ប្រែសម្រួល : កញ្ញាដាលីស ៖ លោកដូណាល់ ត្រាំបានសុំដឹកមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន ទៅស្រុកវិញតាមយន្តហោះ Air Force One បន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយកាលពី ២ ឆ្នាំមុន។
លោកគីមនិងលោកត្រាំដំបូងបានចាប់ផ្តើមសង្គ្រាមពាក្យសម្តីនិងគំរាមគ្នាទៅវិញទៅមក មុនពេលត្រូវរ៉ូវគ្នាខាងការទូតដ៏អស្ចារ្យដែលនាំទៅដល់កិច្ចប្រជុំកំពូលល្បីពេញសារព័ត៌មាននិងការប្រកាសអំពីក្តីស្រឡាញ់របស់អតីតប្រធានាធិបតីអាម៉េរិករូបនេះចំពោះលោកគីម។
ប៉ុន្តែមិនមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់នោះទេដោយដំណើរការនេះបានជាប់គាំងបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងហាណូយបានបរាជ័យជុំវិញការបន្ធូរបន្ថយទណ្ឌកម្មនិងអ្វីដែលក្រុងព្យុងយ៉ាងសុខចិត្តលះបង់ដើម្បីជាថ្នូរ។
យោងតាមវីដេអូឯកសាររបស់ BBC ចំណងជើងថា “Trump Takes on the World” ប្រធានាធិបតីអាម៉េរិក “បានធ្វើឱ្យស្រឡាំងកាំងសូម្បីតែអ្នកការទូតចាស់វស្សាជាងគេបំផុត”ដោយសុំដឹកលោកគីមទៅផ្ទះវិញតាមយន្តហោះ Air Force One បន្ទាប់ពីកិច្ចប្រជុំកំពូលឆ្នាំ ២០១៩ នៅប្រទេសវៀតណាម។
ប្រសិនបើលោកគីមបានទទួលយកការផ្តល់ជូននេះ វាអាចនឹងធ្វើឱ្យមេដឹកនាំកូរ៉េខាងជើង និងប្រហែលមន្ត្រីខ្លះរបស់គាត់បានជិះនៅខាងក្នុងយន្តហោះផ្លូវការរបស់ប្រធានាធិបតីអាម៉េរិកនិងឃើញវាហោះចូលដែនអាកាសកូរ៉េខាងជើង ដែលពេលនោះច្បាស់ជាលើកឡើងពីបញ្ហាសន្តិសុខជាច្រើនជាមិនខាន។
ក្នុងករណីនេះ លោកគីមបានបដិសេធ។
លោក ម៉ាត់ធូ ផតធីងជើ អ្នកជំនាញជាន់ខ្ពស់ខាងអាស៊ីនៃក្រុមប្រឹក្សាសន្តិសុខជាតិរបស់លោកត្រាំបានប្រាប់ BBC ដែលផ្សាយកាលពីចុងសប្តាហ៍ថា”ប្រធានាធិបតីត្រាំបានសុំជូនលោកគីមទៅស្រុកវិញតាមយន្តហោះ Air Force One”។
«លោកប្រធានាធិបតីបានដឹងថាលោកគីមបានធ្វើដំណើរតាមរថភ្លើងជាច្រើនថ្ងៃឆ្លងកាត់ប្រទេសចិនចូលទីក្រុងហាណូយហើយលោកប្រធានាធិបតីបាននិយាយថា”ខ្ញុំអាចជូនលោកទៅផ្ទះវិញបានក្នុងរយៈពេលពីរម៉ោង ប្រសិនបើលោកចង់” ។ លោកគីមបានបដិសេធ»៕
លោកត្រាំនិងលោកគីមជួបពិភាក្សាគ្នាអំពីបញ្ហានុយគ្លេអ៊ែរកាលពីពីរឆ្នាំមុន