត​ចូលរួម​ក្នុង​អង្គពិធី​និង​ចែកទាន​ជា​ថវិកា សម្ភារ​សិក្សា​ផងដែរ​៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular