Home ព័ត៌មានជាតិ សន្តិសុខ ស្នងការរងរាជធ...

ស្នងការរងរាជធានីភ្នំពេញៈ បណ្តុះបណ្តាលស្តីពីកិច្ចការពារកុមារដល់មន្រ្តីអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលគឺមានសារសំខាន់

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរងទទួលផែនការងារសេនាធិការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពីកិច្ចការពារកុមារ ដល់មន្រ្តីអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង១០៥សង្កាត់ ចំនួន ៣៩៩នាក់ គឺមានសារសំខាន់សម្រាប់មន្រ្តីនគរបាលអនុវត្តច្បាប់ ដើម្បីទទួលបានចំណេះដឹងពិតប្រាកដពីរបៀបធ្វើកិច្ចការងារពាក់ព័ន្ធនិងកុមារ។

ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងវគ្គបណ្តុះបណ្តាលពីកិច្ចការពារកុមារ នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ គឹម សុទ្ធី អនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគររដ្ឋបាល និងលោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរងទទួលផែនការងារសេនាធិការតំណាងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម បានបន្តថា កិច្ចការងារការពារកុមារ គឺមានការយកចិត្តទុកដាក់ជាខ្លាំងពីក្រសួងមហាផ្ទៃនិងអគ្គស្នងការដ្ឋាននគរបាលជាតិ។ រាជធានីភ្នំពេញដែលមានការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យនិងមានមនុស្សជាច្រើនបាននឹងប្រកបមុខរបរនិងធ្វើការងារដែលជះឥទ្ធិពលទៅលើបញ្ហាបទល្មើសគ្រប់ប្រភេទ។ ដោយឡែកពាក់ព័ន្ធនិងការងារប្រឆាំងជួញដូរមនុស្សនិងការពារអនីតិជន នៅរាជធានីភ្នំពេញនៅឆ្នាំ២០២០កន្លងទៅនេះរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបង្ហាញឱ្យដឹងថាកម្លាំងនគរបាលរាជធានីភ្នំពេញបង្រ្កាបបទល្មើស២១ករណីឃាត់ខ្លួនជនសង្ស័យ២៣នាក់។

ចំណែកលោកឧត្តមសេនីយ៍ទោ គឹម សុទ្ធី អនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានថ្លែងថា ពិតណាស់ហើយអស់លោកលោកស្រីមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល និងនៅអធិការដ្ឋាននគរបាលខណ្ឌកន្លងមកបានមានបទពិសោធន៍ធ្វើការងារជាមួយនឹងបញ្ហាកុមារបានច្រើនមកហើយ។ ប៉ុន្តែវគ្គបណ្តុះបណ្តាលនេះបានបង្រៀនឱ្យមន្រ្តីនគរបាលអនុវត្តច្បាប់ចេះនូវជំនាញចំណេះថ្មីៗបន្ថែមទៀតក្រៅពីអ្វីដែលពុំទាន់ធ្លាប់ជួបប្រទះ។ ដូច្នេះកិច្ចការងារនេះទាមទារត្រូវពង្រីកចំណេះដឹងឱ្យកាន់ទូលំទូលាយពីព្រោះបញ្ហាទម្រង់លើការប្រព្រឹត្តបទល្មើសទៅលើកុមារមានច្រើនរូបភាពដែលចាំបាច់ត្រូវតែស្វែងយល់ឱ្យបានច្បាស់លាស់ពីបញ្ហានេះ។ បញ្ហាការប្រព្រឹត្តបទល្មើសលើកុមារតាមបទពិសោធន៍ដែលលោកធ្លាប់ជួបប្រទះមានមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលនៅតាមបណ្តាខេត្តខ្លះអនុវត្តមិនទាន់បានត្រឹមត្រូវនៅឡើយនោះទេដោយសារមិនទាន់យល់ច្បាស់។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលស្តីពីកិច្ចការពារកុមារជូនមន្រ្តីអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង១០៥សង្កាត់ នឹងសិក្សារៀនសូត្ររយៈពេល១៥ថ្ងៃ ដែលមានគ្រូបង្គោលមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងនាយកដ្ឋានទទួលកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល។ សិក្ខាកាមរៀនសូត្រនូវមេរៀនដូចជាៈ នីតិវិធីកុមារមេត្រី នីតិវិធីសម្រាប់ធ្វើការងារជាមួយកុមារទំនាស់នឹងច្បាប់ ការអនុវត្តការងារនគរបាលសហគមន៍ឆ្លើយតបកិច្ចការងារកុមារ បញ្ហានិងភាពងាយរងគ្រោះរបស់កុមារ បង្ការទប់ស្កាត់បទល្មើសនិងការរៀបចំរបាយការណ៍និងការចងក្រងឯកសារ៕srn

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular