ដោយ: គង់ហេង / កំពង់ចាម: ប្រធានគណ:កម្មាធិការ កាកបាទក្រហម ខេត្តកំពង់ចាម និងជាអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានអំពាវនាវដល់ស្ត្រី ជាមាតាគ្រប់រូប ចាំបាច់ត្រូវយល់ដឹង ឱ្យបានច្បាស់ លើការចិញ្ចឹមទារក និងកុមារតូច ដោយតាមដានពី ការលូតលាស់ របស់ពួកគេ ( ទារក និងកុមារតូច) ពោល គឺអាចជួយឱ្យស្ត្រី ជាម្តាយ មានសុខភាពល្អរឹងមាំ ដើម្បីមានពេលវេលា ថែរក្សាកូន បានពេញលេញ។
លោក អ៊ុន ចាន់ដា បានធ្វើការអំពាវនាវ យ៉ាងដូច្នេះនៅក្នុងឱកាសលោក និងលោកស្រី ជាភរិយា បានអញ្ជើញចូលរួមសំណេះសំណាល អបអរសាទរខួបទី១១ ទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភ: ដែលបានប្រព្រឹត្តទៅ នៅមន្ទីរសុខាភិបាល ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ នេះ ។
លោកប្រធានគណៈកម្មាធិការ កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានមានប្រសាសន៍ ថាៈ គ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវយកចិត្តទុកដាក់ អនុវត្តអនុសាសន៍ ដ៏ខ្ពង់ខ្ពស់ទាំងឡាយ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ក្នុងសារលិខិតនេះ គឺត្រូវរួមគ្នា ជួយឱ្យស្ត្រី មានផ្ទៃពោះទាំងអស់ទទួលបាន ការពិនិត្យថែទាំ តាំងពីពរពោះ រហូតដល់ពេលសម្រាល និងត្រូវបន្តពីពេលសម្រាលថែទាំ ទាំងម្តាយ និងទារក ដល់កូនអាយុ ២ ឆ្នាំ។
លោកអភិបាលខេត្តកំពង់ចាម បានបន្តថាៈ បញ្ហាសំខាន់ គឺស្ត្រីជាមាតាគ្រប់រូបត្រូវយល់ ដឹងបានច្បាស់លាស់ ពីការចិញ្ចឹមទារក និងកុមាតូច ដោយតាមដាន ពីការលូតលាស់ របស់ពួកគេ ដែលអាចជួយឱ្យស្ត្រី ជាមាតាមានសុខភាពរឹងមាំ ដើម្បីមានពេលវេលា ថែរក្សាកូន បានពេញលេញ។ មួយវិញទៀត ក្នុងដំណាក់កាល មានការរំខានពីមេរោគ កូវីដ.១៩ សូមឱ្យស្ត្រីមានផ្ទៃពោះ និងស្ត្រីជាមាតា ត្រូវបន្ត «រស់នៅធម្មតា តាមបែបគន្លងថ្មី» ដោយអនុវត្ត ឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពារ « បីការពារ និងបីកុំ» របស់សម្តេចតេជោ សែន និងវិធានការណែនាំនានា របស់ក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា នៅក្នុងពិធីសំណេះសំណាល អបអរសាទរខួបទី១១ ទិវាជាតិ សុខភាពមាតា និងកុមារ ២១ កុម្ភ: នោះ មានស្ត្រី ជាមាតាចូលរួម ចំនួន ១០០ នាក់ ដោយម្នាក់ៗទទួល បានមីមួយកេស ឃឺតមួយកញ្ចប់ ស្ករសមួយគីឡូក្រាម ទឹកដោះគោ មួយកំប៉ុងម្សៅលាប ខ្លួនទារក មួយដប សាប៊ូដុសខ្លួនទារក មួយដប ខោទឹកនោមទារក មួយយួរ និងថវិកា ពីរម៉ឺនរៀល។ ក្នុងនោះមានស្ត្រីម្នាក់ ត្រូវឪពុកចុង ចាប់រំលោភរហូតមានផ្ទៃពោះទទួលបាន ប្រាក់ចំនួន ២០ ម៉ឺន រៀល ក្នុងមួយខែ និងស្ត្រីទើបសម្រាលកូន និងកំពុងសម្រាលកូន ក្នុងមន្ទីរពេទ្យ ខេត្តកំពង់ចាម ចំនួន ៥១ នាក់ ទទួលបានប្រាក់ ម្នាក់ចំនួន ៥០.០០០ រៀល ពីលោកស្រី ញូង ចរិយា អ៊ុន ចាន់ដា និងលោកស្រី ប៉ាង ដានី ជាអភិបាលរងខេត្ត កំពង់ចាម៕/V-PC