ដោយៈសុផល/ភ្នំពេញ៖ក្រុមហ៊ុន ខេស៊ីមេន បានប្រារព្ធពិធីក្រុងពាលីសម្ពោធដំណើរ ការផលិតនូវផលិតផលស៊ីម៉ងត៍ដែលអភិវឌ្ឍថ្មីរបស់ខ្លួន ជាមួយនឹងសំបកបាវថ្មី នៅឯរោងចក្រកំពតស៊ីមេនរបស់ខ្លួននៅខេត្តកំពត ។
លោក រ៉ាត់ឆាយុត កាសេមឆៃសិរី (Ratchayut Kasemchaisiri) នាយកក្រុមហ៊ុន អេសស៊ីជី ប្រចាំកម្ពុជា បានដឹកនាំគណៈគ្រប់គ្រងជាន់ខ្ពស់ដទៃទៀត ដើម្បីរៀបចំប្រារព្ធពិធីសម្ពោធនេះ និង បានធ្វើដំណើរទស្សនកិច្ចពិនិត្យមើលខ្សែសង្វាក់ផលិតកម្មនៅក្នុង រោង ចក្រកំពតស៊ីមេន។ពិធីសម្ពោធនេះបានធ្វើឡើងកាលពីថ្ងៃទី១២ ខែកុម្ភៈ គឺមួយសប្ដាហ៍បន្ទាប់ពីពិធីជួបជុំតំណាងចែកចាយប្រចាំឆ្នាំ ដែលក្រុមហ៊ុន ខេ ស៊ីមេន បានរៀបចំឡើងដើម្បីបង្ហាញការផ្លាស់ប្ដូររូបរាងថ្មី រូបមន្តថ្មី និងផលិតផលថ្មីរបស់ស៊ីម៉ងត៍ ខេ ស៊ីមេន ទៅដល់តំណាងចែកចាយ និងដៃគូអភិវឌ្ឍន៍គម្រោងសំណង់មកពីទូទាំងប្រទេស ។
លោក រ៉ាត់ឆាយុត កាសេមឆៃសិរី នាយកក្រុមហ៊ុន អេសស៊ីជី ប្រចាំកម្ពុជា បានមាន ប្រសាសន៍នៅឯពិធីក្រុងពាលី ក្នុងបរិវេណរោងចក្រកំពតស៊ីមេននៅខេត្តកំពតយ៉ាងដូច្នេះ៖«នៅឆ្នាំ២០២១នេះយើងចាប់ផ្ដើមទសវត្សរ៍ថ្មីជាមួយនឹងការអភិវឌ្ឍទម្រង់ថ្មីសម្រាប់ស៊ីម៉ង ត៍ខេស៊ីមេន។ការអភិវឌ្ឍថ្មីនេះគឺផ្ដើមចេញពីមហិច្ឆតាដ៏រឹងមាំរបស់យើងដើម្បីរក្សាភាពឈានមុខគេរបស់យើងនៅក្នុងចំណែកទីផ្សារ និងភាពល្អប្រណីតលើសគេផ្នែកម៉ាកយីហោ» ។
លោក រ៉ាត់ឆាយុត បានបន្ថែមថា ៖ «គោលដៅចុងក្រោយបំផុតរបស់យើង គឺនាំមកនូវនវានុវត្តន៍និងកំណើនប្រកបដោយចីរភាពសម្រាប់វិស័យសំណង់និងការរស់នៅនៅកម្ពុជា ដែលនឹងផ្ដល់គុណភាពរស់នៅកាន់តែប្រសើរឡើងដល់ប្រជាជនកម្ពុជាគ្រប់រូប »។
ស៊ីម៉ងត៍ ខេ ស៊ីមេន ឥឡូវនេះ មានសំបកបាវថ្មី ហើយរចនាបថនៃសំបកបាវថ្មីនេះ គឺកើតចេញពីឆន្ទៈមោះមុតរបស់យើងក្នុងការបោះជំហានឲ្យលឿនឆ្ពោះទៅរកអនាគត ដោយប្រើកេរដំណែលនិងបទពិសោធន៍របស់យើងក្នុងនាមជាម៉ាកយីហោខ្មែរដំបូងគេបំផុត នៅក្នុងទីផ្សារកម្ពុជា ។ ស៊ីម៉ងត៍ ខេ ស៊ុបពែរ មានរូបមន្តថ្មី ។ វាត្រូវបានអភិវឌ្ឍឲ្យក្លាយជាស៊ីម៉ងត៍ដែលអាចប្រើបានសម្រាប់ការងារចម្រុះ។អ្នកប្រើប្រាស់នឹងវាយតម្លៃខ្ពស់ចំពោះគុណតម្លៃរបស់ខេស៊ុបពែរជាស៊ីម៉ងត៍មួយប្រភេទសម្រាប់ការងារចម្រុះគ្រប់មុខ គឺការចាក់សាបនិងគ្រឿងបង្គុំស្រាលៗ ការរៀបឥដ្ឋ និងការងារបូក ។ រីឯផលិតផលថ្មី គឺ ស៊ីម៉ងត៍ ខេ ផោវើរ ផ្លាស្ទ័ររីង វិញ ត្រូវគេចាត់ទុកថាជាស៊ីម៉ងត៍បូកដែលល្អបំផុត ដែលធ្វើឲ្យជញ្ជាំងមានភាពរលោងស្អាតបំផុតនិងគ្មានស្នាមប្រេះ ៕Ph