រដ្ឋបាលខេត្តកំពត រៀបចំអគារចំនួន បីបន្ថែមទៀត ត្រៀមសម្រាប់ធ្វើចត្តាឡីស័ក

ដោយ: បូកគោ / កំពតៈ រដ្ឋបាលខេត្តកំពត បានរៀបចំអគារបីកន្លែងបន្ថែមទៀត ដើម្បីត្រៀមទុក សម្រាប់ធ្វើ ចត្តាឡីស័កប្រជាពលរដ្ឋ ដែលនឹងវិលត្រឡប់ មកពីក្រៅប្រទេស។ នេះជាការអនុវត្តសេចក្តីណែនាំ និងបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងបញ្ហាកូវីដ ១៩។

ក្នុងដំណើរចុះពិនិត្យ ទីតាំងអគារ មួយចំនួន សម្រាប់ធ្វើ ចត្តាឡីស័ក កាលពីព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ លោកជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាស ន៍ថា: ការឆ្លងរាតត្បាតជំងឺកូវីដ១៩ នៅតែជាបញ្ហា សកល ដែលពិភពលោកកំពុងបន្តរួមគ្នា ប្រយុទ្ធប្រឆាំង ជារៀងរាល់ថ្ងៃ។ ដោយឡែកកម្ពុជា ប្រមុខរាជរដ្ឋាភិ បាល តែងតែយកចិត្តទុកដាក់ យ៉ាងខ្លាំងក្នុងការគ្រប់គ្រង ស្ថានការណ៍ មិនឱ្យមានការឆ្លងរីករាលដាលក្នុងសហគមន៍ធ្ងន់ធ្ងរ។ ជាមួយនេះ រដ្ឋបាលខេត្តកំពត បានចូលរួមអនុវត្ត ដោយយកចិត្តទុកដាក់ ខ្ពស់បំផុត លើបញ្ហានោះ។

លោកអភិបាលខេត្ត បានបន្តថា: ជាក់ស្តែង ការជ្រើស រើសទីតាំងថ្មីបន្ថែម សម្រាប់ការធ្វើចត្តាឡីស័ក នៅពេលនេះ ជាការអនុវត្ត តាមអនុសាសន៍ណែនាំ របស់ប្រមុខរាជរដ្ឋាភិបាលដើម្បីធានាដល់ដំណើរការ នៃការធ្វើចត្តា ឡីស័ក ក្នុងករណីដែលមានប្រជាពលរដ្ឋ វិលត្រឡប់ ពីក្រៅប្រទេស ពិសេសពលករ មកពីប្រទេសថៃ ដែលអាចនឹងមានចំនួនច្រើន សម្រាប់ឱកាសបុណ្យឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។

ឆ្លៀតឱកាសនេះដែរ លោក ជាវ តាយ បានក្រើនរំលឹក ថា: មន្ទីរអង្គភាពជំនាញ ក៏ដូចជា អាជ្ញាធរមូលដ្ឋាន ត្រូវរួមសហការក្នុងការរៀបចំ ទីតាំងអគារថ្មីបន្ថែមនេះ ឱ្យបានសមរម្យ គិតទាំងទឹក ភ្លើង និងបន្ទប់សម្រាក ធ្វើយ៉ាងណា គិតគូរលើបញ្ហាអនាម័យ បរិស្ថាន ឱ្យបានល្អជានិច្ច។

សូមបញ្ជាក់ថា កន្លែងថ្មីបន្ថែម សម្រាប់ត្រៀមធ្វើចត្តាឡី ស័ក រួមមាន ១. អគារអតីតមន្ទីរសង្គមកិច្ច មានទីតាំងក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត ។ ២. អគារសហគមន៍អ្នកផលិតអំបិលកំពត-កែប ស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ។ ៣. មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រីខេត្តដែលមានទីតាំងក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ។ ទាំងបីទីតាំង មានបន្ទប់ប្រមាណជិត ៨០ បន្ទប់។ បន្ថែមលើនេះ មន្ទីរពេទ្យបង្អែក ចំនួន ៥ ផ្សេងទៀត មានបន្ទប់ត្រៀមទុកប្រមាណ ១៧០ ទៀត៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular