ប្រែសម្រួល : កញ្ញាដាលីស ៖ ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោស្ថិតក្នុងចំណោមមនុស្ស ៣នាក់ដែលត្រូវបានសម្លាប់កាលពីថ្ងៃចន្ទទី២២កុម្ភៈនៅពេលក្បួនរថយន្តរបស់អង្គការសហប្រជាជាតិមួយត្រូវបានស្ទាក់វាយប្រហារនៅភាគខាងកើតប្រទេសដែលមានបញ្ហាហិង្សារបស់ប្រទេសនេះ ហើយប្រធានាធិបតីកុងហ្គោបានហៅវាជា “ការវាយប្រហារភេរវកម្ម”និងបន្ទោសទៅលើក្រុមឧទ្ទាមរវ៉ាន់ដាហ៊ូទូ។
យោងតាមប្រភពការទូតជាន់ខ្ពស់នៅរដ្ឋធានីគីនសាសានិងអង្គការ WFP បានឱ្យដឹងថា លោក លូកា អាតតាណាស៊ីអូ បានស្លាប់ដោយសាររបួសបន្ទាប់ពីក្បួនរថយន្តរបស់អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានស្ថិតក្រោមការបាញ់ប្រហារជិតតំបន់ហ្គោម៉ា ខណៈដែលរូបលោកកំពុងធ្វើដំណើរចុះពិនិត្យដល់ទីកន្លែងនូវកម្មវិធីផ្តល់អាហារតាមសាលារៀន។
រដ្ឋាភិបាលអ៊ីតាលីបានបញ្ជាក់អំពីការស្លាប់របស់លោកអាតតាណាស៊ីអូនិងនិយាយថា ប៉ូលិសអ៊ីតាលីម្នាក់ឈ្មោះ វីតតូរីអូ អាយកូវ៉ាក់ស៊ី និងអ្នកបើកបរដែលខ្លួនមិនបញ្ចេញអត្តសញ្ញាណម្នាក់ក៏បានស្លាប់ដែរ។
កងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនិងកងទ័ពកុងហ្គោបានពង្រាយទៅទីជនបទក្នុងតំបន់គីបាំបា កន្លែងដែលការវាយប្រហារបានកើតឡើងដោយនាំគ្នាដើរតាមផ្លូវដីដែលដុះស៊ុបទ្រុបដោយព្រៃរបោះ ខណៈពួកគេត្រៀមយកសាកសពនិងដេញតាមក្រុមអ្នកវាយប្រហារ។
រថយន្តពណ៌សរបស់ WFP មួយគ្រឿងបានបែកកញ្ចក់បង្អួច ហើយអ្នកស្រុកនាំគ្នាចោមរោមមើល ខណៈទាហានធ្វើដំណើរកាត់ព្រៃរបោះ។
អ្នកលក់ដូរម្នាក់នៅតំបន់នោះបាននិយាយថា គាត់ឃើញសាកសពមួយនៅលើដី។
លោក ជូលៀន អាម៉ានី គីហ្សា បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ក្រុមអ្នកវាយប្រហារបាន “រត់គេចខ្លួនជាមួយមនុស្សដែលនៅក្នុងរថយន្តនិងឡានក្រុង”។
ប្រធានាធិបតីអ៊ីតាលីលោក សឺជីអូ ម៉ាតតារែលឡា បានបញ្ជាក់ពីអ្វីដែលលោកហៅថាជា “ការវាយប្រហារដ៏កំសាក”៕
លោក លូកា អាតតាណាស៊ីអូ ត្រូវបានសម្លាប់នៅកុងហ្គោកាលពីថ្ងៃចន្ទក្នុងការវាយឆ្មក់