ដោយៈ គ្រញូង / បាត់ដំបងៈ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងរួមជាមួយមន្ត្រីក្រោម ឱវាទ កាលពីរសៀល ថ្ងៃទី២១ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ បានចុះពិនិត្យទីតាំងមណ្ឌលចត្តា ឡីស័ក នៅស្រុកកំរៀង ភ្នំព្រឹក និងសំពៅលូន ដោយស្នើបន្ថែម កន្លែងចត្តាឡីស័កឲ្យបាន ច្រើនថែមទៀត ចំពោះមណ្ឌលណា ដែលមានទីធ្លាធំទូលាយ ជៀសវាង ការប្រើប្រាស់ សាលារៀន ដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា។
លោកអភិបាលខេត្ត បានណែនាំអាជ្ញាធរដែនដី និងកម្លាំងសមត្ថកិច្ចចម្រុះ ដែលកំពុង ឈរជើង តាមខ្សែ បន្ទាត់ព្រំដែន ត្រូវបន្តការទប់ស្កាត់ ការលួចឆ្លងដែនខុសច្បាប់ របស់ពលករ ចូលពីប្រទេសថៃ មកស្រុកកំណើត ដោយគេចវេះ ពីការធ្វើចត្តាឡឺស័ក។
ក្នុងឱកាសចុះពិនិត្យមើល ស្ថានភាពនេះ លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានផ្តល់ប៊ីដុង ទឹកចំណុះ ២០ លីត្រ ចំនួន ៣០០ និងធុងជ័រយួរទឹក ៣០០ ធុង ប្រគល់ ជូនដល់កងកម្លាំងចម្រុះ ការពារព្រំដែន និងមណ្ឌល ចត្តាឡីស័ក តាមរយៈលោក ងួន រតនៈ អភិបាលខេត្ត សម្រាប់ឱ្យកងកម្លាំងប្រើប្រាស់ តាមតម្រូវការចាំបាច់។
របាយការណ៍ របស់សមត្ថកិច្ចចម្រុះ បង្ហាញថា គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ មានពលករ មកពីថៃ ចូលតាមច្រកព្រំដែន ខេត្តបាត់ដំបង មានចំនួនប្រមាណ ៨.៤៥៣ នាក់។ ក្នុងនោះ អ្នកដែលបានបញ្ចប់ចត្តាឡី ស័ករួច ប្រមាណ ៤.៣២៥ នាក់ នៅសល់ក្នុង មណ្ឌល ប្រមាណ ៣.៥២១ នាក់។
លោកអភិបាល ខេត្តបាត់ដំបង បានសំណេះ សំណាល ជាមួយពលករ និងផ្សព្វផ្សាយ អំពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ” ៣ការពារ ៣កុំ ក្នុងវិធានការ ការពារជំងឺ កូវីដ១៩ នៅតាម មណ្ឌលចត្តាឡីស័ក នៅស្រុកចំនួន ៣ ជាប់ព្រំដែនកម្ពុជា ថៃ ដើម្បីឱ្យពលករសូត្រ និងអនុវត្តវិធានការនេះ ជាប្រចាំ ដើម្បីជាយ័ន្ត សម្រាប់ការពារខ្លួន ពីជំងឺកូវីដ១៩ ៕/V-PC