ព្យុះ​ទី​១​សម្រាប់​ឆ្នាំ​២០២១ ថយឥទ្ធិពល គ្មាន​ភ្លៀង​ដល់​កម្ពុជា​ទេ​

​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ ព្យុះ​ទី​១​ឈ្មោះ ឌូ​ចៀន (DUJUAN) សម្រាប់​ឆ្នាំ​២០២១ ដែល​បាន​ដើរ កាត់​ប្រទេស​ហ្វីលីពីន​កាលពី​ចុង​សប្តាហ៍​កន្លងទៅ នៅ​ថ្ងៃ​ច័ន្ទ​នេះ (២២​កុម្ភៈ​) បាន ថយឥទ្ធិពល​មក​នៅ​ជា​វិ​សម្ពាធ​( TD) វិញ​ហើយ និង​មិនមាន​ឥទ្ធិពល​ទឹកភ្លៀង​ដល់​ប្រទេស​កម្ពុជា​ទេ តែ​នៅ​ដើម​សប្តាហ៍​ខែមីនា នឹងមាន​ភ្លៀង​កក់ខែ​ធ្លាក់ នៅលើ​ខេត្ត​ជាប់​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​។​

​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២២ ខែកុម្ភៈ​ថា ព្យុះ​នេះ​បាន​ថយឥទ្ធិពល​ទៅជា​វិ​សម្ពាធ (TD )​វិញ ដោយ​មួយផ្នែកធំ​ដើរ កាត់​លើ​ប្រទេស​ហ្វីលីពីន ទៅរក​ទីក្រុង​ម៉ានីល និង មួយផ្នែក​ទៀត​បែក​ចូលមកក្នុង​សមុទ្រ​ចិន​ខាងត្បូង ក្នុង​កម្រិត​ជា​សម្ពាធ​ទាប​និង អាច​រលាយ​ទៅវិញ​នៅក្នុង​សមុទ្រ​អំឡុង​ថ្ងៃទី​២៤ ខែកុម្ភៈ​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​និយាយ​ឱ្យដឹងទៀតថា ព្យុះ​នេះ​មិនមាន ឥទ្ធិពល​ទឹកភ្លៀង​ដល់​ប្រទេស​កម្ពុជា​នោះទេ ។ អាកាសធាតុ​នៅក្នុង​សប្តាហ៍​នេះ សីតុណ្ហភាព​ចាប់ផ្តើម​កើន​ឡើងជា​លំដាប់​។​

​លោក​ចាន់ យុ​ត្ថា​បញ្ជាក់ថា បន្ទាប់ពី​ព្យុះ​ទី​១​រលាយ​ទៅវិញ​សីតុណ្ហភាព​ងើបឡើង​បន្តិច និង អាចមាន​ភ្លៀង​កក់ខែ​ធ្លាក់​នៅ​តំបន់​មាត់សមុទ្រ ជាពិសេស​ខេត្ត​ព្រះសីហនុ អូស​រហូត​ទៅដល់​តំបន់​ទំនាប​កណ្តាល​ភាគ​ពាយព្យ​នៅ​អំឡុង​ចុងខែ​កុម្ភៈ ឬ​ដើមខែ​មីនា​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular