Home ព័ត៌មានជាតិ នយោបាយ ចិន បឿនៈ អតីត...

ចិន បឿនៈ អតីត​កងទ័ព​ដែល​បាន​រៀន​ជំនាញ​បើក​យន្តហោះ​ចម្បាំង​នៅ​ប្រទេស​ចិន​

ដោយ រី លក្ខិណាៈ បុគ្គលិក​មជ្ឈមណ្ឌល​ផ្សះផ្សា​វាលវែង​/​ភ្នំពេញៈ​
១-​ជីវិត​ពី​កុមារភាព​
​ ​ខ្ញុំ​ឈ្មោះ ចិន បឿន អាយុ​៦៥​ឆ្នាំ សព្វថ្ងៃ​រស់នៅក្នុង​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។ ប្រពន្ធ​របស់ខ្ញុំ​ឈ្មោះ មែន សារ៉ន អាយុ​៤៧​ឆ្នាំ​។ ខ្ញុំ​មានកូន​ចំនួន​បួន​នាក់ ស្រី​ចំនួន​មួយ​នាក់ និង​ប្រុស​ចំនួន​បីនាក់​។ ខ្ញុំ​មាន​ស្រុកកំណើត​នៅ​ភូមិ​គោក​ចាន់ ឃុំ​ល្វា​ក្រាំង ស្រុក​វ៉ារិន ខេត្តសៀមរាប​។ ឪពុក​របស់ខ្ញុំ​ឈ្មោះ ម៉ម ចិន និង​ម្តាយ​ឈ្មោះ ពែ​ក ព្រឹ​ន​។ ខ្ញុំ​មាន​បងប្អូន​ប្រាំពីរ​នាក់ ស្រី​ចំនួន​បីនាក់ និង​ប្រុស​ចំនួន​៤​នាក់​។ ក្នុងចំណោម​បងប្អូន​ប្រាំពីរ​នាក់ ខ្ញុំ​ជា​កូនពៅ​។ ខ្ញុំ​រៀន​បាន​ត្រឹម​ថ្នាក់​ទី​៨«​ចាស់​» នៅ​សាលាបឋមសិក្សា​គោក​ចាន់​។ ខ្ញុំ​ឈប់រៀន​ព្រោះតែ​ប្រទេស​កើតមាន​សង្គ្រាម រដ្ឋប្រហារ​ទម្លាក់​សម្តេច​ព្រះ នរោត្តម សីហនុ នៅ​ថ្ងៃ​១៨ ខែមីនា ឆ្នាំ​១៩៧០​។ បន្ទាប់ពី​ឈប់រៀន ខ្ញុំ​បាន​ជួយ​ឪពុកម្តាយ​ធ្វើ​ការងារ​ស្រែចម្ការ​។​

ចិន បឿន អាយុ​៦៥​ឆ្នាំ សព្វថ្ងៃ​រស់នៅក្នុង​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​
(​ឡុង ដា​នី​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

២-​ខ្មែរក្រហម​បាន​ចូលមក​ដល់​ភូមិ​ជា​លើកដំបូង និង​ចូល​បដិវត្តន៍​
​ ​នៅពេល​មាន​សង្គ្រាមស៊ីវិល​បានកើត​ឡើង​នៅ​ឆ្នាំ​១៩៧០ ក្រុម​ចលនា​រណសិរ្ស​រំដោះជាតិ​បាន​ចូលមក​ដល់​ភូមិ​របស់ខ្ញុំ​។​តាម​ការឃោសនា​នោះបាន​ឲ្យ​ដឹងថា មេដឹកនាំ​ចលនា​រណសិរ្ស​រំដោះជាតិ​រួមមាន សម្តេចព្រះ នរោត្តម សីហនុ​, លោក​ខៀវ សំផន​, ហ៊ូ នឹម និង ហ៊ូ យន់​។​នៅ​ខណៈ​ពេលនោះ ខ្ញុំ​បានឃើញ​ទាហាន លន់ នល់ ចូលមកក្នុង​ភូមិ​រប​ស់​ខ្ញុំ​ដែរ​។​ខ្ញុំ និង​យុវជន​ផ្សេងទៀត​បាន​ចូលក្នុង​ចលនា​រណសិរ្ស​រំដោះជាតិ​នៅ​ឆ្នាំ​១៩៧១ តាមរយៈ​លោកគ្រូ​របស់ខ្ញុំ​ឈ្មោះ​សាមឿន​។​លោកគ្រូ​សាមឿន មាន​ស្រុកកំណើត​នៅ​កំពង់ធំ និង​បានមក​បង្រៀន​សិស្ស​នៅក្នុង​ភូមិ​របស់ខ្ញុំ​។ លោកគ្រូ​សាមឿន បាន​រៀបការ​ប្រពន្ធ​ដែលជា​អ្នកភូមិ​របស់ខ្ញុំ ក្រោយមក​លោកគ្រូ​សាមឿន​បាន​ក្លាយជា​ប្រធាន​ឃុំ​ល្វា​ក្រាំង នៃ​ចលនា​រណសិរ្ស​រំដោះជាតិ​។​លោកគ្រូ​សាមឿន បានការ​ចាត់តាំង​ខ្ញុំ និង​យុវជន​ផ្សេងទៀត​ឲ្យ​កាន់​កាំភ្លើង​យាម​ក្នុងភូមិ​នៅពេល​យប់​។ ខ្ញុំ​នៅ​ចងចាំ​ថា មាន​ចម្រៀង​មួយ​បទ​ដែល​បំផុស​ចិត្តគំនិត​ខ្ញុំ ក៏ដូចជា​យុវជន​ផ្សេងទៀត​ក្នុងភូមិ​ឲ្យ​ចូល​បម្រើ​បដិវត្តន៍​។ ចម្រៀង​នោះ​មានន័យថា​«​ពុក​ម៉ែអើយ​! ពុក​ម៉ែ​ខំធ្វើការ​គ្មាន​ល្ហែរ ទាំងយប់​ទាំង​ថ្ងៃ ដៃ​ម្ខាង​បង្កបង្កើនផល ដៃ​ម្ខាង​ជួយ​ទៅខាង​មុខ​»​។

ជាទូទៅ​នៅពេល​ព្រលប់ៗ​កម្មាភិបាល​ខ្មែរក្រហម​តែងតែ​ដឹកនាំ យុវជន និង​យុវនារី​នៅក្នុង​ភូមិ​ឲ្យ​ហ្វឹកហាត់​សម្ដែង​សិល្បៈ​ជា​ក្រុម​តូចៗ​សម្រាប់​សម្ដែង​ពេល​មាន​មី​ទ្ទី​ញ​ម្តងៗ​។ មុនពេល​បើក​មី​ទ្ទី​ញ ក្រុម​សិល្បៈ​ដែលមាន​រូបខ្ញុំ​ដែរ​នោះបាន​សម្ដែង​រឿង​អប់រំ​ខ្លីៗ​។​បន្ទាប់មក​មេដឹកនាំ​ខ្មែរក្រហម​នៅ​ថ្នាក់ឃុំ ថ្នាក់ស្រុក​បាន​ឡើង​ចាប់អារម្មណ៍​ដោយបាន​និយាយថា «​ជម្រាបសួរ​លោកឪពុក អ្នក​ម្ដាយ​ជាទី​ស្នេហា ជាទីគោរព​។ ស្រុក​យើង​កើតមាន​សង្គ្រាម​គឺ លន់ នល់ បាន​ទម្លាក់​សម្តេចព្រះ នរោត្តម សីហនុ តើ​ពុក​ម៉ែ​ស្រឡាញ់​សម្តេច សីហនុ ទេ​?»​ប្រជាជន​ដែល​បានមក​ចូលរួម​ប្រជុំ បាន​ឆ្លើយ​ទាំងអស់គ្នា​ថា «​ស្រឡាញ់​»​។ ទាំង​គេ ទាំង​ខ្ញុំ ស្រឡាញ់​សម្ដេច សីហនុ ខ្លាំងណាស់​។ ចាប់ពី​ឆ្នាំ​១៩៧១ ខ្ញុំ​បានឃើញ​វត្តមាន​កងទ័ព​វៀត​កុង (​កងទ័ព​វៀតណាម​ខាងជើង​) ចូលមកក្នុង​ភូមិ​រប​ស់​ខ្ញុំ ហើយ​ការប្រយុទ្ធ​គ្នា​បានចាប់ផ្ដើម​ឡើង​តាំងពី​ពេលនោះ​មក​។ បន្ទាយ​របស់​ទាហាន​ល​ន់ នល់ មាន​ទីតាំង​ស្ងិ​ត​នៅ​ភូមិ​តា​ដេ​វ​ក្នុងស្រុក​អន្លង់វែង ដែលមាន​ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​ពី​ភូមិ​របស់ខ្ញុំ​។ ខ្ញុំ និង​អ្នកភូមិ​ផ្សេងទៀត​ធ្លាប់បាន​បររទេះ​គោ​ទៅរក​ត្រី​នៅតាម​បឹងបួរ​ដែលមាន​ទីតាំងនៅ​ក្បែរៗ​នឹង​ភូមិ​តា​ដេ​វ និង​ស្រុក​អន្លង់វែង​ហើយ​បានឃើញ​បន្ទាយ​ទាហាន លន់ នល់​។

៣-​ការចូល​ធ្វើ​កងទ័ព​ខ្មែរក្រហម​
​នៅ​ឆ្នាំ​១៩៧២ ខ្មែរក្រហម​បានរៀបចំ​បង្កើត​កងទ័ព​ក្នុងភូមិ​របស់ខ្ញុំ ដោយ​ខ្មែរក្រហម​បាន​ចាត់តាំង​ឲ្យ​យុវជន​បី​-​បួន​នាក់​ស្លៀកពាក់​ខោអាវ​ខ្មៅ និង​មាន​កាំភ្លើង​កា​រ៉ា​ប៊ី​ន​មួយ​ដើម​គ្រាប់បែក​ពី​បី​គ្រាប់​ដើរ​បំផុសប្រជាជន​ឲ្យ​ប្រឆាំងនឹង​យួន​ឈ្លានពាន​ទឹកដី​យើង​។ ម្យ៉ាងទៀត​ខ្មែរក្រហម​ក៏បាន​ឃោសនា​នយោបាយ​តាមរយៈ​ការសម្តែង​សិល្បៈ ដូចជា​ឲ្យ​ឪពុកម្តាយ​បញ្ជូន​កូនចៅ​ទៅ​សមរភូមិ​មុខ​។​នៅក្នុង​ឆ្នាំ​១៩៧២​នេះដែរ ខ្មែរក្រហម​បាន​ផ្លាស់​ខ្ញុំ​ឲ្យ​មក​ស្រុក​វ៉ារិន​ធ្វើជា​គ្រូបង្រៀន​នៅ​ភូមិ​ឬ​ស្សី​ស្វាយស​។​កាលនោះ​គណៈ​ស្រុក​វ៉ារិន​មានឈ្មោះ សួន​។ ខ្ញុំ​បង្រៀន​កូនសិស្ស​បាន​រយៈពេល​ប្រាំ​ទៅ​ប្រាំ​មួយខែ ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​បញ្ជូន​ត្រឡប់​ទៅ​ឃុំ​ល្វា​ក្រាំង​វិញ​។
​នៅ​ចុងឆ្នាំ​១៩៧២ ខ្ញុំ និង​យុវជន​មកពី​តាម​ភូមិ​ស្រុក​ផ្សេងៗ​បាន​បញ្ជូន​ចូលក្នុង​កងទ័ព​មជ្ឈិម​។​កាលនោះ​កងទ័ព​មជ្ឈិម​មាន​ចំនួន​ប្រមាណ​៦០០​ទៅ​៧០០​នាក់​។ គណៈបញ្ជាការ​កងទ័ព​មជ្ឈិម​គឺជា​ជនជាតិដើម​ភាគតិច​មកពី​ភូមិភាគ​ឦសាន​មានឈ្មោះ តា​ធិ​ន​, តា​ឡឺ និង​តា​តឿ​ង​។ នៅពេលនោះ​កងទ័ព​មជ្ឈិម​គឺជា​កងវរសេនាតូច​ឯករាជ្យ​បោះទីតាំង​នៅ​សៀមរាប​-​អង្គរ​។ ចំណែក​ខ្ញុំ​ត្រូវបាន​បញ្ចូល​ក្នុង​កង​ពិសេស​ដែលមាន​សមាជិក​សរុប​ប្រមាណ​២០​នាក់​។ កង​ពិសេស​របស់ខ្ញុំ បានទទួល​ការបង្ហាត់បង្រៀន​ផ្ទា​ល់ពី​គណបញ្ជាការ​កងវរសេនាតូច​ផ្ទាល់​តែម្តង​។ មេបញ្ជាការ​កងវរសេនាតូច​ទាំង​នោះបាន​រៀបរាប់​ប្រវត្តិ​ដែល​កងទ័ព​ខ្មែរក្រហម​ធ្លាប់បាន​ប្រយុទ្ធ​ជាមួយ​ទាហាន លន់ នល់ នៅ​សមរភូមិ​ចេនឡា​ទី​១ និង​ចេនឡា​ទី​២​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ចាប់ពី​ស្គន់​ក្នុង​ខេត្តកំពង់ចាម​មកដល់​ស្រុក​សន្ទុក​ក្នុង​ខេត្តកំពង់ធំ​។ ខ្ញុំ​បាន​ហាត់រៀន​យុទ្ធសាស្ត្រ​កងទ័ព​បាន​រយៈពេល​បួន ទៅ​ប្រាំ​ខែ នៅ​បរិវេណ​អង្គរតូច និង​អង្គរធំ​។ នៅ​អំឡុងពេល​ហ្វឹកហាត់​ក្បួន​យុទ្ធសាស្ត្រ​កងទ័ព គឺ​ទី​១) ត្រូវមាន​សម្ភារ​នៅជាប់​នឹង​ខ្លួន រួមមាន គ្រាប់កាំភ្លើង​, ឆ្នាំងបាយ​, ចប​, កាំបិត ឬ​ពូថៅ និង​អង្រឹង​។ ពេលឮ​សូរ​ជួង​ម៉ឺងៗ​ត្រូវយក​សម្ភារ​នៅជាប់​នឹង​ខ្លួន​ទៅជា​មួយ​។ ទី​២) ហាត់​ក្បួន​រាវ​មីន ឧទាហរណ៍​ថា មីន​កប់​ក្នុង​ដី​, មីន​ខ្សែ ឬ​មីន​ខ្យល់​។ ទី​៣) រៀន​ដើរ​ក្នុង​ទឹក​នៅពេល​យប់​កុំ​ឲ្យ​ឮ​សំឡេង​។ ទី​៤) ហាត់​វាយ​តាម​បន្ទាយ លូន ក្រាប រើស​ដុំថ្ម​គប់ និង​វិធី​វាយ​សម្រុក​ចូលក្នុង​បន្ទាយ​។ ទី​៥)​រៀន​អំពី​វិធី​បន្លំ​ខ្លួន ដូចជា​បន្លំ​ជាមួយនឹង​ស្មៅ ដើមឈើ​។ ពេលដែល​ខ្មាំង​មក​ជិត​ត្រូវ​ក្រោក​ឡើង​បាញ់​តែម្តង​។​ចុងក្រោយ គឺ​រៀន​អំពី​វិធី​គប់​គ្រាប់បែក ខណៈពេល​កំពុង​វាយ​ជា​ទ្រង់ទ្រាយ​ផ្កា​រីក​។​
​បន្ទាប់ពី​ហ្វឹកហាត់​ចប់ តា​ធិ​ន ដែលជា​មេបញ្ជាការ​ធំ​បាន​ចាត់តាំង​ខ្ញុំ​ឲ្យ​ទៅ​រៀន​វិជ្ជាពេទ្យ​ដើម្បី​ឡើងទៅ​សមរភូមិ​ប្រចាំ​ជាមួយ​កងទ័ព​។ ខ្ញុំ​ធ្លាប់​ប្រចាំការ​នៅ​ខ្សែត្រៀម​ម្ដុំ​បារាយណ៍ទឹកថ្លា​រយៈពេល​៦​ខែ ប៉ុន្តែ​មិន​ធ្លាប់បាន​ប្រយុទ្ធ​គ្នា​ទេ​។ បន្ទាប់មក​ខ្ញុំ​ត្រូវបាន​ដក​ឲ្យ​មក​នៅ​ខ្សែត្រៀម​ភ្នំ​ក្រោម​ម្តង​។ សមរភូមិ​នៅ​ភ្នំ​ក្រោម គឺ​ប្រើប្រាស់​កាំភ្លើង​សុទ្ធតែ​ថ្មីៗ​ទើបនឹង​បើក​ចេញពី​ឃ្លាំង​មានដូចជា កាំភ្លើង​អាកា​, កាំភ្លើង​សេ​កា​សេ និង​រ៉េ​ប៉ា​ដេ​ផលិត​នៅ​ប្រទេស​ចិន​។​នៅពេលនោះ​យើង​បាន​បែរមក​វាយ​ជាមួយ​វៀត​កុង (​វៀតណាម​ខាងជើង​)​ប៉ុន្តែ​ខ្ញុំ​មិនដែល​បាន​ចូលរួម​ប្រយុទ្ធ​ផ្ទាល់​ឡើយ​។ នៅ​ឆ្នាំ​១៩៧៣ មានការ​ប្រកាស​ឲ្យ​កងទ័ព​វៀត​កុង​ដក​ចេញពី​ប្រទេស​កម្ពុជា​ពីព្រោះ​លែងមាន​ការទម្លាក់​គ្រាប់បែក​បេ​-៥២​របស់​សហរដ្ឋអាមេរិក​ទៀតហើយ​។​ចំណែក​អង្គភាព​របស់ខ្ញុំ​ក៏ត្រូវ​បាន​ដក​ចេញពី​សៀមរាប​-​អង្គរ​មក​បោះ​ទីតាំងនៅ​ខាងលិច​ភ្នំពេញ​ដែរ​។ កងទ័ព​របស់ខ្ញុំ​ចាប់ធ្វើ​ដំណើរ​ពី​សៀមរាប​អង្គរ មក​តាម​ខេត្តព្រះវិហារ និង​ខេត្តកំពង់ធំ បន្ទាប់មក​ឆ្លងទន្លេ​សាប​ហើយ​បន្ត​តាម​ព្រៃ​គ្រី​ខេត្តកំពង់ឆ្នាំង​រហូតមក​ដល់​សាលា​លេខ​៥​។ អង្គភាព​របស់ខ្ញុំ​បានមក​បោះ​ទីតាំងនៅ​ភូមិ​ទួល​សុ​ភី​ស្ថិត​នៅក្បែរ​ឧ​ត្តុ​ង្គ​។ ពេលធ្វើ​ដំណើរ​តាមផ្លូវ ខ្ញុំ​បាន​សាកសួរ​ប្រជាជន​អំពី​ទាហាន លន់ នល់ ជា​ហូ​ហែរ​បើសិន​ជាមាន​ទាហាន លន់ នល់ នៅខាងមុខ ខ្ញុំ​ត្រូវ​ដើរចូល​ក្នុងព្រៃ បើ​មិនមាន​ទាហាន លន់ នល់ ទេ ខ្ញុំ​ដើរ​តាម​ថ្នល់ជាតិ ប៉ុន្តែ​នៅពេល​ខ្លះ ក៏បាន​ជួប​ជាមួយ​ទាហាន លន់ នល់ ដោយ​ចៃដន្យ​និង​បាន​ប្រយុទ្ធ​គ្នា​ទៀតផង​។

ក្រោយមក​អង្គភាព​របស់ខ្ញុំ​បាន​បន្តដំណើរ​ដល់​ខាងលិច​ទីក្រុង​ភ្នំពេញ​។ ខ្ញុំ​ត្រូវបានចាត់តាំង​ឲ្យ​ឈរជើង​នៅ​ម្តុំ​ទំនប់​កប់​ស្រូវ​។ នៅ​ខណៈ​ពេលនោះ​ខ្មែរក្រហម​បានរៀបចំ​ជា​កងវរសេនាធំ​ថ្មី​មួយ​ចំណុះ​ឲ្យ​កងពល​១១​ប្រចាំ​នៅ​ភូមិភាគ​ពិសេស ដើម្បី​ត្រៀម​វាយ​ចូល​ទីក្រុង​ភ្នំពេញ​។ កងវរសេនាធំ​ថ្មី​នោះ​រួមមាន​៤​កងវរសេនាតូច គឺ​វ​-១, វ​-២, វ​-៣ និង​វ​-៤​។ ខ្ញុំ​ស្ថិតនៅក្នុង​វរ​សេនា​តូច​លេខ​៤ (​វ​-៤)​ដោយមាន តា​ធិ​ន ជា​ប្រធាន​វ​-៤ ហើយ​តា​ឡឺ ជា​ប្រធាន​វ​-៣ ។ ចំណែក​ប្រធាន​និង​អនុប្រធាន​កងវរសេនាធំ​ថ្មី​មានឈ្មោះ​តា​សារឿន និង​តា​សាន​។ ប្រធាន​ដឹកជញ្ជូន​របស់​កងវរសេនាធំ​រួមមាន យាយ​វិ​ន និង​យាយ​ម៉ែន​។ ការងារ​របស់ខ្ញុំ​គឺ​ទប់ទល់​នៅ​ខ្សែត្រៀម​កុំ​ឲ្យ​មាន​ការដក​ថយក្រោយ​។ វ​-៤ របស់ខ្ញុំ មាន​ភារកិច្ច​ដើរ​វាយ​ទាហាន​នៅតាម​បន្ទាយ​។ នៅពេល​ដឹងថា​មាន​បន្ទាយ​ទាហាន លន់ នល់ បោះ​ទីតាំងនៅ​កន្លែង​ណា​ក្រុម​ខ្ញុំ​ត្រូវ​ទៅ​ឡោមព័ទ្ធ​បន្ទាយ​នោះ​។​
​នៅ​ចុងឆ្នាំ​១៩៧៤ កងវរសេនាធំ​ថ្មី​នេះ​ត្រូវបាន​បង្កើតជា​កងពល​១៤​ដែលមាន តា​សារឿន គឺជា​ប្រធាន និង​តា​សាន ជា​អនុប្រធាន​កងពល​។ ចំណែក តា​ធិ​ន និង តា​ឡឺ បាន​ឡើងជា​ប្រធាន​វរ​សេនា​ធំ​របស់​កងពល​១៤ ប្រចាំ​ភូមិភាគ​ពិសេស​។​

​ខ្ញុំ​ឈរជើង​នៅ​តំបន់​ទំនប់​កប់​ស្រូវ​រហូតដល់​ខ្មែរក្រហម​វាយ​បែក​ទីក្រុង​ភ្នំពេញ​ឆ្នាំ​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥​។ នៅពេល​វាយ​ចូលមក​ទីក្រុង​ភ្នំពេញ មុខព្រួញ​របស់ខ្ញុំ​ចូល​តាម​បុរី​១០០​ខ្នង នៅ​ពោធិ៍ចិនតុង​។ ខ្ញុំ​មិនបាន​ចូល​ប្រយុទ្ធ​ទេ ពីព្រោះ​ខ្ញុំ​ធ្វើជា​ពេទ្យ​ប្រចាំ​នៅ​ខ្សែត្រៀម​។ នៅពេល​ចាប់ផ្ដើម​ប្រយុទ្ធ​នៅ​សមរភូមិ​ម្តងៗ​មេបញ្ជាការ​បាន​ប្រាប់​ខ្ញុំ​ឲ្យ​ត្រៀម​ឧបករណ៍​សម្រាប់​សង្គ្រោះ​អ្នក​ត្រូវរបួស​គឺ​ខ្ញុំ​លូន​ចូលទៅ​រុំ​អ្នករបួស និង​អូស​ចេញមកក្រៅ ដើម្បី​ព្យួរសេរ៉ូម​និង​បញ្ជូនបន្ត​មក​កន្លែង​ស្នាក់ការ​នៅ​ខាងក្រោយ​។ នៅពេល​រៀបចំ​បញ្ជូន​អ្នករបួស​មកដល់​កន្លែង​ស្នាក់ការ​ហើយ ខ្ញុំ​ត្រូវ​ត្រឡប់​ទៅ​សមរភូមិ​មុខ​វិញ​។ ខ្ញុំ​ក៏មាន​ភារកិច្ច​ជួយ​ដាំបាយ​ដាក់​ក្នុង​ស្មុគ​យកទៅ​ឲ្យ​កងទ័ព​ជួរមុខ​នៅពេលដែល​អ្នក​ទាំងនោះ​កំពុង​ជាប់ដៃ​ប្រយុទ្ធ ឬ​ឡោមព័ទ្ធ​បន្ទាយ​ទាហាន លន់ នល់ ម្តងៗ​។ ពេល​វាយ​ចូល​ទីក្រុង​ភ្នំពេញ​នោះ​កងទ័ព​ខ្មែរក្រហម​រួមមាន កងទ័ព​ភូមិភាគ​បូព៌ា កងទ័ព​ភូមិភាគ​និរតី ភូមិភាគ​ឧ​ត្ត​រ និង​កងទ័ព​ភូមិភាគ​ពិសេស​។​

៤-​ខ្មែរក្រហម​ទទួលបាន​ជ័យជម្នះ ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥
​កងទ័ព​ខ្មែរក្រហម​ទទួលបាន​ជ័យជម្នះ​លើ​របប​សាធារណរដ្ឋ​ខ្មែរ​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥​។ ខ្ញុំ​ចូលមក​តាម​ពោធិ៍ចិនតុង​រហូតដល់​ផ្លូវ​កម្ពុជា​ក្រោម​តាម​ពេទ្យ​លោកសង្ឃ និង​បន្ត​មក​ស្នាក់នៅ​ម្ដុំ​សាលារៀន​សន្ធរម៉ុក​។ ពេលដែល​ចូលដល់​ភ្នំពេញ​ភ្លាម​មេបញ្ជាការ​របស់​ពួក​ខ្ញុំ​បាន​ទៅ​ប្រជុំ​។ បន្ទាប់ពី​ត្រឡប់​មកពី​ប្រជុំ​វិញ ស្រាប់​តែមាន​ផែនការ​ឲ្យ​ជម្លៀស​ប្រជាពលរដ្ឋ​ចេញពី​ទីក្រុង​ភ្នំពេញ​។ រូបខ្ញុំ​ដែលជា​ពេទ្យ​យោធា​ត្រូវបាន​មេបញ្ជាការ​ចាត់តាំង​ឲ្យ​នៅ​ប្រចាំការ​នៅ​អង្គភាព និង​ជួយ​រៀបចំផ្ទះ​សម្បែង​។ ខ្ញុំ​ឃើញ​ប្រជាពលរដ្ឋ​បាន​ចាក​ចេញពីផ្ទះ​របស់​ពួកគាត់​ប្រហែល​១០​ថ្ងៃ​ទើប​ចេញ​អស់ និង​ស្ងាត់​ទីក្រុង​ភ្នំពេញ​តែម្តង​។ ពេលដែល​ប្រជាជន​ធ្វើដំណើរ​តាមផ្លូវ​កម្ពុជា​ក្រោម​នោះ ខ្ញុំ​បានឃើញ​មាន​ទាំង​ទាហាន​, មន្ត្រី​រដ្ឋការ និង​ប្រជាជន​។​បន្ទាប់មក​ប្រធាន​កងពល​បាន​បញ្ជា​ខ្ញុំ​ឲ្យ​ដើរ​រើ​តាម​ផ្ទះ​ប្រជាជន​យក​របស់របរ ដូចជា ទូរ​ទឹកកក​, ម៉ាស៊ីនដេរ​, កង្ហា មក​ដាក់​ម្ដុំ​។​ក្រោយមក​អង្គភាព​របស់ខ្ញុំ​ត្រូវបាន​ផ្លាស់​ឲ្យ​ទៅធ្វើ​ស្រែ​នៅ​ឃ្មួញ​។​ចាប់តាំងពី​ពេលនោះ​មក​ខ្ញុំ​បាន​ចូលមក​ទីក្រុង​ភ្នំពេញ​តែម្ដង​ម្កាល​ដើម្បី​បើក​ថ្នាំពេទ្យ​តែប៉ុណ្ណោះ​។​

៥-​ការធ្វើដំណើរ​ទៅ​សិក្សា​នៅ​ប្រទេស​ចិន​
​នៅ​អំឡុង​ខែមិថុនា ឆ្នាំ​១៩៧៥ ខ្ញុំ​ត្រូវបាន​ជ្រើសរើស​ឲ្យ​មក​រៀនសូត្រ​នៅ​ស្តា​ត​អូឡាំពិក​រយៈពេល​ពីរ​ខែ បន្ទាប់មក​បាន​ទៅ​រៀន​នៅ​ពោធិ៍ចិនតុង​ទៀត​។ ពេល​នៅ​ពោធិ៍ចិនតុង ខ្ញុំ​ត្រូវ​អង្គការ​ចាត់តាំង​ឲ្យ​រើ​ដែក កាត់​ស្មៅ កន្លែង​ណា​មាន​ភក់​ត្រូវ​បារ​សម្អាត​ឲ្យ​ស្អាត​។​បន្ទាប់មក​ទើប​មានការ​ជ្រើសរើស​កម្លាំង​មកពី​គ្រប់​អង្គភាព​ចំនួន​៥០០​នាក់មក​ពិនិត្យ​សុខភាព ដើម្បី​បញ្ជូន​ឲ្យ​ទៅ​រៀន​នៅ​ប្រទេស​ចិន ផ្នែក​បើក​យន្តហោះ​ចម្បាំង​ធុន​៥, ធុន​៦, ផ្នែក​ឧ​ទ្ធ​ម្ភា​ចក្រ​, ផ្នែក​ជាង​ជួសជុល​, ផ្នែក​ឧតុនិយម និង​ខ្លះទៀត​ត្រូវ​រៀន​ខាង​ផ្នែក​ការងារ​នៅ​ព្រលានយន្តហោះ​។ ជំនាញការ​ចិន​បានមក​ពិនិត្យ​សុខភាព​ដោយផ្ទាល់ រួមមាន ពិនិត្យមើល​ភ្នែក​, ច្រមុះ​, អណ្ដាត​, ត្រចៀក​, ប្រដាប់ភេទ​, ឈាម និង​ពិនិត្យ​មេរោគ​។ កងទ័ព​ដែលមាន​សុខភាព​ល្អ​ទើប​ជាប់ ចំពោះ​អ្នក​ដែលមាន​សុខភាព​មិនល្អ ត្រូវ​ត្រឡប់​ទៅតាម​អង្គភាព​ដើម​វិញ​។ ការពិនិត្យ​សុខភាព​នោះ​ត្រូវ​រង់ចាំ​រយៈពេល​មួយខែ​ទើប​ចេញ​លទ្ធផល​។​ចំពោះ​អ្នក​ជាប់​ត្រូវ​ចាប់ផ្ដើម​កាត់​សម្លៀកបំពាក់ រក​ស្បែកជើង​ប៊ូ​, អាវធំ និង​ត្រៀម​វ៉ា​លី​សម្រាប់​ដាក់​ខោអាវ​។ ខ្ញុំ និង​កងទ័ព​៤៩​នាក់​ទៀត​បាន​ជាប់​ផ្នែក​រៀន​បើក​យន្តហោះ​ចម្បាំង​ធុន​៦​។ ចំណែក​ផ្នែក​រៀន​បើក​យន្តហោះ​ចម្បាំង​ធុន​៥ ក៏មាន​កងទ័ព​ចំនួន​៥០​នាក់​ត្រូវ​ទៅ​រៀនសូត្រ​ដែរ​។​

​ប្រហែលជា​នៅ​ចុងឆ្នាំ​១៩៧៥ ខ្ញុំ និង​កងទ័ព​ផ្សេងទៀត​បានធ្វើ​ដំណើរ​ចេញពី​ពោធិ៍ចិនតុង​សំដៅទៅ​ទីក្រុង​សឺ​ជែ​ជី​ង​ប្រទេស​ចិន​។​ពេល​ដំបូង​សិស្ស​ទាំងអស់​ត្រូវ​រៀន​ភាសា​ចិន​។ បន្ទាប់មក​ខ្ញុំ និង​កូនសិស្ស​ផ្សេងទៀត​ត្រូវ​រៀន​បើក​យន្តហោះ​ចម្បាំង​តេ​២៨ ដោយ​រៀន​អនុវត្ត​បើកបរ​ជាក់ស្ដែង​តែម្តង​។ ពេល​រៀន​បើកបរ​មិនមាន​គ្រោះថ្នាក់​អ្វី​ទេ ពីព្រោះ​មាន​គ្រូ​មួយ​នាក់ សិស្ស​បីនាក់ និង​អ្នកបកប្រែ​មួយ​នាក់​នៅក្នុង​យន្តហោះ​។ អ្នកបកប្រែ​ឈ្មោះ ឡោ លី គឺជា​ជនជាតិ​ចិន​។ គ្រូបង្រៀន​របស់ខ្ញុំ​ឈ្មោះ ឡោ ឆាង​មិញ​។ ក្នុងចំណោម​សិស្ស​ដែល​ទៅ​ពី​ប្រទេស​កម្ពុជា​ចំនួន​៥០​នាក់ បាន​រៀន​ចប់ និង​ប្រឡង​ជាប់​តែ​១៥​នាក់​ប៉ុណ្ណោះ​។ ចំណែក​អ្នក​ដែល​ប្រឡង​មិន​ជាប់ ត្រូវ​ទៅ​រៀន​នៅ​ផ្នែក​ថតរូប​, ផ្នែក​ជាង​ជុស​ជុល​គ្រឿង​ម៉ាស៊ីន​យន្តហោះ​, ផ្នែក​សព្វាវុធ រៀបចំ​គ្រាប់​ដាក់​ក្នុង​យន្តហោះ​និង​ផ្នែក​វិទ្យុទាក់ទង​ជាដើម​។​

​បន្ទាប់ពី​រៀន​ចប់​នៅ​ទីក្រុង​សឺ​ជែ​ជី​ង ខ្ញុំ​ត្រូវ​ឡើងមក​រៀន​នៅ​ខេត្ត​ហឺ​ប៉ី​បន្តទៀត​។ ពេល​មក​រៀន​នៅ​ខេត្ត​ហឺ​ប៉ី គឺ​ខ្ញុំ​រៀន​បើក​យន្តហោះ​ប្រដេញ​ធុន​៦​។ បន្ទាប់ពី​ខ្ញុំ​បានបញ្ចប់​វគ្គ​បើកបរ​យន្តហោះ​ប្រដេញ​ធុន​៦​នៅ​ខេត្ត​ហឺ​ប៉ី ខ្ញុំ​ត្រូវបាន​បញ្ជូនមក​រៀន​ផ្នែក​យន្តហោះ​ប្រដេញ​ធុន​៥​នៅ​ខេត្ត​ឆាង​ជាំ​ង​ដែលជា​ខេត្ត​មួយ​នៅជាប់​មាត់សមុទ្រ​បន្តទៀត​។ យន្តហោះ​ប្រដេញ​ធុន​៥ សម្រាប់​ទម្លាក់​គ្រាប់បែក​ប្រភេទ​ដូច​គ្រាប់បែក​បេ​-៥២​ដែរ​។ អ្នក​ដែល​បាន​រៀន​បើកបរ​យន្តហោះ​ប្រដេញ​ធុន​៥ និង​ធុន​៦​ជំនាន់​ជាមួយ​ខ្ញុំ​រួមមាន​៖ យាង​, ភឿន​, ឆែម​, ផាត​, វន​, ហម​, ជឿន​, វឿន​, ពយ​, គ្រី​, ឡោ​,​រស្មី (​កូនប្រុស សុន សេន​) , អៀង វុ​ធ (​កូនប្រុស អៀង សារី​) និង​កូនប្រុស ចេង អន ភ្លេចឈ្មោះ​។

៦-​ការធ្វើដំណើរ​ត្រឡប់​មកពី​ប្រទេស​ចិន និង​ការហ្វឹកហាត់​បើក​យន្តហោះ​ចម្បាំង​សាកល្បង​នៅ​ពោធិ៍ចិនតុង​
​នៅ​ខែកក្កដា ឆ្នាំ​១៩៧៨ ខ្ញុំ​ត្រឡប់​ពី​ប្រទេស​ចិន​មក​ប្រទេស​កម្ពុជា​វិញ ខ្ញុំ​មក​ស្នាក់នៅ​ជិត​ផ្សារ​អូរ​ឡាំ​ពិ​ក ប៉ុន្តែ​ត្រូវ​ទៅ​ហ្វឹកហាត់​បើក​យន្តហោះ​ប្រដេញ​នៅ​ពោធិ៍ចិនតុង​។ រៀងរាល់​ព្រឹក​ពួក​ខ្ញុំ​ទាំង​១៥​នាក់​ត្រូវ​ជិះឡាន​ទៅ​ពោធិ៍ចិនតុង​។​នៅ​ព្រលាន​ពោធិ៍ចិនតុង​មាន​យន្តហោះ​ប្រដេញ​ចំនួន​៧​គ្រឿង ដែលជា​ប្រ​ភ​ទ​យន្តហោះ​ប្រដេញ​ធុន​៥ និង​ធុន​៦​។ នៅពេលនោះ​យន្តហោះ​ប្រដេញ​ដែល​អាច​ប្រើប្រាស់​បាន​មានតែ​បី​គ្រឿង ចំណែក​បួន​គ្រឿង​ទៀត​កំពុង​រៀបចំ​ដ​ម្លើ​ង​មិនទាន់​រួចរាល់​។ ពួក​ខ្ញុំ​តែងតែ​បើកបរ​យន្តហោះ​ប្រដេញ​ទាំង​៣​គ្រឿង​នោះ​សាកល្បង​ឡើង​ចុះៗ​នៅ​ព្រលាន​ពោធិ៍ចិនតុង​ជាមួយ​គ្រូ​ចិន​។ ខ្ញុំ​នៅចាំ​ឈ្មោះ​គ្រូ​ចិន​ចំនួន​២​នាក់​ដែល​បាន​បង្ហាត់បង្រៀន​នៅ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង គឺ​លោកគ្រូ ចាង ឆាង​យ័ន និង​លោកគ្រូ លី​ឈី​ម៉ី​ង​។ ជួនកាល​ពួក​ខ្ញុំ​បាន​បើក​សាកល្បង​ពី​ភ្នំពេញ​ទៅ​កំពង់ចាម និង​ពី​កំពង់ចាម​ទៅ​កំពង់ធំ​។ ខ្ញុំ​ធ្លាប់បាន​បើក​យន្តហោះ​ប្រដេញ​ទៅខាង​សៀមរាប​អង្គរ រួច​បន្ត​មក​ខេត្តបាត់ដំបង ចូលមក​ខាង​ភ្នំ​ឱ​រ៉ា​ល់ បន្ទាប់មក​បាន​ចុះចត​នៅ​ព្រលាន​ពោធិ៍ចិនតុង​ក្នុង​ថេរវេលា​៤៥​នាទី​។ ពួក​ខ្ញុំ​មាន​គម្រោង​បើក​យន្តហោះ​ទៅ​ទម្លាក់​គ្រាប់​នៅ​ស្រុក​មេមត់​ដែរ ប៉ុន្តែ​ដល់​ថ្ងៃ​ត្រូវ​ចេញដំណើរ គឺ​ស្អែក​ឡើង​កងទ័ព​វៀតណាម​បាន​ចូលមក​ដល់ទី​ក្រុងភ្នំពេញ​តែម្តង​។​នៅ​ចុងឆ្នាំ​១៩៧៨ និង​ដើមឆ្នាំ​១៩៧៩ កងទ័ព​ជើង​អាកាស​ខ្មែរក្រហម​បាន​បើក​យន្តហោះ​ស្លាប​កាត់​ធុន​តេ​២៨​ទៅ​ទម្លាក់​គ្រាប់​នៅ​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុងស្រុក​មេមត់​។​កងទ័ព​ជើង​អាកាស​ខ្មែរក្រហម​ទាំងនោះ​រួមមាន​៖ ឈ្មោះ ធី​, វែង និង​មឿ​ន​។​ឈ្មោះ វែង បាន​បើក​យន្តហោះ​ស្លាប​កាត់​តេ​២៨ ទៅ​ទម្លាក់​គ្រាប់​នៅ​ស្រុក​មេមត់ និង​ត្រូវ​កងទ័ព​វៀតណាម​បាញ់​យន្តហោះ​ធ្លាក់​។ ចំណែក វែង ត្រូវ​ភ្លើង​ឆេះ​ពេញ​ខ្លួន និង​បាន​កងទ័ព​ខ្មែរក្រហម​ផ្សេងទៀត​យក​ឡាន​ទៅ​ជួយសង្គ្រោះ​ទាន់ពេលវេលា​។​សព្វថ្ងៃ​ឈ្មោះ វែង​, ធី​និង មឿ​ន រស់នៅក្នុង​ស្រុក​សំឡូត​។ នៅក្នុង​ឆ្នាំ​១៩៧៨ ខ្មែរក្រហម ក៏បាន​បង្រៀន​បើកបរ​យន្តហោះ​ទម្លាក់​គ្រាប់​នៅ​ព្រលានយន្តហោះ​វាល​បែក​ចាន​ខេត្តបាត់ដំបង​ដែរ​។​នៅ​ខេត្តបាត់ដំបង​មាន​យន្តហោះ​ស្លាប​កាត់​តេ​២៨​ចំនួន​៦​គ្រឿង​។ ចំណែក​នៅ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង​មាន​យន្តហោះ​ស្លាប​កាត់​តេ​២៨ ចំនួន​៣-៤​គ្រឿង​ដែរ​។​តា​នឹម គឺជា​អ្នកគ្រប់គ្រង​នៅ​ព្រលានយន្តហោះ​វាល​បែក​ចាន និង​ជា​អ្នក​បង្រៀន​កងទ័ពអាកាស​ប្រចាំ​នៅ​ព្រលាន​នោះ​។​

