ដោយៈ ទេព មង្គល/ សៀមរាបៈ ប្រាសាទស្រះស្រង់ ត្រូវបានសម្ពោធបញ្ចប់ការជួសជុល នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ របស់លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អមដោយលោកស្រី បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល អាជ្ញាធរជាតិអប្សរា រួមនឹងសម្តេចព្រះសង្ឃរាជ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។ នេះបើតាមការផ្សាយរបស់ទំព័រហ្វេសប៊ុកផ្លូវការ របស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២២ កុម្ភៈ នេះ។
អាជ្ញាធរជាតិអប្សរា សូមសម្តែងសេចក្តីអរគុណ យ៉ាងជ្រាវជ្រៅ ចំពោះវិស័យឯកជន ជាពិសេសលោកស្រី ឧកញ៉ា នាងវិសាខា អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ កិតិ្តបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ដែលបានចំណាយថវិកាផ្ទាល់ខ្លួន ឧបត្ថម្ភការជួសជុលនេះ។ ម្យ៉ាងវិញទៀត តាមរយៈនៃការជួសជុល និងរំលេចរូបរាង ជាថ្មីឡើងវិញ ប្រាសាទស្រះស្រង់ បានធ្វើឱ្យទេសភាពវប្បធម៌ នាពេលអតីតកាល បានរស់រានមានជីវិត ជាថ្មីឡើងវិញ និងអាចទាក់ទាញ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យចូលមកទស្សនា ប្រាសាទនេះ៕/V