ដោយៈ សរិទ្ធ / ភ្នំពេញៈ បុរសម្នាក់ជាបុគ្គលិក ធនាគារអេប៊ីអេ ( ABA ) បានជិះម៉ូតូ ទៅបុករថយន្តមួយគ្រឿង ពេញទំហឹង បណ្តាលឲ្យស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ កាលពីវេលាម៉ោង ៩ និង២០នាទី យប់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅតាមបណ្ដោយ ផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពឈ្មោះ ចាន់ ប៊ុនណា អាយុ ៤០ ឆ្នាំ មុខរបរ បុគ្គលិក ធនាគារ ABA ស្នាក់នៅ បុរីពិភពថ្មី កំបូល ។
ប្រភពព័ត៌មានពី ប្រជាពលរដ្ឋ ដែលនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងគេឃើញ រថយន្តម៉ាក Toyota Prius ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH-7044 បានបើកឆ្លង កាត់ទទឹងផ្លូវជាតិលេខ២ បម្រុងទៅទិសខាងជើង ខណៈបានពាក់កណ្ដាលផ្លូវ ក៏មានបុរស ម្នាក់ ជិះម៉ូតូម៉ាក ហុងដា ស្កុបពី ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1HI -2612 ធ្វើដំណើរតាមបណ្ដោយ ផ្លូវជាតិលេខ២ ទិសដៅពីខាងត្បូង មកខាងជើង ក្នុងល្បឿនលឿន ហើយបានជ្រុល បុករថយន្ត Toyota Prius ចំពីចំហៀង ពេញទំហឹង បណ្ដាលឲ្យម៉ូតូបាក់ ក រួញចូលគ្នា ។ ឯរថយន្តរងការខូចខាត ។ ចំណែកឯជនរងគ្រោះ ជាម្ចាស់ម៉ូតូ បានដួល បោកក្បាលនឹងថ្នល់ រងរបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយ របស់មន្ទីពេទ្យឯកជន សួគ៌ា ដឹកយកសង្គ្រោះភ្លាមៗ ក៏ប៉ុន្តែ ជនរងគ្រោះ របួសធ្ងន់ពេក ក៏បានដាច់ខ្យល់ស្លាប់ ក្នុងមន្ទីពេទ្យឯកជន សួគ៌ា តែម្ដង ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ច ជំនាញចរាចរណ៍ ខណ្ឌមានជ័យ ចុះមកវាស់វែង យករថយន្ត និងម៉ូតូ ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នា ទៅតាមច្បាប់ ។ ចំណែកសព ត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុ ប្រគល់ឲ្យសាច់ញាតិ ក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យ តាមប្រពៃណី ៕/V-PC