ដោយៈ ភ្នំស្វាយ / ព្រំដែនកម្ពុជា ថៃៈ កងកម្លាំងការពារព្រំដែនកម្ពុជា បានចាប់ផ្តើមរាយលួសបន្លា នៅគោលដៅខ្លះ តាមព្រំដែនកម្ពុជា ថៃ ដើម្បីទប់ស្កាត់ ពលករខ្មែរ ឆ្លងដែនខុសច្បាប់ វិលពីប្រទេសថៃ មកមាតុភូមិវិញ ដែលជាវិធានការ ទប់ស្កាត់ ប្រឆាំងការជ្រៀតឆ្លងដែន ដែលគេចវេះពីការធ្វើចត្តាឡីស័ក ។
ប្រភពព័ត៌មានពីសមត្ថកិច្ច នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ បានឱ្យ រស្មីកម្ពុជាដឹង កាលពីថ្ងៃទី២២ ខែកុម្ភៈថាៈ គោលដៅមួយចំនួន ដែលកងកម្លាំងចម្រុះ ការពារព្រំដែនកម្ពុជា ថៃ បានដាក់រាយលួសបន្លា ប្រភេទមុខកាំបិតនោះ មានដូចជា នៅក្រោមស្ពានផ្លូវជាតិ និងស្ពានផ្លូវដែក នៃច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត , ចំណុចមុខសញ្ញាពលករខ្មែរ និងពលរដ្ឋខ្មែរ ដែលជាកម្មករ អាជីវករ ចេញចូលផ្សាររោងក្លឿ នៅស្លាបខាងជើង នៃតំបន់ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត, ចំណុចស្លាបខាងត្បូង ច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត , ចំណុចនៅច្រករបៀង ក្នុងឃុំបឹងបេង ស្រុកម៉ាឡៃ, ច្រករបៀង ក្នុងភូមិសាស្ត្រ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ , ច្រករបៀងនៅភូមិសាស្ត្រឃុំ -ស្រុកស្វាយចេក ,ឃុំគោករមៀត ស្រុកថ្មពួក ជាដើម ។
ប្រភព បានបន្តថាៈ ការរាយលួសបន្លានោះ ក៏ធ្វើឡើងតំណាលគ្នានឹងការបន្ថែម កងកម្លាំងចម្រុះ បានពង្រាយល្បាត និងប្រចាំការការ នៅតាមខ្សែបន្ទាត់ព្រំដែន
ក្នុងនោះ គោលដៅមុខសញ្ញា ដែលជាផ្លូវពលករ ជ្រៀតចេញ ចូលខ្លះ កងកម្លាំងសឹងតែស្រាក់ដៃគ្នា និងប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង តែម្តង ។
គួរបញ្ជាក់ថា ក្នុងអំឡុង នៃការផ្ទុះរីករាលដាលខ្លាំង ក្នុងសហគមន៍ថៃ នូវជំងឺកូវីត១៩ ហើយកន្លែងធ្វើការងារ នៅថៃ បានបិទ ឬ ផ្អាកបន្ថែម ជាច្រើននោះ បូករួមទាំង អាជ្ញាធរមានសមត្ថកិច្ចថៃ ត្រូវបង្កើនការបណ្តេញ ពលករបរទេស ចេញពីប្រទេសផង ទើបបរិមាណពលករបរទេស រួមទាំងពលករខ្មែរ បានសម្រុកវិល ត្រឡប់មកមាតុភូមិខ្លូន ។
លំហូរពលករខ្មែរ វិលពីប្រទេសថៃ មកកម្ពុជា ហើយមួយចំនួន បានលួចជ្រៀតឆ្លងដែន ខុសច្បាប់ ហើយរត់គេចពីការត្រួតពិនិត្យ និងធ្វើចត្តាឡីស័កនេះ បង្កឱ្យមានការព្រួយបារម្ភ ពីការឆ្លងជំងឺកូវីដ ១៩ ចូលក្នុងសហគមន៍កម្ពុជា។ នាពេលនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវ កុំអោយពលករខ្មែរ សម្រុកវិលមកលេងស្រុកកំណើតអី ក្នុងអំឡុងពីពេលនេះ រហូតដល់បុណ្យឆ្នាំ ប្រពៃណីខ្មែរ ក្នុងបំណងបង្ការ ទប់ស្កាត់នឹងការឆ្លងរាលដាល នៃជំងឺកូវីដ ១៩ ។
ទាក់ទិននឹងការទប់ស្កាត់ លំហូរជ្រៀតឆ្លងដែន ដោយខុសច្បាប់ ពីពលករបរទេស ដែលទៅធ្វើការស៊ីឈ្នួល នៅប្រទេសថៃ អាជ្ញាធរកងកម្លាំងថៃ នាពេលកន្លងមក ក៏បានរាយលួសបន្លា ប្រភេទមុខកាំបិត នៅគោលដៅមុខសញ្ញានានា តាមបណ្តោយព្រំដែន ថៃ កម្ពុជា ដែលមានពលករ ឆ្លងដែនខុសច្បាប់ ។
រីឯកងកម្លាំងទាំង ៣ ដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ខេត្តបន្ទាយមានជ័យ បាត់ដំបង និង ប៉ៃលិន ដែលរស្មីកម្ពុជា បានជួប បាននិយាយក្នុងន័យ ស្រដៀងគ្នាថាៈ ពួកគេហត់នឿយ ល្បាត និងយាម ប្រចាំការ ទាំងយប់ ទាំងថ្ងៃ នៅតាមគោលដៅ ពិសេសតាមបណ្តោយព្រំដែន ក៏មិនមែនដើម្បីពួកគេទេ។
តែគឺដើម្បីបងប្អូនពលរដ្ឋ ប្រជាជាតិយើង ទាំងអស់គ្នា ពោលគឺ ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ឆ្លងចូលក្នុងសហគមន៍កម្ពុជាយើង៕/V.mara