ដោយៈសរិទ្ធ / ស្វាយរៀង: បុរសម្នាក់ របួសធ្ងន់ ដោយសាររថយន្ត ប្រភេទទេសចរណ៍ ដឹកអ្នកដំណើរបត់ស្ដាំជ្រុល ទៅបុកយ៉ាងពេញទំហឹង កាលពីវេលាម៉ោងជាង ៦ ព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ លើផ្លូវលេខ១៣ ស្ថិតក្នុងភូមិថ្នល់កែង សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ។
សមត្ថកិច្ចនគរបាល ក្រុងស្វាយរៀង បានឱ្យដឹងថាៈ បុរសរងគ្រោះដែលរងរបួសធ្ងន់ ឈ្មោះ អ៊ី បូណា អាយុ ១៩ ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១Q៣៤៦៤ រងការខូចខាត យ៉ាងដំណំ។ ចំណែកអ្នកបើក រថយន្តបង្កហេតុ មិនត្រូវបានស្គាល់ឈ្មោះឡើយ ព្រោះក្រោយឃើញ សភាពការណ៍មិនស្រួល បានបើកទ្វាររត់គេចខ្លួនភ្លាមៗ បន្សល់តែរថយន្ត នៅនឹងកន្លែង។
អ្នកភូមិ បានឱ្យដឹងថាៈ មុនកើតហេតុ មានរថយន្ដប្រភេទដឹកអ្នកដំណើរ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣B-២១៦៥ បើកក្នុងទិសដៅ ពីខាងលិច ទៅខាងកើត ហើយក៏បានបត់ស្ដាំ ខ្វះការប្រុងប្រយ័ត្ន ស្របពេលនោះ មានម៉ូតូមួយគ្រឿង មកពីក្រោយ ស្របទិសគ្នា មកដល់ជាន់ហ្វ្រាំង មិនទាន់ ក៏បុកប៉ះយ៉ាងពេញទំហឹង បណ្ដាលឲ្យបុរស អ្នកបើកម៉ូតូនោះ រងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើល ដល់អ្នកភូមិ និងអ្នកធ្វើដំណើរ ទាំងព្រឹក។
ក្រោយកើតហេតុ អ្នករបួសធ្ងន់ ត្រូវបានដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង។ ចំណែកមធ្យោបាយទាំង ២ គ្រឿង សមត្ថកិច្ច បានវាស់វែង និងអូសយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ក្រុងស្វាយរៀង ដើម្បីដោះស្រាយ តាមច្បាប់៕/V.mara