មុន​ពេលដែល​វៀតណាម​ចូល​មកដល់​ភ្នំពេញ​ខ្មែរក្រហម​មាន​គម្រោង​រៀបចំ​នាំ​ពួក​ខ្ញុំ​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ ប៉ុន្តែ​ត្រូវ​អាក់ខាន​ដោយសារ សម្ដេចឪ និង​ព្រះរាជសា​នុ​វង្ស​ត្រូវ​យាង​ចាកចេញ​ទៅមុន​។​ចំណែក​ពួក​ខ្ញុំ​ត្រូវ​រងចាំ​ទៅតាម​ក្រោយ​។​ជា​អកុសល​កងទ័ព​វៀតណាម​បាន​ចូលមក​ដល់ទី​ក្រុងភ្នំពេញ ពួក​ខ្ញុំ​ទាំង​១៥​នាក់​ត្រូវ​ឡើង​ឡាន​ភៀសខ្លួន​មក​ខាង​ខេត្តបាត់ដំបង​។

៧-​ការតស៊ូ​នៅក្នុង​ព្រៃ ក្រោយ​ឆ្នាំ​១៩៧៩
​ ​មុន​មកដល់​បាត់ដំបង ឡាន​ពួក​ខ្ញុំ​បាន​ខូច​នៅ​កំពង់ឆ្នាំង។ ដូច្នេះ​ការធ្វើដំណើរ​ទម្រាំ​មកដល់​ខេត្តបាត់ដំបង​គឺ​នៅពេល​យប់​។ ព្រឹក​ព្រលឹម​ឡើង​ពួក​ខ្ញុំ​ក៏បាន​បន្តដំណើរ​ទៅ​ភ្នំ​សំពៅ ហើយ​ខ្មែរក្រហម​ចាប់ផ្ដើម​បែងចែក​កម្លាំង​។​ដោយសារ​ពីមុន​ខ្ញុំ​ធ្លាប់​ធ្វើជា​ពេទ្យ ខ្ញុំ​ត្រូវ​ចាត់តាំង​ឲ្យ​នៅក្នុង​អង្គភាព​ពេទ្យ​។​ចំណែក​អ្នកផ្សេងៗ​ទៀត គឺ​នៅតាម​កង​រៀងៗ​ខ្លួន​។ ទោះជា​ធ្វើជា​ពេទ្យ​ប៉ុន្តែ​ខ្មែរក្រហម​ក៏បាន​ចែក​អាវុធ​ឲ្យ​ខ្ញុំ​កាន់​ដែរ​។ ក្រោយមក​ពួកយើង​បាន​ចូល​សមរភូមិ ខ្ញុំ និង​អៀង វុ​ធ ត្រូវរបួស​ដេកពេទ្យ​ដូចគ្នា​។ ចេញពី​ពេទ្យ​មកវិញ​យើង​បាន​បែក​គ្នា ខ្ញុំ​មក​នៅក្នុង​វរ​សេនា​តូច​ដែលមាន​តា​អង ជា​ប្រធាន​។ តា​អង ធ្លាប់បាន​ប្រចាំការ​នៅ​ព្រលានយន្តហោះ​វាល​បែក​ចាន​ខេត្តបាត់ដំបង​។ ក្រោយមក​ពួកយើង​ចេះតែ​គេច​ពី​កងទ័ព​វៀតណាម​ចូលទៅ​ក្នុងព្រៃ​រហូតដល់​តំបន់​សំឡូត​។ កង​របស់​ពួក​ខ្ញុំ​មាន​លេខ​៥៥៥​។ តា​ម៉េ​ត ជា​ប្រធាន​កងពលធំ ចំណែក តា​នឹម និង​តា​អង ប្រធាន​វរ​សេនា​ធំ​។ ពេលដែល​ខ្ញុំ​នៅ​សំឡូត អៀង វុ​ធ បាន​ផ្ញើ​សំបុត្រ​ឲ្យ​ខ្ញុំ​ទៅ​នៅ​ជាមួយ​គាត់​ជា​ច្រើនដង ប៉ុន្តែ​ខ្ញុំ​ទៅ​មិន​រួច​ព្រោះ​មីន​ច្រើនពេក​ហើយ​ម្យ៉ាងទៀត តា​អង មិន​អនុញ្ញាត​ឲ្យ​ទៅ​នៅ​ជាមួយ អៀង វុ​ធ​។ ខ្ញុំ​នៅ​ធ្វើ​ពេទ្យ​ប្រចាំ​នៅ​ឃុំ​តា​សាញ បច្ចុប្បន្ន​គឺជា​សាលាស្រុក​សំឡូត​។

