គ្រោះថ្នាក់​ចរាចរណ៍​សម្លាប់​មនុស្ស​ជិត​៣០០​នាក់ និង​មាន​អ្នករងរបួស​ជាង​១៣០០​នាក់ នៅ​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ​២០២០​កន្លងមក​

​ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: នៅ​រាជធានី​ភ្នំពេញ ក្នុង​ឆ្នាំ​២០២០​កន្លងមកនេះ គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​ជិត​៣០០​នាក់ និង​បានធ្វើ​អោយមាន​អ្នករងរបួស​ជាង​១៣០០​នាក់ ហើយ​កម្លាំង​មាន​សមត្ថកិច្ច​បានធ្វើកា​រ​ផាកពិន័យ​យានយន្ត​គ្រប់​ប្រភេទ បាន​រហូតដល់​ចំនួន​ជាង​៧​ម៉ឺន​គ្រឿង និង​បាន​ត្រួតពិនិត្យ​អ្នកបើកបរ ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង​បានជា​១៦០០​លើក​ផងដែរ​។​

​នេះ​បើតាម​ការធ្វើ​បទ​បង្ហាញ​មួយ ក្នុង​កិច្ចប្រជុំ​ឆ្លុះបញ្ចាំង​លទ្ធផល​អនុវត្ត​ការងារ​ឆ្នាំ​២០២០ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២១ នៃ​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣ នា​ព្រឹក​ថ្ងៃទី​២២​កុម្ភៈ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន លោកប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​។

​ក្នុង​បទ​បង្ហាញ​នេះ បាន​បញ្ជាក់ថា​៖ ក្នុង​ឆ្នាំ​២០២០​កន្លងមកនេះ គ្រោះថ្នាក់​ចរាចរណ៍ បានកើត​ឡើង ១.៣០៥​លើក (​ថយចុះ ៣០៣​លើក​) ស្លាប់ ២៨៨​នាក់ /១.៧២២​នាក់​, ខូចខាត​រថយន្ត ៩៦៨​គ្រឿង​, ម៉ូតូ ១.២៥២​គ្រឿង​, ម៉ូតូ​កង់​បី ៦៥​គ្រឿង​, ម៉ូតូ​រឺ​ម៉ក​កង់​បី ៦១​គ្រឿង កង់ និង​កង់ ១១​គ្រឿង​។ បានធ្វើការ​ផាកពិន័យ​យានយន្ត​ចំនួន​៧២.៤០៤​គ្រឿង​(​រថយន្ត ១១.៨៦៥​គ្រឿង​, ម៉ូតូ ៦០.៥៣៩ គ្រឿង​) ។ ទន្ទឹមនេះ បានធ្វើការ​ត្រួតពិនិត្យ​អ្នកបើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង ១.៦៤៤​លើក​។​

​ចំពោះ​ការប្រយុទ្ធប្រឆាំង​បទល្មើស​គ្រឿងញៀន វិញ កម្លាំង​មាន​សមត្ថកិច្ច​បង្ក្រាបបាន ២.០៧៥​ករណី​/២.២៧៧​ករណី (​ថយចុះ ២០២​ករណី​) ឃាត់ ខ្លួន ៣.៦៣៨​នាក់​/៤.៧៦១​នាក់​។​

​គួរ​កត់សំគាល់ថា​៖ ឆ្នាំ​២០២០ នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅតាម​ក្លិប​កំសាន្ត​ធំៗ ចំនួន​៣ គឺ ១-​ក្លិប​កំសាន្ត FLY ឃាត់ខ្លួន ៧០​នាក់​(​ស្រី ២៦​នាក់ ។​២-​ខារ៉ាអូខេ​១៣KTV ឃាត់ខ្លួន ១០១​នាក់​(​ស្រី ៤៧​នាក់​) ដែលមាន​ជនជាតិខ្មែរ ២៨​នាក់ ជនជាតិ​ចិន ៦៩​នាក់ និង​វៀតណាម ដកហូត​គ្រឿងញៀន​ចម្រុះ ចំនួន ៨១២.០៧​ក្រាម​។ ៣-​ក្លិប​កំសាន្ត​៦៦(៦៦DEGREES PUB & LOUNGE) ឃាត់ខ្លួន ៦៥​នាក់​(​ស្រី ២១​នាក់​) មាន​ជនជាតិខ្មែរ ៥៥​នាក់ ជនជាតិ​ចិន ០៣​នាក់​, វៀតណាម ០៤​នាក់​ដកហូត​គ្រឿងញៀន​ជាច្រើន​ប្រភេទ​។​

​លោក ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​ឆ្លុះបញ្ចាំង​លទ្ធផល​អនុវត្ត​ការងារ​ឆ្នាំ​២០២០ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២១ នៃ​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​នោះ បាន​មានប្រសាសន៍ថា​៖ គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​បាន​ដើរតួ​យ៉ាងសំខាន់​ចំពោះ​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​។ លោក​បញ្ជាក់ថា ការបង្កើតឡើង​គណៈកម្មាធិកា​រ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី​និង​កុមារ​នេះ គឺ​ដោយសារតែ ស្ត្រី​និង​កុមារ​ងាយ​រងគ្រោះ​ជាងគេ​។ ពិ​តទៅ​ស្ត្រី​កើតចេញ​មក​គឺ​រងគ្រោះ​ទៅហើយ ធម្មជាតិ​បង្កើត​មក ស្ត្រី​ត្រូវ​រងគ្រោះ​១ នៅក្នុង​បរិបទ​សង្គម​នយោបាយ​រងគ្រោះ​មួយទៀត ហើយ​ស្ត្រី​ត្រូវ​រងគ្រោះ​ជាមួយនិង​ប្រពៃណី​ទំនាម​ទំលាប់​ថែមទៀត​។ ដូច្នេះ​ការបង្កើតអោយមាន​គណៈ​ក​ម្មា​ធិ​ការពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​នេះ​ពិត​ជាមាន​សារសំខាន់​មិនអាច​ខ្វះ​បានឡើយ​។​

​សំរាប់​ឆ្នាំ​២០២១​នេះ លោកប៉ា សុជាតិ​វង្ស ក៏បាន​ស្នើអោយ​បន្ត​ការបណ្តុះបណ្តាល​ដល់​ស្ត្រី ពង្រឹងសមត្ថភាព​ស្ត្រី ដើម្បី​ធ្វើអោយ​បេក្ខភាព​ស្ត្រី​មាន​ចំនួន​កើនឡើង​ក្នុង​ការបំរើ​ការងារ​ជា​មន្ត្រី​និង​ជា​ថ្នាក់ដឹកនាំ​។ ជម្រុញ​អោយ​យកចិត្តទុកដាក់​ចំពោះ​ស្ត្រី​និង​កុមារ​ក្រោម​អាយុ​២​ឆ្នាំ ដើម្បី​ទទួលបាន​ជំនួយ​ឧបត្ថម​ជា​សាច់ប្រាក់ ពិសេស​ក្នុងអំឡុងពេល​ប្រយុទ្ធប្រឆាំង​ជម្ងឺ​កូ​វីដ​-១៩​នេះ​។​

​ក្នុងឱកាស​នោះដែរ​លោក ប៉ា សុជាតិ​វង្ស ក៏បាន​ធ្វើការ​ណែនាំ​ឱ្យ​បងប្អូន​ជា​ស្ត្រី​ទាំងអស់​អនុវត្ត​វិធាន​របស់​ក្រសួងសុខាភិបាល ក្នុងការ​អនុវត្ត​នូវ​វិធាន​របស់​ក្រសួងសុខាភិបាល​ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular