Home ព័ត៌មានជាតិ សន្តិសុខ ​យុវជន​ម្នាក់...

​យុវជន​ម្នាក់ រងរបួស​ជា​ទម្ងន់ ដោយសារ​បើក​ម៉ូតូ បុក​រថយន្ត​ដែល​បត់​ស្ដាំ មិន​ប្រយ័ត្ន​

ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ យុវជន​ម្នាក់ បាន​រងរបួស​ជា​ទម្ងន់ ដោយសារតែ​គាត់ បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅបុក​រថយន្ត ដឹក​អ្នកដំណើរ ដែល​កំពុង​បត់​ស្ដាំ ដោយ​មិន​ប្រយ័ត្ន​នោះ ក្នុងទិសដៅ​ស្របគ្នា​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោងជាង ៦ ព្រឹក ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ នៅលើ​កំណាត់ ផ្លូវ​លេខ ១៣ ស្ថិត​ក្នុងភូមិ​ថ្នល់កែង សង្កាត់​ពោធិ៍​តា​ហោ ក្រុង​ស្វាយរៀង​។

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថាៈ យុវជន​រងគ្រោះ ឈ្មោះ អ៊ី បូ​ណា អាយុ ១៩ ឆ្នាំ មានមុខ​របរ ជា​កម្មករ​រោងចក្រ រស់នៅ​ភូមិ​មេភ្លើង សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ជា​អ្នកបើក​ម៉ូតូ (​មាន​ពាក់មួក​សុវត្ថិភាព​) ម៉ាក​ហុងដា សេ ១២៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ស្វាយរៀង ១Q ៣៤៦៤ ។ រថយន្ដ​ដឹក​អ្នកដំណើរ ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ ៣B ២១៦៥ អ្នកបើកបរ មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេចខ្លួន ដោយ​បន្សល់ទុក​រថយន្ដ នៅ​កន្លែងកើតហេតុ​។​

​សមត្ថកិច្ច​ជំនាញ បានបញ្ជាក់​ថាៈ មូលហេតុ អ្នកបើកបរ​រថយន្ដ បត់​ស្ដាំ​ខ្វះ ការប្រុងប្រយ័ត្ន ហើយ​អ្នកបើក​ម៉ូតូ បើកបរ ក្នុង​ល្បឿន​លឿន​។​

​ចំណែក​មធ្យោបាយ​ទាំង​២ បាន​ត្រូវ​សមត្ថកិច្ច យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ក្រុង​ស្វាយរៀង ឯ​អ្នករងរបួស បាន​ត្រូវបញ្ជូន ទៅ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង ៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular