ដោយ៖ សួត វិចិត្រ/ភ្នំពេញៈ”វេទិកាប្រវត្ដិសាស្ដ្រគ្រួសារ” ត្រូវបានរៀបចំឡើងជាមួយនឹងប្រជាជន៥៣នាក់ (ប្រុស២១នាក់ និងស្រី៣២នាក់) ក្នុងស្រុកអន្លង់វែង ចាប់ពីថ្ងៃទី១៦ ដល់ទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។វេទិកានេះ បង្កើតឡើងក្នុងគោលបំណងជំរុញឲ្យមានការពិភាក្សាអំពីប្រវត្ដិសាស្ដ្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងលើកកម្ពស់ការកសាងសន្ដិភាព និងការផ្សះផ្សា។
ក្រុមការងារមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជាជួបជាមួយនឹងប្រជាជន៥៣នាក់ក្នុងស្រុកអន្លង់វែង នៅក្នុង «វេទិកាប្រវត្ដិសាស្ដ្រគ្រួសារ»ចាប់ពីថ្ងៃទី១៦ ដល់ទី២២ ខែកុម្ភៈ ឆ្នាំ២០២១។
(ហ៊ាន ពិសី/មជ្ឈមណ្ឌលឯកសារកម្ពុជា)
វេទិកាប្រវត្ដិសាស្ដ្រគ្រួសារជាមួយ១៤គ្រួសារនេះ បង្កលក្ខណៈឲ្យឪពុកម្ដាយ ឬសាច់ញាតិក្រុមគ្រួសារ និយាយរៀបរាប់ពីរឿងរ៉ាវផ្ទាល់ខ្លួន កាលពីរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហមទៅកាន់កូនចៅរបស់ខ្លួន ថាតើឪពុកម្ដាយធ្លាប់បាននិយាយរឿងរ៉ាវអ្វីខ្លះទៅកាន់កូនចៅរបស់ខ្លួន និងថាតើយុវជនធ្លាប់បានដឹងពីរឿងរ៉ាវអ្វីខ្លះពីឪពុកម្ដាយរបស់ខ្លួនទាក់ទងនឹងរបបខ្មែរក្រហម។ ការជជែកពិភាក្សារវាងជំនាន់ពីរផ្សេងគ្នានេះ បានក្លាយជារបៀបរបបនៃការសិក្សាស្វែងយល់ថ្មីមួយដើម្បីជំរុញឲ្យយុវជនជ្រួតជ្រាបពីប្រវត្ដិសាស្ដ្រនៃក្រុមគ្រួសាររបស់ខ្លួន។
ឃុំចំនួនបួន ដែលរួមមាន ឃុំថ្លាត, ឃុំលំទង , ឃុំត្រពាំងប្រិយ៍ និងឃុំត្រពាំងតាវ បានក្លាយជាទីតាំង ដ៏សំខាន់ក្នុងការចុះជួបប្រជាជនដែលមានអាយុចន្លោះពី៥២ឆ្នាំ រហូតដល់ជាង៧៥ឆ្នាំ ដែលជាប្រភពឯកសាររស់ដ៏សំខាន់ ដែលជំរុញឲ្យមានការឈ្វែងយល់រឹតតែទូលំទូលាយជាងមុន។ ប្រជាជនភាគច្រើនធ្លាប់មានប្រវត្ដិរត់ភៀសខ្លួនចេញពីទីកន្លែង ផ្សេងៗគ្នារួមមាន ខេត្ដតាកែវ, កំពង់ចាម,សៀមរាប និងព្រៃវែង លើកលែងតែ១គ្រួសារប៉ុណ្ណោះ ដែលមានទីកន្លែងកំណើតនៅក្នុងតំបន់អន្លង់វែងផ្ទាល់។
យោងតាមបទពិសោធន៍ឆ្លងកាត់ផ្ទាល់ ប្រជាជនភាគច្រើនបានចែករំលែករឿងរ៉ាវទៅកាន់កូនចៅរបស់ខ្លួន អំពីការរស់នៅក្នុងកងកុមារ និងការធ្វើកិច្ចការងារនៅក្នុងពេលនោះ។ ការកាប់ដើមទន្ទ្រាងខែត្រ, រើសអាចម៌គោ និងការធ្វើជី បានក្លាយជាការងារប្រចាំថ្ងៃរបស់កុមារ។ ប្រជាជនមួយចំនួនទៀត បានរំឮកអំពីការធ្វើដំណើរទៅកាន់ទីក្រុងភ្នំពេញនៅក្រោយពេលជម្លៀស ដើម្បីធ្វើការចាប់ពីឆ្នាំ១៩៧៦-១៩៧៩។
ក្រុមការងារមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជាជួបជាមួយនឹងប្រជាជន៥៣នាក់ក្នុងស្រុកអន្លង់វែង នៅក្នុង «វេទិកាប្រវត្ដិសាស្ដ្រគ្រួសារ»ចាប់ពីថ្ងៃទី១៦ ដល់ទី២២ ខែកុម្ភៈ ឆ្នាំ២០២១។
(ហ៊ាន ពិសី/មជ្ឈមណ្ឌលឯកសារកម្ពុជា)
អ៊ុន ណម ភេទស្រី អាយុ៥៦ មានទីកន្លែងកំណើតនៅក្នុងស្រុកពួក ខេត្ដសៀមរាប បាននិយាយរៀបរាប់ពីជីវិតទៅកាន់ទីក្រុងភ្នំពេញថា៖ «នៅក្នុងឆ្នាំ១៩៧៦ ខ្ញុំបានធ្វើដំណើរទៅកាន់ទីក្រុងភ្នំពេញជាមួយម្ដាយ។ នៅពេលនោះ ខ្មែរក្រហមបានស្នើរឲ្យខ្ញុំចូលបម្រើការងារនៅក្នុងឃ្លាំងរដ្ឋនៅទីនោះ។ ខ្ញុំមានតួនាទីចងធ្មេញឈើ នៅក្នុងរោងចក្រតម្បាញ និង រើសគ្រាប់ស្រូវចេញពីអង្ករ ដើម្បីចម្រាញ់យកអង្ករសុទ្ធលេខមួយលក់ទៅកាន់ប្រទេសចិន។ យើងបានរស់នៅដោយការហូបចុកល្អប្រសើរ និងទទួលបានការឈប់សម្រាកចំនួន៣ថ្ងៃ ជារៀងរាល់ខែ។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ ខ្ញុំរស់នៅស្ថិតនៅក្នុងស្ថានភាព កំព្រាឪពុកម្ដាយ នៅក្នុងជំនាន់ខ្មែរក្រហម។»
ការរស់នៅ និងធ្វើការងាររបស់ប្រជាជនក្នុងរបបខ្មែរក្រហមមានភាពខុសប្លែកគ្នាទៅតាមតំបន់ និងតាមសហករណ៍។ សហករណ៍មួយចំនួនហាក់មានភាពរឹតត្បិត និងបង្កការលំបាក អាស្រ័យហេតុនេះហើយ ការបាត់ខ្លួន និងការសម្លាប់បានបង្កនូវភាពអសោច និងក្ដីរន្ធត់ឥតពិពណ៌នាបានឡើយ។ ប្រជាជនមួយចំនួនបានជួបនូវហេតុការណ៍ដ៏រន្ធត់ ហើយបន្ដដិតដាមនៅក្នុងអារម្មណ៍រហូតដល់ពេលបច្ចុប្បន្ន។
ម៉ន យាន ភេទស្រី អាយុ៥៨ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិចម្ការអណ្ដូង នៃខេត្ដកំពង់ចាម បានរៀបរាប់ថា ខ្លួនធ្លាប់ឃើញពីសាកសពមនុស្សជាច្រើនបានស្លាប់បាត់បង់ជីវិតនៅក្នុងអណ្ដូងទឹកនៅក្នុងជំនាន់ខ្មែរក្រហម។ គាត់កើតមានក្ដីរន្ធត់ និងតក់ស្លុតជាខ្លាំង ហើយមិនចង់ជួបរឿងរ៉ាវទាំងនោះទៀតទេ។ គាត់បាននិយាយថា គាត់មិនចង់ឲ្យកូនរបស់ខ្លួនបានដឹងពីរឿងរ៉ាវនេះទេ ពីព្រោះហាក់មានភាពតក់ស្លុតខ្លាំងពេក។
តាមរយៈ «វេទិកាប្រវត្ដិសាស្ដ្រគ្រួសារ» ក្រុមការងារសង្កេតឃើញថា យុវជនមួយចំនួនតូចប៉ុណ្ណោះដែលធ្លាប់បានស្ដាប់ឮ និងសួរនាំពីរឿងរ៉ាវតស៊ូរបស់ឪពុកម្ដាយ ខណៈដែលយុវជនមួយចំនួនធំទៀត មិនធ្លាប់បានដឹងឬចាប់អារម្មណ៍ទាល់តែសោះទៅលើរឿងរ៉ាវរបស់ឪពុកម្ដាយខ្លួន។ ប៉ុន្ដែទោះជាយ៉ាងនេះក្ដី ខាំ នឿន ភេទប្រុស មាន វ័យ៦៣ឆ្នាំ នៅតែជឿជាក់ថា វេទិកាប្រវត្ដិសាស្ដ្រគ្រួសារ ឬការរៀបរាប់សាច់រឿងទៅកាន់កូន គឺជាកត្ដាជំរុញដ៏សំខាន់សម្រាប់បង្កើតឲ្យមានការពិភាក្សាជាអន្ដរជំនាន់ ហើយយុវជននឹងអាចងាកមកចាប់អារម្មណ៍ផ្នែកប្រវត្ដិសាស្ដ្រឡើងវិញ ទោះបីមកទល់ពេលនេះ យុវជនមួយចំនួនហាក់មិនទាន់ជឿទៅលើរឿងរ៉ាវដែលបានកើតឡើងពិតប្រាកដក្នុងសម័យកាលនោះយ៉ាងពេញលេញក៏ដោយ៕សរន
ក្រុមការងារមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជាជួបជាមួយនឹងប្រជាជន៥៣នាក់ក្នុងស្រុកអន្លង់វែង នៅក្នុង «វេទិកាប្រវត្ដិសាស្ដ្រគ្រួសារ»ចាប់ពីថ្ងៃទី១៦ ដល់ទី២២ ខែកុម្ភៈ ឆ្នាំ២០២១។
(ហ៊ាន ពិសី/មជ្ឈមណ្ឌលឯកសារកម្ពុជា)