ដោយ: គង់ហេង / ត្បូងឃ្មុំ: រថយន្តដឹកក្រុមតន្ត្រី ឈ្មោះ « ពេជ្ររចនាតន្ត្រី ពណ៌លឿង » បានក្រឡាប់នៅលើកំណាត់ផ្លូវជាតិលេខ៧៣ ស្ថិតក្នុងភូមិបេងថ្មី ឃុំសេដា ស្រុកតំបែរ បណ្តាលឱ្យក្មេងប្រុស អាយុ ១៦ ឆ្នាំម្នាក់ បានស្លាប់ និងមនុស្សប្រុស ស្រី ចំនួនប្រាំបីនាក់ផ្សេងទៀត បានរងរបួស នាវេលាម៉ោង ប្រមាណជាង ១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២១ ។
លោកវរសេនីយ៍ សុខ បូរិន មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកតំបែរ បានឱ្យដឹងថាៈ ជនរងគ្រោះដែលស្លាប់ ឈ្មោះ យ៉ន គឹមយ៉េត អាយុ ១៦ ឆ្នាំ មានទីលំនៅ ភូមិល្ងៀង ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ជាមួយអ្នកបើកបរ រថយន្តម៉ាកទីតាន់ ពាក់ផ្លាកលេខ កំពង់ធំ 3A-0165 ជាបុរសឈ្មោះ ធួន ធា អាយុ៣៩ ឆ្នាំ។ ចំណែកអ្នករបួសចំនួន ប្រាំបី នាក់នោះ មានលក្ខណៈស្រាលទាំងអស់។
លោកមេបញ្ជាការ អាវុធហត្ថស្រុកតំបែរ បានបន្តថាៈ តាមការពិនិត្យកន្លែងកើតហេតុ គ្រោះថ្នាក់ក្រឡាប់រថយន្ត ខាងលើ របស់មន្ត្រីជំនាញ ករណីនេះ បណ្តាលមកពីអ្នកបើកបរ ប្រើប្រាស់ល្បឿនលឿន ហើយបានប្រទះនឹងផ្លូវកោង។ ចំណែកសាកសពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី និងរថយន្តជាវត្ថុតាង បានដកហូត រក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកតំបែរ ដើម្បីចាត់ការ តាមនីតិវិធី៕/V.mara