ដោយ: ជាសីហៈ/ភ្នំពេញ: ថ្មីៗនេះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះទ័យព្រះរាជទានព្រះរាជអំណោយជាផ្ទះចំនួន ១ខ្នងជូនក្រុមគ្រួសារក្រខ្សត់មួយ នៅខេត្តត្បូងឃ្មុំ។
ប្រភពដែលស្និទនឹងព្រះអង្គ បានឲ្យដឹងថា ក្នុងព្រះរាជហឫទ័យទុក ដាក់ខ្ពស់អំពីសុខទុក្ខក្នុងការរស់នៅរបស់បងប្អូនប្រជានុរាស្ត្រជាកូនចៅ ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមជាផ្ទះចំនួន ១ខ្នង ប្រោសព្រះរាជទានជូនក្រុមគ្រួសារ យ៉ាត អ៊ីប ជាប្រជានុរាស្ត្រមានជីវភាពខ្វះខាត មានទីតាំងស្ថិតនៅភូមិតាអ៊ុយ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ព្រះរាជអំណោយដ៏ថ្លៃថ្លានេះជាផ្ទះទី១៣ នៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលស្ថិតក្នុងគម្រោងសហការរវាង មូលនិធិកុមារកម្ពុជា និងមូលនិធិមុទិតា ដែលមាន សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ជាព្រះស្ថាបនិក៕