ដោយៈ សរិទ្ធ/កណ្តាលៈ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល សម្រេចបិទ ជាបណ្តោះអាសន្ននូវ ភោជនីយដ្ឋាន “ឡូហ្សិក” ដែលពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ , KTV , ក្លិបកម្សាន្ត រួមមាន ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្គាឌិន នៅក្នុងក្រុងតាខ្មៅ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ចូលសហគមន៍។
នេះបើយោងតាមលិខិតមួយច្បាប់ របស់រដ្ឋបាលខេត្តកណ្តាល ជម្រាបមក លោកអភិបាល នៃគណៈអភិបាល ក្រុងតាខ្មៅ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ។
គួររម្លឹកថា ការសម្រេចបិទភោជនីយដ្ឋាន ឡូហ្សិក និង KTV ក្លិបកម្សាន្ត របស់រដ្ឋបាល ខេត្តកណ្តាល នាពេលនេះ គឺធ្វើឡើងបន្ទាប់ពី រកឃើញបុរសម្នាក់ រស់នៅភូមិកំពង់ សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ មានវិជ្ជមានវីរុសកូវីដ-១៩ និងមានភរិយា បំរើការនៅភោជនីយដ្ឋាន ឡូហ្សិក ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល៕/V-PC