ដោយៈ មុនីរ័ត្ន/ភ្នំពេញ៖ មេបញ្ជាការកងពលតូចលេខ៧០ និងជាមេបញ្ជាការរងកងទ័ព ជើងគោក លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានមានប្រសាសន៍ទៅកាន់នាយទាហាន ពលទាហានទាំងអស់ថា ត្រូវជឿជាក់លើវ៉ាក់សាំងស៊ីណូហ្វាម ព្រោះទម្រាំផលិតបាន វ៉ាក់សាំងមួយ គឺមានការគិតគូរ និងសិក្សាល្អិតល្អន់ជាទីបំផុត ដូច្នេះកុំមានការព្រួយបារម្ភ នៅពេលចាក់ ដោយគ្រាន់តែអនុវត្តតាមការណែនាំរបស់គ្រូពេទ្យជំនាញឲ្យបានត្រឹមត្រូវ។
ការបញ្ជាក់នេះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានធ្វើឡើងនៅក្នុងពិធីដែល កងពលតូចលេខ៧០ បានរៀបចំចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅទីបញ្ជាការកងពល ដែលមានអង្គភាពចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក ចំនួន៥អង្គភាពរួមមានៈ កងពលតូចលេខ៧០ យោធភូមិភាគ១ យោធភូមិភាគ២ បញ្ជាការដ្ឋានវិស្វកម្ម ក.ទ.គ បញ្ជាការដ្ឋានការពារអាកាស ក.ទ.គ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ ។
លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានបញ្ជាក់ទៀតថា ពលទាហានទាំងអស់ត្រូវជឿជាក់ លើការសម្រេចចិត្តដ៏ត្រឹមត្រូវ និងខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលទទួល យកវ៉ាក់សាំងស៊ីណូហ្វាម មកចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ ពីសំណាក់ សាធារណៈរដ្ឋប្រជាមានិតចិន។ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ ឧត្តមសេនីយ៍ ឯក ម៉ៅ សុផាន់ បានដឹកនាំមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពល ទាហានទាំងអស់ ចាក់វ៉ាក់សាំងស៊ីណូហ្វាម ប្រឆាំងជំងឺកូវីដ-១៩ ដែលជាជំនួយរបស់ រដ្ឋាភិបាល សាធារណៈរដ្ឋប្រជាមានិតចិន។
សូមជម្រាបថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ចិន ចំនួន៦០ម៉ឺនដូសនេះជាប្រភេទវ៉ាក់ សាំងស៉ីណូហ្វាម ដែលផលិតដោយរដ្ឋាភិបាលចិន បានបញ្ជូនមកដល់ប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ។ ក្រោយមកដល់ប្រទេសកម្ពុជា វ៉ាក់សាំងស៉ីណូហ្វាម ទាំងនេះ បានត្រូវប្រគល់ជូនក្រសួងការពារជាតិចំនួន ៣០ម៉ឺនដូស និងប្រគល់ជូនក្រសួង សុខាភិបាលចាត់ចែងចំនួន ៣០ម៉ឺនដូស៕/PC