ដោយៈ យោធិន/ភ្នំពេញៈ ប្រមុខកងយោធាមួកខៀវកម្ពុជា បានដាក់ចេញនូវវិធានការ ដល់កងយោធាមួកខៀវកម្ពុជា ដែលទើបធ្វើមាតុភូមិនិវត្តន៍ មកពីតំបន់បេសកកម្ម អង្គការ សហប្រជាជាតិ (អ.ស.ប ) MINUSCA ពីសាធារណរដ្ឋ អាហ្វ្រិកកណ្តាល មកដល់មាតុ ប្រទេសវិញ ត្រូវបន្តធ្វើចត្តាឡីស័ក ទ្វេដង គឺចំនួន ២៨ ថ្ងៃ។
លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គ នាយក មជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព បានសុំការអត់ធ្មត់ ក៏ដូចជា ដាក់ចេញនូវបទបញ្ជា តម្រូវឲ្យដល់កងយោធាមួកខៀវ ដែលទើបបញ្ចប់ បេសកកម្ម នៅសាធារណរដ្ឋ អាហ្វ្រិក កណ្តាល កាលពីរសៀល ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ នាអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ បានថ្លែងបញ្ជាក់ថាៈ វិធានការក្នុងការបង្កើនពេលវេលា សម្រាប់ការធ្វើចត្តាឡីស័ក ខណៈបច្ចុប្បន្ននេះ មានការកើតឡើង នូវបរិមាណអ្នកឆ្លង មេរោគរាតត្បាត កូវីដ-១៩ ផ្ទុះឡើងនូវ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្នុងក្រុងភ្នំពេញ នាពេលថ្មីៗនេះដែលជា កង្វល់ដល់រាជរដ្ឋាភិបាល បាននិងកំពុងបង្កើនវិធានការ ការពារទប់ស្កាត់។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងបន្តថាៈ ដើម្បីការពារសុខភាព ផ្ទាល់ខ្លួន ក្រុមគ្រួសារ ក៏ដូចជា ប្រជាសហគមន៍ ចាំបាច់កងយោធាមួកខៀវត្រូវស្នាក់នៅធ្វើចត្តា ឡីស័ក រយៈពេល ១៤ ថ្ងៃ នៅសាលាហ្វឹកហ្វឺន កងកម្លាំងរក្សា សន្តិភាពពហុជាតិ ហើយបើក្នុងរយៈពេល ១៤ ថ្ងៃ ត្រូវបានពិនិត្យឃើញថា លទ្ធផលអវិជ្ជមាន មេរោគកូវីដ-១៩ និងទទួលបានការអនុញ្ញាត ពីក្រសួងសុខាភិបាល បញ្ចប់ការធ្វើចត្តាឡីស័ក នៅមណ្ឌល PKO ផងនោះ កងយោធាមួកខៀវ នឹងត្រូវបន្តធ្វើចត្តាឡីស័ក ចំនួន ១៤ ថ្ងៃទៀត នៅតាមលំនៅដ្ឋានរបស់ខ្លួន មុនពេលជួបប្រាស្រ័យ ទាក់ទងជាមួយក្រុមគ្រួសារ។
ជាមួយនឹងការពាំនាំប្រសាសន៍ សាកសួរសុខទុក្ខ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ និងជាប្រធាន គណៈកម្មាធិការជាតិ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានលើកឡើង នូវអនុសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សំដៅទប់ស្កាត់វីរុស កូវីដ-១៩គឺៈ ៣ការពារ ៣កុំ និងវិធានរបស់ ក្រសួងសុខាភិបាល ដោយតម្រូវឲ្យដល់ កងយោធាមួកខៀវកម្ពុជា ទាំងនៅក្នុងប្រទេស និងដែលបាននិងកំពុងបំពេញបេសកកម្ម អ.ស.ប តាមបណ្តាតំបន់បេសកកម្ម នាពេលបច្ចុប្បន្ននេះ អនុវត្តឲ្យបាន ជាប់ជាប្រចាំ។
សូមបញ្ជាក់ថា កងយោធាមួកខៀវកម្ពុជា ក្នុងកងឯកភាពវិស្វកម្មសំណង់ លេខ៤៩៥ បានធ្វើមាតុភូមិនិវត្តន៍ ពីតំបន់បេសកកម្ម MINUSCA នៅសាធារណរដ្ឋ អាហ្វ្រិកកណ្តាល មកដល់កម្ពុជាវិញ ដោយសុវត្ថិភាព តាមជើងយន្តរបស់ អ.ស. ប នាល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីបានបញ្ចប់បេសកកម្មរបស់ អង្គការសហប្រជាជាតិរយៈពេល មួយឆ្នាំ៕/V-PC