ដោយៈតារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចឲ្យមានការលើកពេលការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២០និងលើកទិសដៅការងារ ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ និងលើកពេលពិធីសម្ពោធដាក់ឱ្យដំណើរការសណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ (Hyatt Regency Phnom Penh)» ។
នេះបើយោងតាមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នេះបានប្រកាសតាមរយៈសារសំឡេងមួយដោយសម្រេចផ្អាកការរៀបចំសន្និបាតបូកសរុបលទ្ធផលការ ងារឆ្នាំ២០២០ និង លើកទិសដៅការងារ ឆ្នាំ២០២១របស់ក្រសួងមហាផ្ទៃដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី ២៤ -២៥ ខែកុម្ភៈ ឆ្នាំ ២០២១ ដែលពិធីបិទសន្និបាតសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងមហាផ្ទៃនេះគ្រោងនឹងធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ប៉ុន្តែពេលនេះត្រូវបានផ្អាកវិញដោយសារការរីករាលដាលជំងឺកូវីដ១៩។
ដោយឡែកកម្មវិធីសម្ភោធសណ្ឋាគារ«ហៃយ៉ាត់ រីជិនស៊ីភ្នំពេញ»ដែលជាសណ្ឋាគារវិនិយោគរវាងខ្មែរនិងសហរដ្ឋអា មេរិកនៅថ្ងៃទី២៦ខែកុម្ភៈខាងមុខដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គ្រោងអញ្ជើញជាអធិបតីសម្ពោធដាក់ដំណើរការសណ្ឋាគារក៏ត្រូវបានលើកពេលផងដែរ ។ នេះបានបញ្ជាក់របស់តំ ណាងសណ្ឋាគារប្រាប់សារព័ត៌មាននៅទី២៣ កុម្ភៈនេះការសម្រេចផ្អាកកម្មវិធីនេះដើម្បីចូលរួមទប់ស្កាត់ការរីករាល ដាលជំងឺកូវីដ១៩ ។
សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ Hyatt Regency ដែលស្ថិតនៅកណ្តាលរាជធានីភ្នំពេញជាមួយរចនាប័ទ្មសម័ យអាណានិគមនិយមបារាំងស្ថិតនៅលើផ្លូវលេខ ១៧៨ ខាងជើងសាលារចនា ។ សណ្ឋាគារ ហៃយ៉ាត់ សាងសង់ឡើងដោយការច្របាច់បញ្ចូលគ្នានៃស្ថាបត្យកម្មសម័យបុរាណនិងទំនើបលក្ខណៈអន្តរជាតិគួបផ្សំជាមួយវប្បធម៌ខ្មែរធ្វើ ឱ្យអគារដ៏ប្រណីតមួយនេះក្លាយទៅជាមជ្ឈមណ្ឌលដ៏ទំនើបនិងផ្តល់នូវបទពិសោធដ៏អស្ចារ្យផ្តល់ជូននូវអ្វីដែលប្លែកជាមួយនឹងគំនិតថ្មីសម្រាប់ទីផ្សារបច្ចុប្បន្ន។
សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ មានបន្ទប់ចំនួន២៤៧បន្ទប់ ភោជនីយដ្ឋានប្រណីតសាលប្រជុំដ៏ទំនើបបន្ទប់ស្ប៉ា ស្កាយបារ៍ព្រមទាំងសេវាកម្មជាច្រើនទៀត។ Market Café & Lounge ត្រូវបានរចនាឡើងដោយអនុ ញ្ញាតឲ្យពន្លឺព្រះអាទិត្យចាំងចូលមកយ៉ាងគ្រប់គ្រាន់និងមានបម្រើអាហារដ៏ឆ្ងាញ់ពិសា ។ The Attic បារ៍ដែលស្ថិតនៅជាន់ទី២នៃវីឡាសម័យអាណានិគមបារាំងក៏ត្រូវបានរចនាយ៉ាងល្អឯកដោយផ្តល់ជូនបរិយាកាសនៃការច្របាច់បញ្ចូលគ្នានៃស្ថាបត្យកម្មសម័យទំនើបនិងសម័យអាណានិគមបារាំង។ភោជនីយដ្ឋាន FiveFive Rooftop & Bar ដែល ស្ថិតនៅជាន់ទី១៤ អាចមើលឃើញទេសភាពដ៏ត្រកាលនៃទន្លេចតុមុខ ។ Metropole Underground គឺជាបារ៍ដែលស្ថិតនៅជាន់ក្រោមដី។
ក្រៅពីនេះ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក៏មានអាងហែលទឹកកន្លែងហាត់ប្រាណ២៤ម៉ោងនិងស្បាលំដាប់ថ្នាក់ពិភពលោក Jivapita ។ សណ្ឋាគា ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញបានអភិរក្សវីទ្បាសម័យអាណានិគមបារាំងដោយបានកែលម្អឲ្យមានភាពរឹងមាំដោយរក្សាទម្រង់និងរចនាបថដើមទាំងស្រុងដែលនេះគឺជាផ្នែកមួយនៃករក្សាអត្ត សញ្ញា ណក្នុងតំបន់។
សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ មានទីតាំងស្ថិតនៅចំកណ្តាលសង្កាត់ពាណិជ្ជកម្មនិងវប្បធម៌នៃទីក្រុងភ្នំពេញនៅក្បែរសារមន្ទីរជាតិ ព្រះបរមរាជវាំង សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាលវិចិត្រសិល្បៈ វាលព្រះមេរុ ផ្សាររាត្រី វត្តអារាមនិងទន្លេចតុមុខ ដែលផ្តល់ភាពងាយស្រួលដល់ភ្ញៀវជាតិនិងអន្តរជាតិក្នុងដំណើរទស្សនកិច្ចនៅទីក្រុង ភ្នំពេញ ។
កាលពីយប់ថ្ងៃទី ២២ ខែ កុម្ភៈ ប្រមុខរាជរដ្ឋាភិបាលបានថ្លែងសារពិសេសទៅកាន់ជនរួមជាតិពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ខែកុម្ភៈដែលនៅក្នុងសារនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងថាសម្តេចនឹងពិគ្រោះយោបល់ជា មួយនឹងសម្ដេចក្រឡាហោម ស ខេង ក៏ដូចជាពិគ្រោះជាមួយនឹងកម្មវិធីសម្ពោធសណ្ឋាគារនៅទីក្រុងភ្នំពេញដើម្បីនឹងលុបចោលកម្មវិធីនោះឬពន្យាពេលព្រោះថាសភាពការណ៍ស្ថិតនៅក្នុងរង្វង់នៃបញ្ហាដែលត្រូវពិចារណាដើម្បីរៀប ចំសណ្ដាប់ធ្នាប់ឱ្យបានល្អព្រោះចំណុចនេះគឺជាចំណុចងាយ រងគ្រោះដោយសារនេះនៅចំរាជធានីដែលជាបេះដូងរបស់ប្រទេស ៕