ដោយៈ ទេព មង្គល / សៀមរាបៈ ដើម្បីជាការរួមចំណែកអភិរក្ស និងលើកតម្លៃខ្លោងទ្វារ តាកាវ នេះឡើងវិញ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរា បានសហការជាមួយវិស័យឯកជន ប្រារព្ធពិធីក្រុងពាលី ដើម្បីដំណើរការជួសជុល ខ្លោងទ្វារតាកាវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អមដោយលោកស្រី បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល អាជ្ញាធរជាតិអប្សរា ។
ការជួសជុលខ្លោងទ្វារ តាកាវ ទទួលបានការឧបត្ថម្ភថវិកាទាំងស្រុង ពីលោកស្រី ឧកញ៉ា នាងវិសាខា អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ កិតិ្តបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកា ក្រុមហ៊ុនហេងអភិវឌ្ឍន៍។ នេះបើតាមការចុះផ្សាយ ដោយទំព័រហ្វេសប៊ុកផ្លូវការរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២២ កុម្ភៈ នេះ។
ប្រភព បានលើកឡើងថាៈ ក្នុងឱកាសនោះ លោកស្រី ឧកញ៉ា សៀង ចាន់ហេង បានសម្តែងសេចក្តីរីករាយ និងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យលោកស្រី ចូលរួមជួសជុលជាថ្មី នូវសំណង់បុរាណ ក្នុងតំបន់អង្គរ ឱ្យរួចផុតពីការបាក់បែក ដោយគ្រោះធម្មជាតិ និងភាពចាស់ទ្រុឌទ្រោម នៃអាយុកាល និងដើម្បីឧទ្ទិសដល់ដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ និងមហាបុព្វបុរសខ្មែរ។
បច្ចុប្បន្ន ខ្លោងទ្វារតាកាវ បានរងនូវការទ្រុឌទ្រោមខ្លាំង មិនអាចអនុញ្ញាតឱ្យរថយន្ត ធ្វើដំណើរឆ្លងកាត់បានឡើយ។ ការទ្រុឌទ្រោមនេះ ដោយសារអាយុកាល អាកាសធាតុ សង្គ្រាម កង្វះការថែទាំ និងការដុះដាល នៃដើមឈើ បណ្តាលឱ្យរូបចម្លាក់ បង្កាន់ដៃយក្ស និងទេវតាជាច្រើន ដួលរលំ ហើយក៏បានធ្វើឱ្យ រចនាសម្ព័ន្ធរបស់ខ្លោងទ្វារ មួយភាគធំ ពិសេសរូបដំរីទាំង ៤ បានរងនូវការខូចខាតជាខ្លាំង ដែលតម្រូវឱ្យមានការជួសជុល ដើម្បីសង្គ្រោះ និងអភិរក្ស៕/V