​នៅ​ឆ្នាំ​១៩៨៨ ខ្ញុំ​បាន​ជាន់មីន​នៅ​សំឡូត ត្រូវ​ពិការ​ជើង​ម្ខាង​និង​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​តំបន់​សំឡូត​។ បន្ទាប់ពី​ជាសះស្បើយ ខ្ញុំ​បាន​ឈប់​ធ្វើ​ពេទ្យ និង​បាន​ផ្លាស់​មក​ធ្វើជា​គ្រូបង្រៀន​វិញ ពីព្រោះ​កងទ័ព​ខ្មែរក្រហម​ក៏​ចង់​ឲ្យ​កូនចៅ​ចេះដឹង​ដែរ​។​ពួកគេ​បាន​យក​កូន​មក​ឲ្យ​ខ្ញុំ​បង្រៀន និង​ជួយ​ឧ​ប​ត្ត​ម្ថ​ដល់​ខ្ញុំ​បន្តិចបន្តួច​។ នៅពេលនោះ​ខ្ញុំ​បង្រៀន​ក្មេងៗ​ចំនួន​៣​ថ្នាក់​នៅ​បឋមសិក្សា គឺ​ថ្នាក់​ទី​១២ ទី​១១​ទី​១០ និង​ទី​៩ (​ប្រព័ន្ធ​ចាស់​)​។ ការបង្រៀន​ជំនាន់​សង្គ្រាម គឺ​គ្រាន់តែ​អាច​ឲ្យ​ក្មេងៗ​អាច​ចេះ​អាន និង​សរសេរ​បានតែ​ប៉ុណ្ណោះ​។ ខ្ញុំ​បានរស់នៅ​សំឡូត​រហូតដល់​ឆ្នាំ​១៩៩៥ ទើប​ខ្ញុំ​ផ្លាស់​មក​រស់នៅ​ខាង​កោះកុង​(​បច្ចុប្បន្ន​ស្រុក​វាលវែង​) ព្រោះតែ​ដឹងថា​ភាគី​រាជរដ្ឋាភិបាល​កម្ពុជា និង​ខ្មែរក្រហម បានចាប់ផ្តើម​ច​ចារ​ត្រូវរ៉ូវ​គ្នា​បណ្តើរៗ​។ ប្រធាន​កងពល​របស់​ខ្មែរក្រហម​បាន​ចាត់តាំង​ឲ្យ​ពង្រាយ​កម្លាំង​មក​រស់​នៅតាម​តំបន់​ដីធ្លី​ថ្មី​តាម​កង​និង​អង្គភាព​រៀងៗ​ខ្លួន​។ អង្គភាព​របស់ខ្ញុំ​មាន​សមាជិក​ជាង​១០០​នាក់ គឺជា​កងវរសេនាធំ​ឯករាជ្យ​ដែល​គ្រប់គ្រង​ដោយ​មេបញ្ជាការ​ឈ្មោះ គឹម ពៅ​។​គឹម ពៅ ត្រូវបាន​ថ្នាក់លើ​ចាត់តាំង​ឲ្យ​មក​សហការ​ជាមួយ​អង្គភាព​របស់ អ៊ួ​ន យ៉ង់ នៅ​តំបន់​ថ្មដា​។ មុខព្រួញ​របស់​គឹម ពៅ ចាប់ពី​តំបន់​អូរ​សោម​ទៅ​ទល់នឹង​មាត់សមុទ្រ​ក្នុង​ទឹកដី​ខេត្តកោះកុង​។ ពេលមកដល់​ដំបូង កង​របស់ខ្ញុំ និង​ក្រុមគ្រួសារ​បាន​ស្នាក់នៅ​ម្តុំ​ស្ទឹង​ថ្មី ក្នុងភូមិ​សាស្ត្រ ឃុំ​ប្រ​ម៉ោ​យ​បច្ចុប្បន្ន​។ គ្រួសារ​ខ្ញុំ និង​គ្រួសារ​ផ្សេងៗ​ទៀត​បានរស់នៅ​ក្បែ​មាត់​ស្ទឹង ពីព្រោះ​ងាយស្រួល​រកត្រី​សាច់​ធ្វើ​ម្ហូបអាហារ និង​មាន​ប្រភពទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​។

ពេល​នៅ​ម្តុំ​ស្ទឹង​ថ្មី ខ្ញុំ​នៅតែ​បង្រៀន​កូនចៅ​របស់​កងទ័ព​ដ​ដែល​។ កូនសិស្ស​របស់ខ្ញុំ​មាន​ចំនួន​ប្រហែល​៥០​នាក់​។ ខ្ញុំ​បាន​សៀវភៅ​ពីរ​-​បី​ក្បាល ពី​ឈ្មោះ សឿង ដែល​បានទទួល​សៀវភៅ​មកពី​ថ្នាក់លើ​។ ខ្ញុំ និង​ខ្មែរក្រហម​ដ៏ទៃទៀត​បាន​ចូលរួម​ធ្វើ​សមាហរណកម្ម​លើក​ទី​១​នៅ​ប្រ​ម៉ោ​យ​ក្នុង​ឆ្នាំ​១៩៩៦​។​បន្ទាប់ពី​មាន​ព្រឹត្តិការណ៍​ថ្ងៃទី​៥-៦ កក្ត​ដា ឆ្នាំ​១៩៩៧ ក្រុមគ្រួសារ​ខ្ញុំ និង​គ្រួសារ​ខ្មែរក្រហម​ផ្សេងទៀត​បាន​ភៀសខ្លួន​ចូលទៅ​រស់នៅក្នុង​ប្រទេស​ថៃ​ជាមួយ​អង្គភាព​របស់ អួន យ៉ង​។ នៅ​ចុងក្រោយ​ខ្ញុំ និង​ខ្មែរក្រហម​ដទៃទៀត​បាន​ចូលរួម​ធ្វើ​សមាហរណកម្ម​ជា​លើក​ទី​២​នៅ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ឆ្នាំ​១៩៩៨​។

​នៅ​ឆ្នាំ​១៩៩៩ ខ្ញុំ និង​ក្រុមគ្រួសារ​បាន​ត្រឡប់​ពី​ព្រំដែន​មក​រស់នៅ​ស្រុក​វាលវែង និង​បាន​ចូល​បង្រៀន​កូនសិស្ស​នៅ​សាលា​ចំនួន​៣ នៅ​ភូមិ​ទួល​គ្រួស តាំង​យ៉ និង​ដូន​នាគ​។​នៅ​ឆ្នាំ​២០០០ មន្ទីរអប់រំ​ស្រុក​វាលវែង បានរៀបចំ​ឲ្យ​ខ្ញុំ​ទៅ​រៀន​បំពេញវិជ្ជា​ជា​គ្រ​បង្រៀន​ក្របខណ្ឌ​។ ខ្ញុំ​ឡើងទៅ​រៀន​បំពេញវិជ្ជា​នៅ​ខេត្តពោធិ៍សាត់​រយៈពេល​ពី​រ​ខែ​។​បន្ទាប់មក​ខ្ញុំ​បាន​ទៅ​រៀន​នៅ​ភ្នំពេញ​បន្តទៀត ទើប​ទទួលបាន​ប្រាក់បៀវត្សរ៍​ដូច​គ្រូបង្រៀន​ផ្សេងទៀត​។​ខ្ញុំ​បាន​បង្រៀន​នៅ​សាលាបឋមសិក្សា​តាំង​យ៉​រហូតដល់​ឆ្នាំ​២០០៩ ទើប​ខ្ញុំ​បាន​ក្របខណ្ឌ​ជា​នាយក​សាលាបឋមសិក្សា​តាំង​យ៉​។ ខ្ញុំ​ចូលនិវត្តន៍​នៅ​ឆ្នាំ​២០១៥​ប៉ុន្តែ​ខ្ញុំ​បន្ត​ជា​បុគ្គលិក​បណ្តែត និង​បាន​ជួយ​បង្រៀន​កូនសិស្ស​រហូតដល់​ឆ្នាំ​២០១៩​ទើប​ឈប់សម្រាក់​ទាំងស្រុង​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular