ដោយ: មុនីរ័ត្ន/ភ្នំពេញៈ គណៈកម្មាធិការនាយកគណបក្សហ្វ៊ុនស៊ិនប៉ិចបានឲ្យដឹងថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ជាព្រះប្រធានគណៈកម្មាធិការនាយក ស្ថិតក្នុងករណីប្រធានស័ក្តិ ដូចមានចែងក្នុងប្រការ២៤ វាក្យខណ្ឌបី នៃលក្ខន្តិកៈគណបក្សហ្វ៊ុនស៊ិនប៉ិច ឬបាត់បង់សមត្ថភាពដឹកនាំគណបក្ស ឬមិនអាចបំពេញភារកិច្ចជូនគណបក្សបានដោយប្រការផ្សេងៗ… ដូចមានចែងក្នុងប្រការ៥ ចំណុច៥.៣ នៃបទបញ្ជាផ្ទៃក្នុង។
បញ្ហាសម្តេចក្រុមព្រះព្រះអវត្តមានរយៈពេលយូរពីគណបក្សហ្វ៊ុនស៊ិនប៉ិចបានធ្វើឲ្យមន្ត្រីមួយចំនួនក្នុងគណបក្សឆ្លៀតឱកាសរុះរើរចនាសម្ព័ន្ធដឹកនាំគណបក្សដោយរំលោភលើនីតិវិធីរដ្ឋបាល លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងដោយប្រើព្រះហស្តលេខាផ្តិតចម្លងឬត្រា ព្រះហស្តលេខារបស់ សម្តេចក្រុមព្រះ ក្នុងខណៈដែលព្រះអង្គគង់ព្យាបាលព្រះសុខភាពនៅបរទេស ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ឥស្សរជន និងមន្ត្រីជាន់ខ្ពស់របស់គណបក្ស បង្កើតភាពអនាធិបតេយ្យ បាត់បង់សណ្តាប់ធ្នាប់ បង្កការបែកបាក់សាមគ្គីផ្ទៃក្នុងគណបក្ស។
ផ្អែកតាមមូលហេតុខាងលើនេះ សមាជិកគណៈកម្មាធិការនាយកនៃគណបក្សហ្វ៊ុនស៊ិនប៉ិច បានឯកភាពគ្នាប្រជុំវិសាមញ្ញលើកទី២ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ស្របតាមប្រការ១ ចំណុច១.៣ នៃបទបញ្ជាផ្ទៃក្នុង បន្ទាប់ពីការប្រជុំកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ មិនអាចប្រព្រឹត្តទៅបាន ដោយផ្ទុយពីប្រការ៣៥ វាក្យខណ្ឌពីរ នៃលក្ខន្តិកៈគណបក្ស។ កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការ នាយក ធ្វើឡើងក្នុងគោលបំណងពិនិត្យកិច្ចការទូទៅរបស់គណបក្ស និងដោះស្រាយបញ្ហាផ្ទៃក្នុងមួយចំនួនស្របតាមស្មារតីលិខិត លេខ១៥២៥ សជណ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ និងលិខិតលេខ៣២៤១ សជណ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ។
អង្គប្រជុំវិសាមញ្ញគណៈកម្មាធិការនាយកសម្រេច
ទី១ – ប្រកាសសមាសភាពគណៈកម្មាធិការនាយកដែលនៅមានសុពលភាពចំនួន ១៤រូប។
ទី២ – ជ្រើសរើសលោក ញ៉េប ប៊ុនជិន ជាតំណាងគណៈកម្មាធិការនាយក ដើម្បីដឹកនាំអង្គប្រជុំគណៈកម្មាធិការនាយក និងប្រគល់ភារកិច្ចចុះហត្ថលេខាលើឯកសារផ្សេងៗ។
ទី៣ – ទុកជាមោឃៈសេចក្តីសម្រេចមួយចំនួន ដែលបានធ្វើឡើងដោយរំលោភនីតិវិធីរដ្ឋបាល និងលក្ខន្តិកៈ និងកែសម្រួល អនុម័តបទបញ្ជាផ្ទៃក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលមាន ១២ ជំពូក និង ២៣ ប្រការ។
ទី៤-ប្រកាសសុពលភាពសមាជិកគណៈកម្មាធិការនាយកចំនួន១៣រូបដែលត្រូវដាក់ជំនួសសមាសភាពសមាជិកគណៈកម្មា ធិការនាយកដែលបាត់បង់សមាជិកភាព។
ទី៥ – អនុញ្ញាតឲ្យប្រើប្រាស់ត្រាមូលថ្មីរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច លើឯកសារផ្លូវការនានា ដោយចាត់ទុកត្រាមូលចាស់ជាមោឃៈ ស្របតាមលិខិតលេខ០២១១/១៨ហសបចុះថ្ងៃទី០៥ខែសីហាឆ្នាំ២០១៨ស្តីពីការជូនដំណឹងអំពីគំរូត្រាមូលថ្មីជូនក្រសួងមហាផ្ទៃជ្រាបជាព័ត៌មាន កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨។
ទី៦ – ប្រគល់ការងារជូន គណៈកម្មការដោះស្រាយកិច្ចការទូទៅរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច “គ.ក.ទ” ឲ្យបន្តបំពេញភារកិច្ចដូចមានចែងក្នុងសេចក្តីសម្រេចលេខ០១០៥/១៨ ហសប ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ និងពិនិត្យលទ្ធភាពពង្រីកបន្ថែមនូវសមាសភាពគណៈកម្មការនេះ។
ទី៧ – អនុវត្តតាមស្មារតីលិខិតលេខ១៥២៥ សជណ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ និងលិខិតលេខ៣២៤១ សជណ ចុះថ្ងៃទី១៩ ខែធ្នូឆ្នាំ២០១៩និងរៀបចំសណ្តាប់ធ្នាប់វិន័យផ្ទៃក្នុងគណបក្សឡើងវិញដើម្បីត្រៀមខ្លួនចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០២៣៕សរន